ឧត្ដរមានជ័យ: ​នាយក​គេហទំព័រ​អនឡាញ​ «​ស្រទាប់​យុវវ័យ​» ​លោក ប៉ែន នួន បាន​ប្ដឹង​មន្ត្រី​សាលាដំបូង​ខេត្តឧត្ដរមានជ័យ​ចំនួន​ ២ ​នាក់ មន្ត្រី​យោធា​ ២ ​នាក់​ និង​មន្ត្រី​ភូមិបាល​ស្រុក​អន្លង់វែង​ម្នាក់ ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ (ACU) ដោយ​អះអាងថា មន្ត្រី​ទាំង​ ៥ ​នាក់​ឃុបឃិត​គ្នា​រំលោភ​យក​ដី​ ៦ ​ហិកតា ប៉ុន្ដែ​មន្ត្រី​បដិសេធ​ការ​ចោទប្រកាន់​នេះ​។

ការប្ដឹង​នេះ​ក្រោយពី​ចៅក្រម​សាលាដំបូង​ខេត្ត​នេះ​បានសម្រេច​​ឱ្យ​លោក ប៉ែន នួន សង​សំណង​ជំងឺ​ចិត្ត​ទៅ​ភាគី​លោក អ៊ុក គឹមលី ជា​មន្ត្រី​យោធា ចំនួន​ ៨០ ​លាន​រៀល និង​បង់​ចូល​រដ្ឋ​ ៥ ​លាន​រៀល​ពាក់ព័ន្ធ​សំណុំរឿង​បរិហារ​កេរ្ដិ៍​។ ​ការ​ចោទ​នេះ​បន្ទាប់ពី​លោក ប៉ែន នួន បាន​សរសេរ​លើ​គេហទំព័រ​ថា លោក អ៊ុក គឹមលី លួច​ក្លែង​លិខិត​យក​​ដី​ពលរដ្ឋ​ ៦ ​ហិកតា​នៅ​ភូមិ​ទួលស្វាយ​សែនជ័យ ឃុំ​ត្រពាំងតាវ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​។

លោក​ ប៉ែន នួន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពីថ្ងៃ​ទី​ ២៧ ធ្នូ​ថា​លោក​បានដាក់​ពាក្យបណ្ដឹង​ទៅ​ ACU ​ដើម្បី​ប្ដឹង​បុគ្គល​ចំនួន​ ៥ ​រូប ទី​១- ​លោក​ ស៊ឹម ពិចិត្រ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តឧត្ដរមានជ័យ ទី​២- ​លោក គង់ រតនា ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​នេះ ទី​៣- ​លោក​ឧត្ដមសេនីយ៍ទោ អ៊ុក គឹមលី នាយរង​ទីចាត់ការ​ការងារ​ព្រំដែន​នៅ​អគ្គបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ទី​៤- ​លោក​វរសេនីយ៍ទោ យឹម សេន អនុប្រធាន​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​អូរស្មាច់ និង​ទី​៥- ​លោក​ គឹម សំណាង អនុប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​អន្លង់វែង​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ជា​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី និង​ជា​ជនរងគ្រោះ​ពិតប្រាកដ​ក្នុងចំណោម​ពលរដ្ឋ​រងគ្រោះ​ ៤ ​គ្រួសារ​ដែល​លោក​ផ្កាយ​ ២ ​អ៊ុក គឹម លី និង​ឈ្មោះ​ យឹម សេន រំលោភ​យក​ដី​ ៦ ​ហិកតា​កាលពី​ដើម​ឆ្នាំ​ ២០១៩​។ ​ឥឡូវ​តុលាការ​បាន​កាត់ក្ដី​ឱ្យ​ខ្ញុំ​ចាញ់ ហើយ​ត្រូវ​សង​សំណង​ជំងឺ​ចិត្ត​ទៅ​គេ​ ៨០ ​លាន​រៀល​ និង​បង់​ចូល​រដ្ឋ​ ៥ ​លាន​រៀល​ទៀត​។ ​អ៊ីចឹង​គាត់​កាត់ក្ដី​អយុត្តិធម៌ ខ្ញុំ​មិនអាច​ទទួលយក​បានទេ​»​។

