ភ្នំពេញៈ នគរបាល​ជាតិ​បាន​សម្រេច​បញ្ចូន​លោក សេង សុភ​គ៌ ម្ចាស់​ឃ្លាំង​សេងហួត ទៅ​តុលាការ ដោយ​ចោ​ទ​ប្រកាន់​ពីបទ​ឆបោក បន្ទាប់ពី​​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃអាទិត្យតាម​ពា​ក្យ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ជាង ១០០ នាក់ដែល​​អះអាងថា ពួក​គាត់​បាន​ចាញ់​បោក​​ជន​នេះ ក្នុងម្នាក់ៗ អស់​រាប់​ពាន់​ដុល្លារ​ក្នុង​ការ​ទិញ​រថយន្ត​បង់​រំលស់​ពី​ក្រុមហ៊ុន​នេះ។

លោក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ចូន​ជន​នេះ​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​បទ​ឆបោក។

លោកថ្លែង​ថា៖ «រឿង​ហ្នឹង​ទាក់ទង​នឹង​ការ​ឆបោក​ឡានតៗគ្នា​អីហ្នឹង។ យើង​ឃាត់ខ្លួន គាត់​យ៉ាងយូរ ៤៨ ម៉ោង តែ​ឥឡូវនេះ យើង​កំពុង​រៀ​ប​ចំ​នីតិវិធី​ប​ញ្ចូ​ន​ទៅ​តុលាការ ប្រហែ​​ល​ល្ងាច​ (ចន្ទ) បញ្ចូនទៅព្រោះ​ច្រើន​រឿង​ពេក មិន​ទុក​ទេ។ ចំណែក​ពលរដ្ឋ​ដែល​រងគ្រោះកំពុង​តវ៉ា​អីហ្នឹង សូម​ទៅផ្ទះ​សិន​ទៅ រង់ចាំ​ការដោះ​ស្រាយ​​របស់​តុលាការ»។

អគ្គនាយក​ក្រុមហ៊ុន ឈ្មោះ សេង សុភ​គ៌ ត្រូវបាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ចាប់​ឃាត់​ខ្លួន កាលពី​ម៉ោង​ ១ រសៀល ថ្ងៃទី ​២១ ខែ មេសា ឆ្នាំ​ ២០​១៩ ក្នុង​ហាង​ស៊ុប​មួយតាមផ្លូវ ២៨៩ សង្កាត់​បឹងកក់ ១ ខណ្ឌទួលគោក រួច​បញ្ជូនទៅ​ ក្រសួង​មហាផ្ទៃ​ដើម្បី​សាកសួរ។

បើ​តា​ម​លោក គឹម​ខឿន ការ​ឃា​ត់​ខ្លួន​នេះ ​គឺ​​ធ្វើ​ឡើង​ តាម​ពាក្យ​បណ្តឹ​​ង​​របស់​ប្រជា​​ពល​រដ្ឋ​ ដែល​ចាញ់​បោក​ក្រុមហ៊ុន​នេះ ជា​បន្តបន្ទាប់​តាំងពី​ចុង​ឆ្នាំ ២០​១៨​ ដោយ​ពួកគេ​បាន​ទិញ​រថ​យន្ត​​បង់​រំល​ស់​ពី​ឃ្លាំង សេង ហួត​នេះ ក្រោយ​មក​ត្រូវ​បាន​ក្រុមហ៊ុន​នេះ ​ដកហូត​រថយន្ត​វិញ និង​អ្នកខ្លះ​បាន​បង់​ប្រា​ក់​កក់​រួចហើយ តែ​មិនទាន់​ទទួល​បាន​រថយន្តនិង​អ្នក​ខ្លះទៀតកំពុង​ភ័យ​​​ខ្លាច​ការដកហូត​រថយន្ត ដោយ​ក្រុម​​ហ៊ុន​បាន​ប្រើ​ហេតុផល ផ្សេងៗដូចជា​ថា ត្រូវយក​រថយន្ត​មក​ជួសជុល ប៉ុន្តែ​នៅ​ទីបំផុត​ក្រុមហ៊ុន​មិន​បាន​ប្រគល់​រថយន្ត​ឲ្យ​វិញ​ឡើយ។

លោក ម៉ាន់ សុផល មេធាវី​លោក សេង សុភ័គ បានថ្លែង​យ៉ាងខ្លី​ពី​ម្សិលមិញ​ថា ពិតជា​មានការ​ឃាត់ខ្លួន​កូនក្តី​​លោក​​មែន តែ​យ៉ាងណាលោក​បដិ​សេ​​ធ​​ធ្វើអត្ថា​ធិប្បាយ។

