ភ្នំពេញៈ សមត្ថកិច្ចបាន​កំណ​ត់​មុខ​សញ្ញា​ម្ចាស់​ក្លិប លុច្ស​សារី​រួច​​ហើយ ហើយ​នឹង​ឈាន​ទៅ​ឃាត់​ខ្លួន​ក្នុង​ពេល​ខាងមុខ ខណៈ​អ្នក​ដែល​ត្រូវ​​បាន​ឃាត់​ខ្លួន​នៅ​ក្នុង​ក្លិប​ជាង ៤០០ នាក់ ដែល​មាន​​ពាក់​កណ្តាល​ជា​ស្ត្រី និង​ជាង ៣០ ភាគរយ ​ជា​ជន​បរទេស កំពុង​ត្រូវ​បាន​មន្ត្រី​ជំនាញ​ពិនិត្យ​​រក​សារ​ធាតុ​ញៀន។​នេះ​បើ​តាម លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។

កាលពី​យប់​រំលង​អាធ្រាត្រឈា​​នចូល​ថ្ងៃទី ៨ ខែ មិថុ​នា កម្លាំង​នៃ​​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បើក​ប្រតិបត្តិ​ការចុះ​ឆែកឆេរ​ក្លិប​កម្សាន្ត «លុច្ស​សារី» ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ២១៤ កែង​ផ្លូវ ៦៣ ក្នុង​​សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ ដោយ​បាន​រក​ឃើញ​ថ្នាំ​ញៀន​មួយ​ចំនួន និង​ឃាត់​ខ្លួន​អ្នក​ចូល​លេង​កម្សាន្ត​ក្នុង​ក្លិប​នោះ​ជាង ៤០០ នាក់។

ក្រោយ​ការឆែកឆេរ ​កម្លាំង​សមត្ថកិច្ច​ បាន​បិទ​ក្លិប​នេះ​ជា​បណ្តោះអាសន្ន និង​បាន​នាំ​ខ្លួន​​អ្នកចូល​លេង​កម្សាន្ត​ក្នុង​ក្លិប​នេះ​ជាង ៤០០ នាក់​ ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ ហើយ​ពួកគេ​ទាំង​នោះ មាន​ប្រមាណ​ពាក់​កណ្តាល​ជា​ស្ត្រី​ ខណៈ​ជន​បរទេសមាន​ជាង ៣០ % ភាគច្រើន​ជា​ជនជាតិ​ចិន និង​វៀត​ណាម។ នេះ​បើតាម​លោក ស ថេត អគ្គ​ស្នង​ការរង​នគរ​បាល​ជាតិ និង​ជា​ស្នងការ​រាជធានី​​ភ្នំពេញ។

លោក ស ថេត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​កាល​ពី​ម្សិលមិញ​ថា ចំពោះ​គ្រឿង​ញៀន​ដែល​ដក​ហូត​បានជំនាញកំពុង​ពិនិ​ត្យ និង​បែងចែក​សារធាតុ​ញៀន​ទាំង​​នេះ ដើម្បី​អាច​បញ្ជាក់​បាន​ថា មាន​ចំនួន​ប៉ុន្មាន និង​មាន​ប្រភេ​ទ​អ្វី​ខ្លះ ខណៈ​អ្នក​ចូល​លេង​កម្សា​ន្ត​ក្នុង​ក្លិប​ដែល​​ត្រូវ​បាន​ឃាត់ខ្លួន​ទាំង​ជាង ៤០០ នាក់​នោះ សម​​ត្ថ​​​កិច្ច​កំពុង​តាម​ដាន និង​ពិនិត្យ​ដើម្បី​ឈាន​ទៅរក​មុខ​សញ្ញា​ពាក់ព័ន្ធ​គ្រឿង​ញៀន ​និង​ស្វែង​រក​អ្នកប្រើ​ប្រាស់ ដើម្បី​ធ្វើការ​អប់រំ​កែប្រែ ឬ​ដោះ​លែង​ពួកគេ​ឲ្យ​បាន​ត្រ​ឡប់​ទៅផ្ទះ​វិញ។