តាម​ពាក្យបណ្ដឹង​របស់​លោក​​ ប៉ែន នួន ដាក់​ទៅ​ ACU ពីថ្ងៃ​ទី​ ២៤ ​ធ្នូ ដែល​​ ភ្នំពេញ​ ប៉ុស្ដិ៍​ ទទួល​បាន​ពីថ្ងៃ​ទី​ ២៧ ធ្នូ ឱ្យដឹងថា សុំ​ប្ដឹង​បុគ្គល​ចំនួន​ ៥ ​នាក់ ដោយសារ​ឈ្មោះ ស៊ឹម ពិចិត្រ និង​ឈ្មោះ​ គង់ រតនា ជា​អ្នក​កាន់​សំណុំរឿង​របស់​ឈ្មោះ អ៊ុក គឹមលី និង​ឈ្មោះ យឹម សេន ​បាន​ប្រើប្រាស់​ឯកសារ​លិខិត​កាន់កាប់ និង​ប្រើប្រាស់​ដីធ្លី​ក្លែងបន្លំ​ខុស​ទីតាំង​ភូមិ​ដែល​ចុះ​វាស់វែង​ចេញ​ដោយ​លោក គឹមសំណាង នៅ​ថ្ងៃទី​ ៥ ​ខែ មេសា ​ឆ្នាំ​ ២០១៩ ​ឱ្យ​ទៅ​ឈ្មោះ អ៊ុក គឹមលី និង​ឈ្មោះ​ យឹម សេន ជាន់​លើដី​របស់លោក និង​ពលរដ្ឋ​ ៣ ​គ្រួសារ​ទៀត​ដែលមាន​បណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ​ (​ប្លង់រឹង​)​។

ពាក្យបណ្ដឹង​ថា​ «​ចៅក្រម​ជំនុំជម្រះ​តុលាការខេត្ត​នៅ​ថ្ងៃទី​ ១៩ ខែ វិច្ឆិកា ឆ្នាំ​ ២០២០ បាន​កាត់ក្ដី​ឱ្យ​ខ្ញុំ​ចាញ់​ត្រូវ​សងជំងឺចិត្ត​ឱ្យទៅ​ឈ្មោះ អ៊ុក គឹមលី ចំនួន​ ៤០ ​លាន​រៀល និង​សងជំងឺ​ចិត្ត​ឱ្យទៅ​ឈ្មោះ យឹម សេន ៤០ ​លាន​រៀល និង​ផាកពិន័យ​ចូល​រដ្ឋ​ ៥ ​លាន​រៀល ដោយ​ចោទប្រកាន់​ខ្ញុំ​ពី​បទ​បរិហារកេរ្ដិ៍​»​។

ការប្ដឹង​ពីបទ​បរិហារកេរ្ដិ៍​នេះ​​បន្ទាប់ពី​លោក​ចុះផ្សាយ​តាម​គេហទំព័រ​ខាងលើ​ពីថ្ងៃ​ទី​ ៦ ខែ​​តុលា ឆ្នាំមុន ក្រោម​ចំណងជើង​ថា​៖ «​ពលរដ្ឋ​ទប់​កំហឹង​មិនបាន ចោទ​លោក​ផ្កាយ​ ២ អ៊ុក គឹមលី ថា ជា​ផ្កាយ​ចោរលួច និង​ប្លន់​ដី​របស់​ពួកគាត់​យកទៅ​កាយ​ស្រះ សង់ផ្ទះ​ និង​ដាំ​ដំណាំ​ស្ដែងៗ​នៅ​នឹង​មុខ​ពលរដ្ឋ​»​។

លោក យ៉ិនទៀង ពុទ្ធារិទ្ធ ជំនួយការ​ផ្ទាល់​របស់​លោក ឱម យ៉ិនទៀង ប្រធាន​ (ACU) បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​​ពី​ករណីនេះ​កាលពី​ថ្ងៃ​ ២៧ ​ធ្នូ ដោយ​លោក​អះអាង​ថា មិនអាច​និយាយ​ជា​សាធារណៈ​បាន​។ ចំណែក​លោក នួន បូផល អនុប្រធាន​ ACU បាន​​បញ្ជាក់​យ៉ាងខ្លី​តាម​ទូរស័ព្ទ​ថា លោក​កំពុង​ជាប់រវល់ និង​មិន​មាន​ព័ត៌មាន​អ្វី​នៅក្នុង​ដៃ​ទេ​។