បើតាម​ប្រជាពលរដ្ឋ​រងគ្រោះ អ្នកដែល​បាន​ចាញ់បោក​ឃ្លាំង សេង ហួត គឺមាន​ជាង ១០០ នាក់ ដោយ​បានធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​ឃ្លាំង​នេះដើ​ម្បី​ទិញ​រថយន្ត​បង់​រំលស់ ដោយ​ក្នុងម្នាក់​ៗ ត្រូវ​បង់ប្រាក់​កក់​មុន ពី ៣០ ទៅ ៤០ ភាគរយគឺ​ចន្លោះ​ពី៣ពាន់ ទៅ ៨ ពាន់​​ដុល្លារ ទៅតាម​ប្រភេទ​រថយន្ត​ដែល​មាន​តម្លៃ​ពី​ជាង ១ ម៉ឺន ទៅជិត ២ ម៉ឺន​ដុល្លារ មាន​ម៉ាក​ព្រូស ម៉ាក​ហាយឡែ​ន​​ឌ័​រ និង​ម៉ាក​បា​ឡែ​ន​ជាដើម ដោយ​ត្រូវ​បង់ប្រាក់​ជា​រៀងរាល់​ខែ ជា​ថ្នូរ​នឹង​ការយក​ឡាន​មក​ប្រើប្រាស់។

លោក លឿង ស៊ីវ​ម៉េង អ្នកទិញ​រថយន្ត​បង់​រំលស់​ម្នាក់ ក្នុងចំណោម​អ្នក​តវ៉ា​ទាំងនោះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ទម្រាំ​តែមាន​ការឃាត់​​​​​​​​ខ្លួន​ម្ចាស់​ឃ្លាំង​នេះ គឺ​​ពួកលោកបាន​ស្វែងរក​អន្តរាគម​ន៍​ស្ទើរ​គ្រប់​ទីកន្លែង​។ លោក​ថា ជាមួយគ្នា​នេះ ​ពលរដ្ឋ​ដែល​ត្រូវបាន​ចាញ់បោក​ម្ចាស់​ឃ្លាំង​នេះ ក៏​កំពុង​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រសួង​មហាផ្ទៃ​ផងដែរ។

លោក​បញ្ជាក់ថា៖ «យើង​សង្ឃឹមថា នឹង​ទទួលបាន​ការដោះ​​ស្រា​​យ​ត្រឹមត្រូវ ហើយ​ត្រូវ​កោះហៅ​អ្នកពាក់ព័ន្ធ​ទាំងអស់ ទាំង​ឃ្លាំង​ឡាន​ផ្សេងទៀតនិង​ធនា​គារ ដែលមាន​ជាប់​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​ដល់​ពួកយើង»។

បទល្មើស ឆបោក គឺជា​ប្រភេទ​បទល្មើស​មជ្ឈិមដែល​ត្រូវ​បានចែង​នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ តាម​មាត្រា ៣៧​៧ ហើ​​យ​ត្រូវបាន​គេ​ឲ្យ​និយមន័យ ថា គឺជា​អំពើ​បន្លំ ចំពោះ​រូបវន្ត​បុគ្គល ឬ​នីតិបុគ្គល​ណាមួយ ដោយ​ប្រើ​ឈ្មោះ​ក្លែង ដោយ​អះអាង​ទៅលើ​ឋានៈ​ក្លែង ដោយ​រំលោភ​ទៅលើ​ឋានៈក្លែង ដោ​យ​រំលោភទៅលើ​ឋានៈ​ពិតប្រាកដ ឬ​ដោយ​ប្រើ​ឧបាយកល​ទុច្ចរិត ដែល​បង្ក​ឲ្យ​ខូចប្រយោជន៍របស់​តតិយជនដែ​ល​អាច​ប្រឈម​នឹង​ការដាក់​ពន្ធនាគារ ពី ៦ ខែទៅ ៣ ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់ ពី​ ១ លាន រៀល ទៅ ៦ លានរៀល។

ឃ្លាំង សេង ហួត ទិញ លក់ ជួល រថយន្ត​បង់​រំលស់​ ដែល​មាន​ទីតាំងផ្លូវលំ ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ២ ខណ្ឌ​ពោធិ៍សែន​ជ័យ ក៏មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ជា​ដៃគូផ្សេងទៀត ដូចជា​ក្រុមហ៊ុន NH Cars (ណំ ហម) ដែលមាន​ទីតាំង​ស្ថិតនៅផ្លូវ​ ១៩​៧៤ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ផង​ដែរ​បន្ទា​ប់ពី​ប្រជា​ពលរដ្ឋ បាន​ជួបប្រទះ​ឡាន​ដែល​ខ្លួន​បាន​បង់​រំលស់ និង​ត្រូវ​បាន​ដកហូត​ដោយ​ក្រុមហ៊ុន សេង ហួត ត្រូវបាន​ក្រុមហ៊ុន NH Cars (ណំ ហម) ផ្តល់​ឲ្យ​អតិថិជន​ផ្សេង​ទៀត៕