លោក​បញ្ជាក់​ថា៖ «គ្រឿងញៀន​ហ្នឹងមិនទាន់​រក​ឃើញ​យ៉ាង​ណាទេ យើង​កំពុង​ពិនិត្យ ដោយ​មាន​អ្នក​ជំនាញ​យើង​មក​ពិនិត្យ យើង​មិនអាច​និយាយ​តាម​ហ្នឹង​ដោយ​មិនមាន​ការពិ​និត្យ​បានទេ គ្រាន់​តែ​ថា មាន​មួយចំនួន ប៉ុន្តែ​វា​មិន​ច្រើនពេក​ទេ។ ទោះ​បីយ៉ាង​ណា​ក៏ដោយ ​ក៏​ការអនុវត្ត​តាមផ្លូវ​ច្បាប់ យើង​បាន​ធ្វើ​ឡើង​ល្អ​ដែរ ព្រោះ​អ្នក​រង​​ផលប៉ះពាល់​នៃ​ការ​ប្រើ​ប្រា​ស់​​គ្រឿងញៀន​នៅ​ទី​ហ្នឹង​ច្រើន»​។

ចំណែក​មុខ​សញ្ញា​ម្ចាស់​ក្លិប លុ​ច្ស​សារី ​វិញ លោក ស ថេត បញ្ជាក់ថា៖ «យើង​កំណត់​អត្ត​សញ្ញាណ​បាន​ហើយ (ម្ចា​ស់​​ក្លិប​) តែ​យើង​មិនអាច​បញ្ជាក់​បានទេទុក​ឲ្យ​មានការ​ស្រាវ​ជ្រា​វ ហើយ​តែ​រកឃើញ​គឺ​ចាប់ខ្លួន​ហើ​​យ។ អ្វីៗផ្សេងទៀតមិន​ទា​ន់​បញ្ជាក់​បានទេ តែ​ក្រោយ​សរុប និង​ពិនិត្យ​ការងារ​ចប់ យើង​នឹង​បង្ហាញជូន»។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំ​​ពាក្យ​សាលា​រាជធានី​ភ្នំពេញ និង​លោក ហួត ហៃ ប្រធាន​ផ្នែ​ក​​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែង​កាលពី​ម្សិលមិញថា ពួក​លោក​មិនទាន់​អាច​បញ្ជាក់​បាន​ថា ម្ចាស់​ក្លិបលុ​ច្ស​សារី ដែ​ល​អាជ្ញាធរ​រាជធានី​បាន​ផ្តល់​​អាជ្ញា​​​​ប័ណ្ណ​នោះ ជា​នរណា​នោះ​ទេ​ ដោ​យ​អះអាង​ថា ខ្លួនកំពុង​ស្រាវ​ជ្រាវហើយ​ព័ត៌មាន​លម្អិ​ត​យ៉ាងណា​ទៀត​នោះ អាជ្ញាធរ​នឹង​បញ្ជាក់​នៅពេល​ក្រោយ។

លោក មាស​ភក្តី បញ្ជាក់​​ថា​៖ «នៅទេ មិន​អាច​ជម្រាបជូន​បាន​ទេ យើង​កំពុង​តែធ្វើការ​លើ​រឿង​នេះ អាច​ជូន​ព័ត៌មាន​បឋម​តែ​ប៉ុណ្ណឹង តាមរយៈ​សកម្មភាព​នៃ​ការចុះ​ឆែកឆេរ និង​ត្រួតពិនិត្យ​ទៅ មានការ​រកឃើញ​អីហ្នឹង​តែ​រឿង​អី​ទៀត កំពុងតែ​ស្រាវ​ជ្រាវ ធ្វើ​ការងារ​ហ្នឹង​សិន មិនទាន់​អា​ច​​ជម្រាប​ជូន​បាន​ទេ»។

ក្នុង​រយៈ​ពេល ៦ ខែ​ដើម​ឆ្នាំ​នេះ សមត្ថ​កិច្ច បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្លិប​កម្សាន្តធំៗក្នុង​រាជ​ធានី​ភ្នំពេញ​ចំនួន ៣ ហើយបូ​ក​​​រួម​នឹង​ក្លិប​កម្សាន្ត លុ​ច្ស​សារី​នេះ ដោយ​កាលពី​ចុងខែ​កុម្ភៈ​ កន្លង​ទៅ សមត្ថ​កិច្ច​ បាន​សម្រុកចូល​ក្លិប​កម្សាន្ត​រ៉ុ​ក​ដោយ​​ឃាត់​​ខ្លួន​មនុស្ស​ជាង ៣០០ នាក់ ហើយ​រឹបអូស​បាន​ថ្នាំញៀន​ជាង ៥០ គីឡូក្រាមខណៈ​ម្ចាស់​ក្លិប​កម្សា​ន្ត​រ៉ុ​ក គឺ​លោក​ឧកញ៉ា​ គិត ធាង ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​ត្រូវ​តុលាការ​​ចោទ​ប្រកាន់​ថា បាន​​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ជាង ៥០ គីឡូក្រាម។

