កោះកុងៈ អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា អ្នកស្រី លាង ហ៊ីម បាន​ចាប់ផ្ដើម​ប្រើ​គ្រឿងចក្រ​កាយ​ដី​ដែល​គាត់​បាន​ចាក់​រំលោភ​លើ​​ដី​ចំណី​ព្រែក និង​គ្រប​លើ​ព្រៃកោងកាង​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ពាមក្រសោប ស្រុក​មណ្ឌលសីមា​វិញ​ហើយ បន្ទាប់ពី​ទទួលបាន​លិខិត​ពិន័យ​ផ្នែក​រដ្ឋបាល​ពី​រដ្ឋបាលខេត្ត​កោះកុង​។

អ្នកស្រី គឹម សុភេម មេឃុំ​ទួលគគីរ ស្រុក​មណ្ឌលសីមា បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា កាលពី​ថ្ងៃទី​ ១៩ ខែមីនា រដ្ឋបាល​ខេត្តកោះកុង​បានចេញ​លិខិត​ ១ ​ច្បាប់​ដោយ​តម្រូវឱ្យ​អ្នកស្រី លាង ហ៊ីម កាយ​អាចម៍​ដី​ចេញពី​មាត់​ព្រែក​ឱ្យអស់​ក្នុង​រយៈពេល​ ១ ​សប្ដាហ៍​ចាប់​ពី​ថ្ងៃ​ជូនដំណឹង​នោះ​។ ​ជាមួយ​នេះ​ក៏​​បាន​តម្រូវ​ឱ្យដាំ​ដើម​កោងកាង​ស្ដារឡើងវិញ​លើ​ផ្ទៃដី​ទំហំ​ ៣ ៣០២ ​ម៉ែត្រការ៉េ ដែល​គាត់​បាន​ចាក់​អាចម៍ដី​រំលោភ​ពីលើ​កាលពីពេល​ថ្មីៗ​នេះ​ផងដែរ​។

អ្នកស្រី សុភេម បានបញ្ជាក់​​ថា​៖ «​ពេលនេះ អ្នកស្រី លាងហ៊ីម បានឱ្យ​ក្រុមការងារ​របស់គាត់ ជីក​កាយ​អាចម៍ដី​នោះ​ចេញ​វិញ​ហើយ ដោយ​ប្រើ​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​ចំនួន​ ១ ​គ្រឿង និង​​រថយន្ត​ដឹក​ដី​ចំនួន​ ៣ ​គ្រឿង​»​។

បើតាម អ្នកស្រី សុភេម អ្នកស្រី លាង ហ៊ីម បាន​ទិញ​ដី​ពី​ពលរដ្ឋ​ក្នុងភូមិ​ទួលគគីរ​ក្រោម​សរុប​ ១២ ​ហិកតា ប៉ុន្តែ​ដោយសារ​គាត់​មិនបាន​បោះបង្គោល​កំណត់​ព្រំប្រទល់​ទីតាំង​ដី​ឱ្យបាន​ច្បាស់លាស់ ទើប​ឱ្យ​គេ​ចាក់​​ដី​លយ​ចូល​លើដី​ចំណី​ព្រែក និង​ដី​ព្រៃកោងកាង​នៃ​តំបន់​ដែនជម្រក​សត្វព្រៃ​ពាមក្រសោប​នោះ​។

យ៉ាងណា​ក៏ដោយ​ពលរដ្ឋ​បាន​លើកឡើង​ថា ចំណាត់ការ​របស់​ខេត្តកោះកុង​ហាក់​នៅ​ស្រាល ខណៈ​ជន​ប្រព្រឹត្ត​បទល្មើស​ម្ដង​ហើយ​ម្ដងទៀត បាន​លួច​ធ្វើ​សកម្មភាព​ចាក់ដី​លុប​ចំណី​ព្រែក និង​ឆ្ការ​ព្រៃកោងកាង​​ព្រមទាំង​ជីវចម្រុះ​ផ្សេងទៀត​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ដើម្បី​យក​ដី​សាធារណៈ​របស់​រដ្ឋ​មក​ធ្វើជា​កម្មសិទ្ធិ​ឯកជន​។

