ព្រះសីហនុៈ អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​កៀប​ជាប់​ក្នុង​កាបិន​រថយន្ត ខណៈ​ដែល​អ្នកបើក​ម៉ូតូ​ម្នាក់ទៀត​ក៏​ត្រូវ​ស្លាប់​ដែរ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បើក​បុក​រថយន្ត​កាលពី​វេលា​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី​ ៥ ខែមករា​ស្ថិត​នៅ​ភូមិ​ស្មាច់ដែង ឃុំ​រាម ស្រុក​ព្រៃនប់​។

លោក​ សួន គឹមសុង អធិការរង​ទទួល​ផ្នែក​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា ជនរងគ្រោះ​ដែល​ស្លាប់​ជា​ម្ចាស់​ម៉ូតូ​ស្កុប​ពី​ឈ្មោះ​ អឹប សេថន ភេទ​ប្រុស អាយុ ២២ ​ឆ្នាំ​មាន​លំនៅ​ភូមិ​បត់គគីរ ឃុំ​អូរឧកញ៉ាហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ចំណែកឯ​ជនរងគ្រោះ​ជា​តៃកុង​រថយន្ត​កុងតឺន័រ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​នៅឡើយ​។ លោក​ថ្លែងថា​៖ «​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មកពី​ខាង​ម៉ូតូ​បើក​វ៉ា​ជែង​រថយន្ត​ក្នុង​ល្បឿន​លឿន​»​។

លោក រំឭក​ប្រាប់​តាម​សម្តី​សាក្សី​នៅ​កន្លែង​កើតហេតុ​ថា មុន​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​ស្កុប​ពី ១ ​គ្រឿង​បើកបរ​ដោយ​ជនរងគ្រោះ​ខាងលើ​ក្នុង​ល្បឿន​លឿន​ពី​ទិស​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​។ រីឯ​រថយន្ត​កុងតឺន័រ​បើកបរ​ពី​ទិស​ខេត្ត​ព្រះសីហនុ​ទៅ​រាជធានី​ភ្នំពេញ​។

លុះដល់​ចំណុច​កើតហេតុ​ក្នុង​ភូមិ-ឃុំ​ខាងលើ​ស្រាប់តែ​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​បាន​បន្ថែម​ល្បឿន​វ៉ា​ជែង​នឹង​រថយន្ត​តែ​វ៉ា​មិន​ផុត​ក៏​ជ្រុល​បុក​ចូល​ក្រោម​ក្បាល​រថយន្ត​ពេញទំហឹង​ត្រូវ​រថយន្ត​កិន​ស្លាប់​ភ្លាមៗ​តែម្តង​។

ចំណែក​អ្នកបើករថយន្ត​វិញ​ពេល​ឃើញ​ម៉ូតូ​បើក​បុក​ដូច្នេះ​ក៏​ខំ​គេច​តែ​ក៏​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ទៅ​បុក​ដើម​អាកាស្យា​ផ្ទុះ​ឆាបឆេះ​ជា​អណ្តាតភ្លើង​តែម្តង​។ លោក​បាន​បន្ថែម​ថា​៖ «​ខាង​សមត្ថកិច្ច​បាន​ចុះទៅ​វាស់វែង​ឃើញ​ថា ភាគី​ម៉ូតូ​ខុស ហើយ​គាត់​បើក​លឿន​វ៉ា​ជែង​គេ​ទៀត​»​។

លោក សួន គឹមសុង បាន​បញ្ជាក់ថា សមត្ថកិច្ច​របស់លោក​បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ ១ ​គ្រឿង​ទៅ​ជួយ​អន្តរាគមន៍​តែដោយសារ​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ទម្រាំ​តែ​ទៅ​ដល់​គឺ​នៅ​ផ្នែក​ក្បាល​រថយន្ត​កុងតឺន័រ​នោះ​ឆេះ​ស្ទើរ​អស់​ទៅហើយ​។

លោក​បាន​ប្រាប់ថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​បានប្រគល់​សាកសព​ភាគី​ម៉ូតូ​ទៅ​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ ចំណែកឯ​សាកសព​ជនរងគ្រោះ​ដែលជា​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ត្រូវ​យក​ទៅ​តម្កល់ទុក​នៅ​វត្ត​ក្នុងភូមិ​កើតហេតុ​នោះ ដើម្បី​ស្វែងរក​សាច់ញាតិ​។ ចំពោះ​រថយន្ត​កុងតឺន័រ និង​ម៉ូតូ​សមត្ថកិច្ច​បាន​នាំយក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ដើម្បី​រង់ចាំ​ការដោះស្រាយ​ជា​ក្រោយ​៕