ចំណែក​មួយ​ករណី​ទៀត​ គឺ​កាល​​ពី​ពាក់​កណ្តាល ខែមេសា ​សមត្ថកិច្ច បាន​ចុះបង្ក្រាប​ក្លិប​កម្សាន្ត «ម៉ៃ​អា​មី» ក្នុងនោះ បាន​​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​ជាង ៥០ នាក់ និង​បាន​រឹបអូស​គ្រឿ​ងញៀន​ជាង ១០ គីឡូក្រាម ព្រម​​​ទាំង​ឧបករណ៍​ជក់ និង​កែច្នៃ​គ្រឿង​ញៀន​យ៉ាង​ច្រើន​នៅក្នុង​ក្លិប​នេះ​ផងដែរ។ ជាមួយ​នឹង​ការបង្ក្រាប​ក្លិប​នេះ ម្ចាស់​ក្លិប «ម៉ៃ​អា​មី» ឈ្មោះ ស្រេ​ន វីរៈ និ​ង​បុគ្គលិក​ចំនួន ៦ នាក់​ទៀត ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​តុលា​​​ការ ដោ​​យ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន។

លោក មាស សុវណ្ណ ប្រធាន​សមាគ​មសង្គ្រោះ​ជនរង​គ្រោះ ដោយ​គ្រឿង​ញៀន​កម្ពុជា ហៅ​កាត់​ DARAC បាន​ប្រាប់​ភ្នំពេ​ញប៉ុស្តិ៍​ កាល​ពី​ម្សិលមិញ​ថា កា​រ​ប​ង្ក្រាបនេះ​ គឺជា​រឿង​ប្រសើរ​មួយក្នុងការ​ទប់ស្កាត់​បទ​ល្មើ​ស​គ្រឿង​ញៀន ហើយ​បាន​ចូលរួម​កាត់​បន្ថយ​ក្នុងការ​ប្រើប្រាស់​គ្រឿងញៀន​បាន​មួយកម្រិត ស្រប​ពេលដែល​ពួកគេ​តែង​យក​ក្លិប​ទាំងនេះ ជា​កន្លែង​ប្រើប្រាស់​គ្រឿង​ញៀន។

ជាមួយ​នឹង​ការ​សា​ទរនេះ លោក ចង់​ឃើញ​ការចុះ​បង្ក្រាប​នៅ​តាម​បណ្តា​ក្លិប​ទូទាំង​ប្រទេស​ឲ្យ​បា​ន​ជា​ប្រចាំ និង​ត្រូវ​ប្រាកដ​ថា ជនល្មើស​ ឬ​មេខ្លោង​ធំៗ នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​កម្ពុជា។

លោក​បញ្ជាក់​ថា៖ «បើសិន​ជា​យើង​មាន​ការ​ប្រឹង​ប្រែង​របៀប​នេះ​រហូត​ អ៊ីចឹង​គ្រប់​កន្លែង​ទាំង​អស់ការប្រើ​ប្រាស់​គ្រឿង​ញៀ​ន ​នឹង​មាន​ការ​ថយ​ចុះ ហើយ​បើ​រក​​ឃើញ​ថា អ្នកមាន​សារ​ធាតុជាតិ​នៅក្នុង​ខ្លួន នោះ​គួរតែ​បញ្ចូ​ន​ទៅ​មណ្ឌល​អប់រំ​កែប្រែ​ភ្លាម ណា​មួយ​ក៏បានដើម្បី​ធ្វើការ​ព្យា​​បា​ល មិនគួរ​លែង​ឲ្យ​ទៅផ្ទះ​វិញ​នោះ​ទេ ហើយ​អ្នកណា​ដែល ​រកឃើញ​​ទាក់​ទង​នឹង​ការ​ជួញ​​ដូរ​និង​ម្ចាស់​ទីតាំង គួរតែ​ទទួ​ល​ទោស​តាមផ្លូវ​ច្បាប់ និង​កំណត់​ដោយ​តុលា​ការ ដោយ​មិនត្រូវ​លើក​លែង​ឡើយ»៕