លោក​ អ៊ុក គឹមលី បាន​ថ្លែង​ពីថ្ងៃ​ទី​ ២៧ ធ្នូ​ថា ការ​ចោទប្រកាន់​របស់​លោក ប៉ែន នួន គ្មាន​មូលដ្ឋាន​ទេ​។ ក៏ប៉ុន្តែ​លោក​បញ្ជាក់ថា​នឹង​ទទួលទោស​តាមច្បាប់​ប្រសិនបើ​លោក​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​​មែន​នោះ​។

លោក​ថា​៖ «​ដី​ហ្នឹង​ខ្ញុំ​បាន​ទិញ​ពី​ពលរដ្ឋ​ដែលមាន​ការដឹងឮ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​សាក្សី​កាលពី​ឆ្នាំ​ ២០១៩ បន្ទាប់មក​ឈ្មោះ ប៉ែន នួន គាត់​បែរជា​ចោទ​មក​ខ្ញុំ​ថា រំលោភ​យក​ដី​គាត់ និង​ដី​ពលរដ្ឋ​។ គាត់​បាន​បង្ហោះ​លើ​គេហទំព័រ​មួលបង្កាច់​ខ្ញុំ​ថា​ខ្ញុំ​លួច​ដី​ពលរដ្ឋ​ធ្វើ​ប្លង់​ក្លែងក្លាយ​អ៊ីចឹង​ខ្ញុំ​ប្ដឹង​គាត់​ទៅ​តុលាការ​ពីបទ​បរិហារកេរ្ដិ៍​ហើយ​តុលាការ​​ក៏​សម្រេច​ឱ្យ​ខ្ញុំ​ឈ្នះក្ដី​នេះ​»​។

លោក​បន្ថែមថា ក្រោយពី​បញ្ចប់​រឿងក្ដី​នៅ​តុលាការ ភាគី​លោក ប៉ែន នួន មិន​សុខចិត្ត​​ដោយ​បាន​ដាក់ពាក្យ​ប្ដឹងទៅ​ ACU ទាក់ទង​ការរំលោភ​យក​ដីធ្លី​ទៅវិញ​។ ​លោក​នឹង​ចូល​បំភ្លឺ​តាម​ដីកា​កោះហៅ ប្រសិនបើ​​អង្គភាព​ ACU ហៅ​ទៅ​សាកសួរ​ជុំវិញ​ករណី​នេះ​។

ចំណែក​លោក ស៊ឹម ពិចិត្រ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តឧត្ដរមានជ័យ​បាន​ថ្លែង​ពីថ្ងៃ​ទី​ ២៧ ធ្នូ​ថា លោក​បានទទួល​សំណុំរឿង​ទាក់ទង​បទ​បរិហារកេរ្ដិ៍​យកមក​ជំនុំជម្រះ​កាលពី​ខែវិច្ឆិកា​។ ​ដោយ​​បាន​ពិនិត្យ​លើ​ភ័ស្តុតាង ឯកសារ​ពាក់ព័ន្ធ និង​តាមរយៈ​ការសាកសួរ​អ្នកពាក់ព័ន្ធ​នានា លោក​បាន​សម្រេច​ជូន​ភាគី​រងគ្រោះ​រួចរាល់​ហើយ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​អត់យល់​ថា លោក ប៉ែន នួន គាត់​ប្ដឹង​ខ្ញុំ​ទៅ​ ACU ​ទេ ព្រោះ​សំណុំ​រឿង​ដែល​ខ្ញុំ​ជំនុំជម្រះ​គឺ​រឿង​​បទ​បរិហារកេរ្ដិ៍ ដែល​គាត់​បាន​ផ្សព្វផ្សាយ​បង្ខូចឈ្មោះ​គេ ប៉ុន្ដែ​គាត់​ប្ដឹង​ខ្ញុំ​ទៅ ACU រឿង​ទំនាស់​​ដីធ្លី​ទៅវិញ​។ អ៊ីចឹង​ខ្ញុំ​ធ្វើ​យ៉ាងម៉េច​ដឹង​រឿង​ទំនាស់​របស់​គាត់​?

ខ្ញុំ​ធ្វើការ​សម្រេច​ឱ្យ​ភាគី​ម្ខាង​ទៀត​ឈ្នះ​គឺ​ផ្អែកលើ​ភ័ស្តុតាង និង​ការសាកសួរ​អ្នកពាក់ព័ន្ធ ខ្ញុំ​មិន​ដែល​កាត់ក្ដី​លម្អៀង​ប្រកាន់​បក្ខពួក​នយោបាយ​ណា​ទេ គឺ​ផ្អែកលើ​ច្បាប់​»៕