កណ្តាល: សមត្ថកិច្ចបានបញ្ជូនម្ចាស់ទូកុងតឺន័រម្នាក់ទៅសាលាដំបូងខេត្តកណ្តាលកាលពីម្សិលមិញ បន្ទាប់ពីរកឃើញមានលួចលាក់ស្ដុកពោះវៀនជ្រូក ក្បាលទា និងស្លាបមាន់ មានសារធាតុគីមីខុសច្បាប់សរុបប្រមាណ ៥ តោន នៅក្នុងទូកុងតឺន័រចំនួន ២ ដែលកំពុងលាក់ទុកនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ។
លោក ឈឿន សុចិត្ត ស្នងការខេត្តកណ្តាលបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីល្ងាចម្សិលមិញថា ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការ បន្ទាប់ពីសមត្ថកិច្ចបានចាប់ឃាត់ខ្លួនកាលពីថ្ងៃទី ៨ ខែមេសា និងបានធ្វើការសាកសួរតាមនីតិវិធីរួចរាល់។
លោកបញ្ជាក់ថា៖ «សមត្ថកិច្ចយើង បានបំពេញតាមនីតិវិធី និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ។ តុលាការសម្រេចយ៉ាងម៉េចគឺអាស្រ័យទៅលើតុលាការ ពីព្រោះវាផុតពីដៃយើងហើយ»។
លោក វង សែ អធិការរងស្រុកកៀនស្វាយបានថ្លែងពីម្សិលមិញថា សមត្ថកិច្ចជំនាញបានចុះត្រួតពិនិត្យឃ្លាំងស្តុកទំនិញ ១ កន្លែងដោយរកឃើញទូកុងតឺន័រមានស្ដុកពោះវៀនជ្រូក ក្បាលទា និងស្លាបមាន់នាំចូលខុសច្បាប់ប្រមាណ ៥ តោន។ ការងារនេះមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាលបានបញ្ជាឲ្យឃាត់ខ្លួនឈ្មោះ ហ៊ីម សុខហឿន ម្ចាស់ឃ្លាំង បណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី។
លោក សែ ថ្លែងថា៖ «យើងបានបង្កើតគណៈកម្មការចម្រុះ ដើម្បីត្រួតពិនិត្យឃ្លាំងផ្ទុកពោះវៀនជ្រូក ក្បាលទា និងស្លាបមាន់ នាំចូលខុសច្បាប់នេះ។ ជាលទ្ធផលរកឃើញវត្ថុតាងប្រហែល ៥ តោនដែលខូចគុណភាពទាំងអស់»។
លោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូលខេត្តកណ្ដាលបានថ្លែងពីម្សិលមិញថា កម្លាំងសមត្ថកិច្ចលោក និងកម្លាំងជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយនគរបាលស្រុកកៀនស្វាយបានចុះបង្ក្រាបទីតាំងខាងលើនេះ។
លោកបន្តថា ទូកុងតឺន័រទាំង ២ ទូនេះត្រូវបានសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យទៅលើពោះវៀនជ្រូក ក្បាលទា ស្លាបមាន់ ដែលមានសារធាតុគីមី ដោយមិនទាន់បានដឹងពីទម្ងន់ពិតប្រាកដនៅឡើយ។
ប៉ុន្ដែបើតាមការសាកសួរម្ចាស់ទូកុងតឺន័រនេះបានប្រាប់សមត្ថកិច្ចថា មានពោះវៀនជ្រូក ក្បាលទា និងស្លាបមាន់ សរុបទម្ងន់ចំនួន ៥ តោនដោយបានប្រមូលទិញនៅក្នុងស្រុកខ្មែរ ដើម្បីយកមកកែច្នៃធ្វើសាច់ក្រកដោយមិនមែនជាការនាំចូលពីបរទេសទេ។
លោកបញ្ជាក់ថា៖ «យើងមិនទាន់កំណត់សារធាតុគីមីប្រភេទអ្វីដែលដាក់នៅក្នុងពោះវៀនជ្រូកនេះទេ ព្រោះពោះវៀនជ្រូកទាំងនេះមានក្លិនស្អុយទៅហើយ ដោយសារដាក់ក្លាស្សេក្នុងទូ ប៉ុន្ដែដាច់ភ្លើងធ្វើឲ្យពោះវៀនជ្រូកខូចគុណភាព និងមានក្លិនស្អុយសាយភាយចេញមកក្រៅ។ ដូច្នេះយើងមានតែកម្ទេចចោលទេព្រោះវាស្អុយទៅហើយ»។
លោកបន្ថែមថា ចំពោះចំណាត់ការទៅលើម្ចាស់ទូកុងតឺន័រនេះលោកនៅមិនទាន់ដឹងពីនីតិវិធីនៅឡើយដោយលោកប្រគល់សំណុំរឿងនេះជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល។
ចំណែកសម្ភារដែលជាវត្ថុតាងទាំងអស់នៃបទល្មើសនេះលោកកំពុងរៀបចំនីតិវិធីប្រមូលយកមករក្សាទុក រីឯពោះវៀនជ្រូកក្បាលទា និងស្លាបមាន់នេះនឹងរកកន្លែងដុតបំផ្លាញចោល៕