The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ម្ចាស់​ក្រុមហ៊ុន ​ត្រូវ​ចាប់​ខ្លួន​រឿង​អាជីវកម្ម​កាយ​ដីភ្នំ

ម្ចាស់​ក្រុមហ៊ុន ​ត្រូវ​ចាប់​ខ្លួន​រឿង​អាជីវកម្ម​កាយ​ដីភ្នំ

Content image - Phnom Penh Post
គ្រឿងចក្រ​កាយ​ដីភ្នំ និង​រថយន្ត​ដែល​ធ្លាក់​ចំណោត​ពី​សប្តាហ៍​មុន​។ រូបថត នគរបាលជាតិ

ម្ចាស់​ក្រុមហ៊ុន ​ត្រូវ​ចាប់​ខ្លួន​រឿង​អាជីវកម្ម​កាយ​ដីភ្នំ

បន្ទាយមានជ័យៈ ម្ចាស់​អាជីវកម្ម​កាយ​ដីភ្នំ​លៀប និង បក្ខពួក​របស់​ខ្លួន​ម្នាក់​ទៀត​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ចាប់​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ពី​ម្សិលមិញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី បន្ទាប់ពី​រកឃើញ​ថា ពួកគេ​ធ្វើ​អាជីវកម្ម​កាយ​ដីភ្នំ​មិន​មាន​ច្បាប់​អនុញ្ញាត និង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ស្លាប់​កម្មករ​បើកបរ​រថយន្ត​ដឹក​ដី​ម្នាក់​កាលពី​ដើម​សប្ដាហ៍​នេះ​។

លោក ស៊ិន រ៉ាស៊ី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​លោក សឿម សំបូរ ម្ចាស់​អាជីវកម្ម​កាយ​ដី​ភ្នំ​លក់ និង​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ​ ស៊ឹម រិទ្ធី អ្នក​បើកបរ​គ្រឿងចក្រ​អេស្កាវ៉ាទ័រ ត្រូវ​បាន​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​ ៦ ខែ​វិច្ឆិកា បន្ទាប់ពី​ក្រុម​គណៈកម្មការ​ចម្រុះ​នៃ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​រកឃើញ​ថា​ការធ្វើ​អាជីវកម្ម​កាយ​ដីភ្នំ​របស់​ពួកគាត់​នៅ​ក្នុង​តំបន់ភ្នំ​លៀប​ស្ថិត​ក្នុង​ភូមិ​ទ្រយោង ឃុំ​ភ្នំលៀប ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​មិន​មាន​ច្បាប់​អនុញ្ញាត​។

លោក រ៉ាស៊ី ឲ្យ​ដឹង​ទៀត​ថា​ការចុះ​ត្រួតពិនិត្យ​របស់​ក្រុម​គណៈកម្មការ​ជំនាញ បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​សេចក្ដី​រាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​អំពី​ឧបទ្ទវហេតុ​ធ្លាក់​រថយន្ត​ដឹក​ដី​មួយគ្រឿង​ពី​លើ​ចំណោត​ភ្នំ​លៀប​នៃ​ការដ្ឋាន​អាជីវកម្ម​កាយ​ដីភ្នំ​របស់​ក្រុមហ៊ុន​សឿម សំបូរ ដែល​បង្ក​ឲ្យ​កម្មករ​បើកបរ​រថយន្ត​ដឹក​ដី​ម្នាក់​ឈ្មោះ​ ឃ្លិញ ស៊ី អាយុ​ ២៧ ​ឆ្នាំ​បាន​ស្លាប់​។

លោក​បញ្ជាក់​ថា​៖ «​ក្រោយ​ពី​ធ្វើការ​ចុះ​ត្រួតពិនិត្យ និង​សាកសួរ​ដល់​ទីតាំង​កើតហេតុ ក្រុម​គណៈកម្មការ​ជំនាញ​យើង​បាន​រកឃើញ​ថា​ម្ចាស់​អាជីវកម្ម​នេះ​គ្មាន​ច្បាប់​ធ្វើ​អាជីវកម្ម​កាយ​ដីភ្នំ​នោះ​ទេ​។ បន្ទាប់មក​ក្រុម​គណៈកម្មការ​បាន​សម្រេច​បិទ​អាជីវកម្ម​នោះ​ទាំងស្រុង និង​បាន​ឃាត់​ខ្លួន​ពួកគាត់​បញ្ជូន​ទៅ​កាន់​បញ្ជា​ការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​»​។

