កំពតៈ រដ្ឋបាល​ខេត្តកំពត​បានកំណត់​រយៈពេល​ ២០ ​ថ្ងៃ​ សម្រាប់​ម្ចាស់​ទូក​ទេសចរណ៍​ចំនួន​ ១៩ ​គ្រឿង​ នៅតាម​បណ្ដោយ ព្រែក​កំពង់បាយ ឬ​ព្រែក​កំពត ក្រុង​កំពត ដោយ​តម្រូវ​ឱ្យ​ផ្លាស់ប្ដូរ​ចំណត​ទទួល​ភ្ញៀវ​ទេសចរ​ពី​ត្រើយ​ខាងកើត ទៅ​ត្រើយ​ខាង​លិច​វិញ​ចាប់ពី​ចុង​ខែ​វិច្ឆិកា​នេះ​តទៅ ដើម្បី​សម្រួល​ដល់​ការងារ​កែលម្អ​សោភណភាព​ក្រុង និង​សុវត្ថិភាព​ភ្ញៀវទេសចរ​។

ប៉ុន្ដែ​សម្រាប់​ការផ្លាស់ប្តូរ​ទី​ចំណតទូក​ទេសចរណ៍​នេះ ក្រុម​ម្ចាស់​ទូក​ទេសចរណ៍​ក៏​បាន​ស្នើ​រដ្ឋបាលខេត្ត​ឱ្យ​ជួយ​ដោះស្រាយ​រឿង​ស្ទះចរាចរណ៍ និង​កែលម្អ​សោភណភាព​នៅ​ទីតាំង​ថ្មី​នេះ​ឱ្យ​បាន​ល្អ​ផង​។ ពួកគេ​អះអាង​ថា​ផ្លូវ​ចូលទៅ​ទីតាំង​ចំណត​ថ្មី​នោះ​មាន​លក្ខណៈ​តូចចង្អៀត និង​ស្ទះចរាចរណ៍​ខ្លាំង​។

អភិបាល​ខេត្តកំពត​លោក​ ជាវ តាយ បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា លោក​បាន​កត់សម្គាល់​ឃើញ​ថា នៅ​ត្រើយ​ខាងកើត​នេះ មាន​លក្ខណៈ​តូចចង្អៀត និង​រញ៉េរញ៉ៃ​គ្មាន​សណ្ដាប់ធ្នាប់​។ ដូច្នេះ​រដ្ឋបាលខេត្ត​បាន​ពិភាក្សាគ្នា​សម្រេច​រៀបចំ​កន្លែង​ថ្មី​ឱ្យ​ក្រុម​ម្ចាស់​ទូក​នៅ​ត្រើយ​ខាងលិច​វិញ ព្រោះ​នៅ​ត្រើយ​ខាងលិច​មាន​លក្ខណៈ​ធំទូលាយ និង​មាន​សោភណភាព​ល្អ​។ ម្យ៉ាងទៀត អាជ្ញាធរ​ចង់ឱ្យ​ទីតាំង​ទាំង​ ២ ​នេះ​មាន​តុល្យភាព​នឹង​គ្នា​ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​ថែមទៀត​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ទុកពេល​ឲ្យ​ពួកគាត់​​ ២០ ​ថ្ងៃ​ គឺ​ឱ្យ​រុះរើ​អីវ៉ាន់​គាត់​មក​ដាក់​រៀបចំ​នៅ​ទីតាំង​ថ្មី​វិញ​។ ក្រុមអាជីវករ​ម្ចាស់​ទូក​ទាំង​ ១៩ ​គ្រឿង​ ត្រូវ​ប្ដូរ​ទៅ​ចតទូក​នៅ​ទល់មុខ​សាលា​ខេត្ត​កំពត​វិញ​រហូត​ដល់​គល់​ស្ពាន​ចាស់ ដែល​មាន​ប្រវែង​ ៤៤០ ​ម៉ែត្រ​ ស្ថិត​នៅ​ភូមិ​ទ្វីខាងត្បូង សង្កាត់​អណ្តូងខ្មែរ ក្រុង​កំពត យ៉ាងយូរ​ត្រឹម​ថ្ងៃទី​ ១៥ ខែ ​ធ្នូ ឆ្នាំ​ ២០១៩ ​នេះ​»​។

លោក​បន្ថែមថា​៖ «​ខ្ញុំ​ជម្រាប​ថា បើ​គិតពី​សុវត្ថិភាព គឺ​កន្លែង​ថ្មី​នេះ​ត្រូវបាន​ធានា​ពី​សុវត្ថិភាព​ខ្ពស់​។ ប៉ុន្ដែ​ម្ចាស់​ទូក​មួយចំនួន​នៅ​បារម្ភ​ខ្លាច​ភ្ញៀវ​រក​ទីតាំង​ទូក​ទេសចរណ៍​ថ្មី​ហ្នឹង​មិនឃើញ ហើយ​ខ្ញុំ​បាន​ពន្យល់​ពួកគាត់​វិញ​ថា យើង​ត្រូវ​ដូរ​ទាំងអស់​គ្នា​បែប​នេះ​មិន​បាច់​បារម្ភ​គ្មាន​ភ្ញៀវ​ទេ បើ​គេ​រក​នៅ​ទីនោះ​មិនឃើញ គេ​នឹង​មករក​នៅទីនេះ​ហើយ​»​។

