បាត់ដំបងៈ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ​បាន​ឃាត់​ និង​ដកហូត ​ម៉ូតូ​​ចំនួន​​ ១៦ គ្រឿង​ ដែល​មាន​ការកែច្នៃ​ខុស​លក្ខណៈ​បច្ចេក​ទេស​ដោយ​បាន​បង្ក​ការ​រំខាន​ដល់​ពលរដ្ឋ​ក្នុង​ខេត្ត​នេះ ​ស្របពេល​អាជ្ញាធរ​ព្រមាន​ចុះ​ប្រតិ​បត្តិការ​ក្តៅ​បង្ក្រាប​ទៅលើ​ក្រុមជិះ​ម៉ូតូ​ប្រភេទ​នេះ​ដើម្បី​ដកហូត ​និង​ឃាត់ទុក​បន្ត​ទៀត។

បើតាម​លោក ជេត វណ្ណនី​ ស្នងការរង​ទទួលផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​ពី​ម្សិល​មិញ​ថា ការបង្ក្រាប​ទប់ស្កាត់​រា​ល់​បទល្មើស​ដែល​កើតមាន​នៅក្នុង​មូលដ្ឋាន នៅ​ដើមខែ​មេសា​​នេះ គឺ​បាន​ដកហូត​ម៉ូតូ ១៦ គ្រឿង ដើម្បី​យកមក​រក្សាទុក​បណ្តោះ​អាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង។

លោក​បន្តថាសកម្មភាព​ល្មើស​​ទាំងនេះ ​មានដូចជា ​ជិះ​ម៉ូតូ​បំពាក់​បំពង់​ស៊ី​ម៉ាំង​បំពង​សំឡេង​​ឮ​ខ្លាំង បង្ហោះ​ម៉ូតូ និង​ជិះ​ម៉ូតូ​ជ្រែ​ជាដើម ខណៈ​ក្រុមយុវជន​អាយុ​ចន្លោះ​ពី ១៧ ឆ្នាំ​ ទៅ​ជាង ២០ ឆ្នាំ ​ចំនួន ១៦ នាក់​ ដែល​បាន​ជិះ​ម៉ូតូ​ទាំងនេះ​ ក៏​ត្រូវបាន​អាជ្ញាធរ​អប់រំ​ណែនាំ ​និង​ឲ្យ​ធ្វើ​កិច្ចសន្យា ​មុន​ឲ្យ​ពួកគេ​ត្រឡ​ប់ទៅ​ផ្ទះ​វិញ ​ហើយ​​ចូលខ្លួន​យក​គ្រឿង​បន្លាស់​មក​ដោះដូរ​ម៉ូតូ​តម្រូវ​ទៅតាម​លក្ខណៈ​បច្ចេកទេស​ដើម។

លោក​បញ្ជាក់ថា​៖ «ក្មេង​ទាំង​​នោះ ​យើង​បាន​អប់រំ​ភ្លាមៗ​ រួច​យក​ម៉ូតូ​មក​ទុក ​ដោយ​យើង​មិនបាន​ឃាត់ខ្លួន​ពួកគាត់​ទេ​ ព្រោះ​ក្នុង​ ១ ថ្ងៃ ​យើង​បាន​ឃាត់​ម៉ូតូពី ៣ ​ទៅ ៤​ គ្រឿង ដែល​ពួកគាត់ ​បាន​នាំ​អាណាព្យាបាល ​និង​យក​នូវ​គ្រឿង​បន្លាស់មក​ដូរ​ ដើម្បី​យក​ម៉ូតូ​របស់​គាត់​ត្រឡប់​ទៅវិញ​ជា​បណ្តើរៗ​ហើយ»។

លោក វណ្ណ​នី ​សង្កត់​ធ្ងន់​ថា ​សកម្មភាព​ល្មើស​ទាំងនេះ​ គឺ​ត្រូវតែ​បង្ក្រាប ​ព្រោះ​វា​សុទ្ធ​សឹង​តែ​អាច​បង្ក​គ្រោះថ្នាក់​ និង​បង្ក​ការរំខាន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់ដើម្បី​ចៀសវាង​កុំឲ្យ​កើតមាន​បញ្ហា​អនាធិប​តេយ្យ​បន្ត​ទៀត។