បើ​តាម​ការបញ្ជាក់​ពី​លោក បោន ប៊ិន មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​កាលពី​ម្សិលមិញ​គឺ​លោក សឿម សំបូរ និង​បក្ខពួក​ឈ្មោះ​ ស៊ឹម រិទ្ធី ត្រូវ​បាន​ក្រុមមន្ត្រី​ជំនាញ​កងរាជ​អាវុធហត្ថ​ផ្នែក​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​សម្រេច​ធ្វើការ​ចោទប្រកាន់​ពី​បទ «​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​» ហើយ​ជនសង្ស័យ​ទាំង ២ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។

ជុំវិញ​ករណី​នេះ​លោក​ សឿម សំបូរ ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍​តាមរយៈ​ទូរស័ព្ទ គ្រា​ដែល​លោក​ទៅ​បំភ្លឺ​នៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ថា​លោក​មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​កាយ​អាចម៍ដី​លក់​ដែល​ចេញ​ដោយ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា សកម្មភាព​កាយ​ដី​របស់​បុគ្គលិក​លោក​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ​ពិតប្រាកដ​មែន​។

លោក​ សំបូរ បញ្ជាក់​ថា​៖ «​ខ្ញុំ​ទទួល​ស្គាល់​ពី​សកម្មភាព​កាយ​ដី​របស់​បុគ្គលិក​កម្មករ​របស់​ខ្ញុំ​គឺ​ពួកគេ​បាន​កាយ​ខុស​គោលដៅ​ដោយ​កាយ​រំលោភ​ចូល​ដី​ភ្នំ​ពិតប្រាកដ​មែន​។ ខណៈ​នេះ មន្ត្រី​តុលាការ​នៅ​មិន​ទាន់​បញ្ចប់​ការសាកសួរ​ខ្ញុំ​នៅ​ឡើយ​ទេ​»​។

បើ​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ-ឃុំ​ភ្នំលៀប និង អាជ្ញាធរ​មូលដ្ឋាន ករណី​កាយ​ដីភ្នំ​ខាង​លើ​នេះ​បាន​កើតឡើង​ជាយូរ​ណាស់​មក​ហើយ និង​មិនមែន​មាន​តែ​ក្រុមហ៊ុន​របស់​លោក​ សឿម សំបូរ មួយ​នោះ​ទេ​គឺ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ដូចជា​ក្រុមហ៊ុន​ អៀន ជា ក៏​បាន​ធ្វើ​សកម្មភាព​កាយ​ដីភ្នំ​នេះ​ដែរ ប៉ុន្តែ​ក្រុមហ៊ុន អៀន ជា បាន​បញ្ឈប់​សកម្មភាព និង​ជម្លៀស​គ្រឿងចក្រ​ចេញ​ភ្លាមៗ ក្រោយពី​មាន​ករណី​ធ្លាក់​រថយន្ត​ដឹក​ដី​មួយ​របស់​ក្រុមហ៊ុន សឿម សំបូរ បង្ក​ឲ្យ​អ្នក​បើកបរ​ម្នាក់​ស្លាប់​។

លោក អែម ណុយ មេឃុំ​ភ្នំ​លៀប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការឃាត់​ខ្លួន​លោក សឿម សំបូរ​ទំនង​មកពី​ឧបទ្ទវហេតុ​នោះ និង​អាច​មកពី​ការកាយ​ដី​ខុស​គោលដៅ ប៉ុន្តែ​ករណី​នេះ​ក្រុមហ៊ុន អៀន ជា ក៏​បាន​ប្រព្រឹត្ត​បទល្មើស​ដូចគ្នា​នេះ​ផង​ដែរ​៕

អត្ថបទគួរចាប់អារម្មណ៍