លោក​អភិបាលខេត្ត​ក៏​បាន​ឱ្យដឹង​ដែរ​ថា បច្ចុប្បន្ន​ខេត្តកំពត​មាន​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​មក​កម្សាន្ត​កើនឡើង​ជា​លំដាប់ ដោយ​បម្រើ​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​បញ្ហា​ប្រឈម​នានា​ដូចជា សណ្ដាប់ធ្នាប់ របៀបរៀបរយ សោភណភាព អនាម័យ បរិស្ថាន​ក្រុង​កំពត​នៅ​មាន​កម្រិត​នៅឡើយ​។ ដូច្នេះ​រដ្ឋបាល​ខេត្ត​កំពត និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ត្រូវ​មាន​គោលការណ៍​ផ្លាស់ប្ដូរ​ទីតាំង​ថ្មី​មួយ​នេះ​ជា​ចាំបាច់​សំដៅ​អភិវឌ្ឍ​ខេត្ត និង​សោភណភាព​កាន់តែ​ល្អ ពង្រីក​វិសាលភាព​អេកូទេសចរណ៍​ក្នុង​ខេត្ត​។

លោក​ ប៉ុន រ៉ា ម្ចាស់​ទូក​ទេសចរណ៍​ម្នាក់​ក្នុងចំណោម​ ១៥ ​នាក់​ផ្សេងទៀត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា លោក​អភិបាលខេត្ត ជាវ តាយ បាន​កោះហៅ​លោក និង​ម្ចាស់​ទូក​ទេសចរណ៍​ផ្សេងទៀត​ចំនួន​ ១៤ ​នាក់​ ដែល​កំពុង​ប្រកបមុខរបរ​ផ្នែក​សេវាកម្ម​ទេសចរណ៍​នៅតាម​បណ្ដោយ​ព្រែក​កំពង់បាយ ឬ​ព្រែកកំពត ដើម្បី​ជូនដំណឹង​ពី​ការផ្លាស់ប្ដូរ​ទីតាំង​ទទួល​ភ្ញៀវ​ទេសចរ​ឱ្យ​ទៅ​នៅ​កន្លែង​ផ្សេង​វិញ​។

លោក​បាន​បន្តថា ម្ចាស់​ទូក​ទេសចរណ៍​ទាំងអស់​នឹង​ត្រូវ​ប្ដូរ​ទៅ​ចតទូក​នៅ​ទល់មុខ​សាលា​ខេត្ត​កំពត​វិញ​រហូត​ដល់​គល់ស្ពាន​ចាស់​ស្ថិត​នៅ​ភូមិ​ទ្វីខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​ត្រឹម​ថ្ងៃទី​ ១៥ ខែ​ធ្នូ ឆ្នាំ​ ២០១៩ ខាងមុខនេះ​។ ទីតាំង​កន្លែង​ផ្សេង​នេះ​នឹង​មាន​បញ្ហា​ប្រឈម​ខ្លាំង​ជាមួយ​នឹង​ចរាចរណ៍ ព្រោះ​ផ្លូវ​ចូល​ទៅរក​ទូក​តូចចង្អៀត គ្មាន​កន្លែង​ចត​រថយន្ត ម៉ូតូ​។

លោក​បញ្ជាក់ថា​៖ «​ពួកខ្ញុំ​មិនមាន​អ្វី​តវ៉ា​ទេ បើ​ថ្នាក់លើ​គេ​តម្រូវ​មក​អ៊ីចឹង ប៉ុន្ដែ​នៅ​កន្លែង​ថ្មី​នេះ ពួក​ខ្ញុំ​បារម្ភ​រឿង​ផ្លូវ​ចូលទៅ​រក​ទូក​នេះ​តូច​ពេក ហើយ​ស្ពាន​មានតែ​មួយ ហើយ​នៅ​តំបន់​ហ្នឹង គឺ​ស្ទះចរាចរណ៍​ខ្លាំងណាស់​។ បើ​ដូរ​ទីតាំង​បែបនេះ ពួក​ខ្ញុំ​ត្រូវ​រើរុះ​អីវ៉ាន់ ហើយ​វា​អាច​បែកបាក់​មួយចំនួន​ទៀត​។ ជាពិសេស​ភ្ញៀវ​ធ្លាប់​មករក​ទូក​យើង​នៅ​កន្លែងចាស់​នេះ ពួកគាត់​នឹង​មិន​ស្គាល់​កន្លែង​ថ្មី​នេះ អ៊ីចឹង​យើង​ត្រូវ​ចំណាយពេល​ផ្សព្វផ្សាយ​ប្រាប់​ភ្ញៀវ​ពី​ទីតាំង​ថ្មី​ហ្នឹង​»​។

ជាមួយ​គ្នា​នេះ​លោក​ ប៉ុន រ៉ា ក៏បាន​សំណូមពរ​ដល់​រដ្ឋបាល​ខេត្តកំពត​ជួយ​រៀបចំ​ទីតាំង​កន្លែង​ថ្មី​នេះ​ឲ្យ​មាន​សោភណភាព​ជាង​មុន ហើយ​ត្រូវ​បែងចែក​កន្លែង​ចតទូក​ឱ្យ​មាន​តម្លាភាព ដើម្បី​ចៀសវាង​បាតុភាព​ណាមួយ​កើតឡើង​នាពេល​ក្រោយ​ទៀត​។ ព្រោះ​ប្រសិន​បើ​បែងចែក​ទីតាំង​ចតទូក​មិន​ស្មើភាព​គ្នា អាច​នឹង​មាន​ទំនាស់​កើតឡើង​រវាង​អាជីវករ និង​អាជីវករ​ដូចគ្នា​៕