លោក ពេជ្រ ខៀវ អាយុ​ ៥៦ ​ឆ្នាំ​ មាន​លំនៅ​ក្នុងភូមិ​ទួល​គគីរ​ក្រោម ឃុំ​ទួលគគីរ​ស្រុក​មណ្ឌលសីមា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កន្លងមក​មាន​ពលរដ្ឋ​ក្រីក្រ​មួយចំនួន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ និង​កសាង​សំណុំរឿង​បញ្ជូន​​ទៅ​តុលាការ ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ដោយសារ​ពួកគាត់​ចូល​កាប់​ដើម​កោងកាង​ធ្វើ​ធ្យូង​​លក់​ដោះស្រាយ​ជីវភាព​។

លោក​ថា​៖ «​ខ្ញុំ​យល់ថា ករណី​អ្នកស្រី លាង ហ៊ីម គួរតែ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង​ឡើង​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ព្រោះ​គាត់​បាន​ចាក់ដី​លុប និង​កាប់​ទន្ទ្រាន​ដី​ព្រៃកោងកាង​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ពាម​ក្រសោប ខុសច្បាប់​ក្នុង​ចេតនា​យក​ធ្វើជា​កម្មសិទ្ធិឯកជន​ផ្ទាល់ខ្លួន​»​។

អ្នកស្រី លាង ហ៊ីម មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​បានទេ កាលពី​ម្សិលមិញ​។ ​យ៉ាងណាក្ដី អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្តកោះកុង​លោក សុខ សុទ្ធី បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា អ្នកស្រី លាង ហ៊ីម បាន​បំភ្លឺ​ប្រាប់​អាជ្ញាធរ ស្រុក​មណ្ឌលសីមា​ថា គាត់​គ្មាន​ចេតនា​ចាក់ដី​រំលោភ​យក​ដី​ព្រៃកោងកាង​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​​ពាមក្រសោប​នោះទេ​។ គាត់​បាន​យល់ព្រម​កាយ​អាចម៍ដី​ទាំងនោះ​ចេញ និង​ដាំ​ដើម​កោងកាង​ស្ដារឡើងវិញ​ទៅតាម​ការណែនាំ​របស់​រដ្ឋបាល​ខេត្ត និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​។

លោក​ថ្លែងថា​៖ «​ពេលនេះ គាត់​បាន​ចាប់ផ្ដើម​កាយ​អាចម៍​ដី​ចេញ​ហើយ​។ នៅ​ជំហាន​បន្ទាប់ គឺ​គាត់​ត្រូវ​ដាំ​កូន​កោងកាង​ស្ដារឡើងវិញ​នៅលើ​ផ្ទៃដី​ ៣ ៣០២ ​ម៉ែត្រការ៉េ ដែល​រងការ​បំផ្លាញ​ដោយសារ​គាត់​ចាក់ដី​លុប​»​។ ​លោក​បាន​បន្ថែមថា ចំណែក​វិធានការ​ច្បាប់​ផ្សេងទៀត​គឺជា​តួនាទី​របស់​ព្រះរាជអាជ្ញា​ដែល​ត្រូវ​ស្រាវជ្រាវ និង​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​ «​ប៉ុន្តែ​ចំណាត់ការ​បែបណា​នោះ ខ្ញុំ​មិនដឹង​ទេ​»​។

កាលពី​ម្សិលមិញ​លោក ហ៊ុន ម៉ារ៉ាឌី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា ក្រុមការងារ​របស់លោក​នឹង​ចុះ​ត្រួតពិនិត្យ​ណែនាំ​ពី​លក្ខណៈ​បច្ចេកទេស​ដាំ​ដើម​កោងកាង​ដល់​អ្នកស្រី លាងហ៊ីម ក្រោយពេល​គាត់​កាយ​អាចម៍ដី​ចេញពី​តំបន់​នោះ​រួច​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅក្រោយ​ពី​ការដាំ​ស្ដារឡើងវិញ​នេះ​គឺ​គាត់​ត្រូវមាន​កាតព្វកិច្ច​មើលថែទាំ​វា​រហូត​ដល់​ធំ ក្លាយជា​ព្រៃកោងកាង ទើប​គាត់​អាច​ផុត​ការកាតព្វកិច្ច​នៃ​ការទទួល​ខុសត្រូវ ព្រោះ​គាត់​បាន​ធ្វើឱ្យ​វា​ខាតបង់​»៕