លោក​បញ្ជាក់ថា​៖ «នេះ​ជាការបង្ការ ​រាល់​បទល្មើស​ដែល​បាន​បង្កឡើង​ជាយថា​ហេតុ ដូច្នេះ​ការ​បំពង​សំឡេង​អីហ្នឹង ​គឺជា​ការរំខាន​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាធារណជន​មួយ​ចំនួន។ ជួ​នកាល​ពេលដែល​គាត់ ​រោទ៍បំពង់​ស៊ី​ម៉ាំង​ខុស​ប្រក្រតី ​ពេល​គាត់​បើកបរ ​នឹង​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដ​ទៃ។ ចំណែក​មួយទៀត​ ក្មេង​ទាំងនេះ​ អាចជា​ក្មេង​អនា​ធិបតេយ្យ​ផងដែរ»។

ក្រោយ​ចុះ​ប​ង្ក្រា​បជា​បន្តបន្ទាប់​បទល្មើស​ទាំង​នេះ​ គឺ​ពុំមាន​ការកើតមាន​ទៀត​ទេ ​ប៉ុន្តែ​អាជ្ញាធរ ​នៅ​បន្ត​ចុះ​ប្រតិបត្តិការ​ជាប្រចាំ ​ហើយ​កាន់តែ​រឹតបន្តឹង​បន្តទៀត​ ចាប់ពី​ពេលនេះ​ រហូតដល់​ឱកាស​ចូលឆ្នាំ​មក​ដល់។ នេះ​បើតាម​ការអះអាង​របស់​លោក​អ៊ុច សុខុន ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង។

លោក​បញ្ជាក់យ៉ាងខ្លី​ថា​៖ «យើង​ធ្វើ​តែ​រហូត ​ហើយ​នៅ​ធ្វើ​បន្ត​ទៀត»។

លោក យិន ម៉េង​លី​ អ្នកសម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ​ប្រចាំខេត្ត​បាត់​ដំបង ​បាន​និយាយ​ថា​ ការអនុវត្ត​បែបនេះ​ គឺជា​រឿង​ប្រសើរ ​ដែល​អាជ្ញាធរ​ចុះបង្ក្រាប ​និង​អនុវត្ត​ច្បាប់​ច​រា​ចរណ៍​ ដើម្បី​ការពារ​សុខ​សុវត្ថិភាព​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់។

លោក​បញ្ជាក់ថា ​ច្បាស់​ណាស់បើ​មិនមាន​ការទប់ស្កាត់​ទេ ​ក្រុមក្មេងៗ​ទាំងនេះ​នឹង​បង្ក​ភាព​អនាធិបតេយ្យ ​និង​អសន្តិសុខ​នៅក្នុង​ក្រុង​បាត់ដំបង​ច្បាស់​ជាមិនខាន​ ព្រោះ​ពួកគេ​មាន​ចរិត​កោង​កាច។

លោក​បញ្ជាក់ថា​៖ «ពួក​ម៉ូតូ​ប្រភេទ​ហ្នឹង​ឲ្យ​តែ​ជិះ​ម្តងៗ ​គឺ​លាន់ឮ​ទ្រហឹង​ពេញ​ក្រុង​បាត់ដំបង​តែម្តង ​ដូច្នេះហើយ​អាជ្ញាធរគួរតែ​ចូលរួម​អនុវត្ត​ច្បាប់​នេះ ​ហើយ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ ​បើ​ខុស​ផាកពិន័យ ​ឬក៏​អប់រំ​ណែនាំ​យ៉ាង​ម៉េច ​ចៀស​វាង​​ការយក​ច្បាប់​ យក​តួនាទីធ្វើ​អ្វី​ផ្សេង ​ដូចជា​យកលុយ​ពី​ក្រុម​ម៉ូតូ​ទាំងនោះ​ដែលជា​ហេតុ​បើក​ឱកាស​​ឲ្យ​ពួកគេ​នៅតែ​ប្រព្រឹត្ត​សកម្ម​ភាព​អនាធិបតេយ្យ​បែប​នេះ​បន្តទៀត​ ព្រោះថា ​មួយរយៈ​ចុង ក្រោយ​នេះ​ ហាក់​ស្ងប់ស្ងាត់​ហើយ»។

លោកបានបន្តថា ​វា​ជា​រឿង​ដែល​ត្រឹមត្រូវ ​ដែល​អាជ្ញាធរគួរតែ​ចុះ​អនុវត្ត​សកម្មភាព​បែបនេះឲ្យ​បាន​ទៀងទាត់ ​ខណៈ​លោក​មើល​ឃើញថា ​សកម្មភាព​ល្មើស​ទាំងនេះ​ មានការ​ថយចុះ​ជា​លំដាប់នៅ​ពេល​អាជ្ញាធរ​រឹត​បន្តឹង៕