ភ្នំពេញៈ ក្រុមគ្រួសារមួយដែលមានបន្ទប់ជួលជិត ១ ០០០ កាលពីម្សិលមិញបានព្រមពន្យារពេល ៣ ខែ និងបញ្ចុះ ៥ ដុល្លារ ក្នុងការដំឡើងថ្លៃបន្ទប់ជួលបន្ទាប់ពីកម្មកររោងចក្រប្រមាណ ១០០ នាក់ ដែលកំពុងស្នាក់នៅក្នុងបន្ទប់ជួលនេះ បាននាំគ្នាតវ៉ាក្រោយពីម្ចាស់ផ្ទះប្រកាសឡើងថ្លៃ ១០ ដុល្លារ។
ចាប់តាំងពីថ្ងៃអាទិត្យមកកម្មកររោងចក្រដែលបានជួលបន្ទប់ក្នុងសង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ ប្រមាណ ១០០ នាក់ បានបន្តឈរប្រមូលផ្តុំគ្នានៅប្លុកផ្ទះជួល ដើម្បីឲ្យម្ចាស់ផ្ទះជួល កុំដំឡើងថ្លៃបន្ទប់ខ្ពស់ពេកដោយនិយាយថា ពួកគេមិនអាចរត់រួចជាមួយនឹងការចំណាយបន្ថែមនេះបានទេ បើទោះជាប្រាក់ខែគោលក្នុងឆ្នាំថ្មីនេះ ឡើងដល់ ១៨២ ដុល្លារក្តី។ តែក្រោយការតវ៉ាចំនួន ២ ថ្ងៃ គឺនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទម្សិលម្ង៉ៃរួចមក ក៏មានការសម្របសម្រួលពីអាជ្ញាធរ ហើយភាគីខាងម្ចាស់ផ្ទះជួល ក៏យល់ព្រមតាមសំណើ។
លោក ប៊ុន មករា ដែលជាម្ចាស់ផ្ទះជួល បានប្រាប់ភ្នំពេញប៉ុស្តិ៍ ថា លោក យល់ព្រមតាមសំណើរបស់បងប្អូនកម្មករ ដែលស្នើសុំដំឡើងត្រឹមតែ ៥ ដុល្លារ ហើយពន្យារពេល ៣ ខែទៅមុខ។ លោកបន្តថា បើការសម្រេចបែបនេះកម្មករនៅតែមិនអាចទទួលយកបានទៀត លោកក៏គ្មានជម្រើសដែរ។
លោកថា៖ «៧ ឆ្នាំហើយ ផ្ទះជួលយើងមិនដែលឡើងថ្លៃទេ បើទោះជាផ្ទះជួលនៅជុំវិញយើង ឡើងខ្ពស់ជាងយើងអស់ក៏ដោយ ព្រោះតែយើងគោរពតាមការប្រកាសរបស់សម្តេច (ហ៊ុន សែន) មិនឲ្យឡើងថ្លៃ។ តែពេលនេះ បើទោះជាយើងឡើងថ្លៃក៏នៅ មានតម្លៃទាបជាងគេដែរ ដូច្នេះបើបងប្អូនអាចនៅបានក៏នៅ តែបើនៅមិនបាន យើងក៏មិនបង្ខំគាត់ដែរ ដោយយើងទុកពេល ៣ ខែហើយឲ្យគាត់អាចរកកន្លែងថ្មី»។
បើតាមលោក ប៊ុន មករា ក្រុមគ្រួសារលោក មានបន្ទប់ជួលជិត ១ ០០០ មានតម្លៃចាប់ពី ២០ ដល់ ៤០ ដុល្លារទៅ តាមទំហំ និងសោភណភាពបន្ទប់។
លោក កង វង ចៅសង្កាត់ចោមចៅ ១ ថ្លែងថា បន្ទាប់ពីផ្ទុះការតវ៉ា លោកក៏ព្យាយាមជួយសម្របសម្រួល និងស្នើឲ្យកម្មកររក្សាភាពស្ងៀមស្ងាត់ រង់ចាំការជជែកដោះស្រាយជាមួយម្ចាស់ផ្ទះជួលហើយពេលនេះភាគីខាងម្ចាស់ផ្ទះ បានឯកភាព។ លោកសង្ឃឹមថា កម្មករដែលបានជួលបន្ទប់ពីម្ចាស់ផ្ទះនេះ យល់យោគ និងឯកភាពតាមការសម្រេចនេះ ព្រោះអ្វីដែលបានសម្រេច គឺជាអ្វីដែលកម្មករបានទាមទារ។
លោកបញ្ជាក់ថា៖ «បើកម្មករនៅតែបន្តការតវ៉ា យើងនៅតែមានវិធានការជួយគាត់អ៊ីចឹង និងព្យាយាមសម្របសម្រួលជាមួយម្ចាស់ផ្ទះ ដើម្បីឲ្យបងប្អូនកម្មករយើងទទួលយកបាន។ តែយ៉ាងណាបងប្អូនយើងក៏ត្រូវយោគយល់ខ្លះដែរ ព្រោះម្ចាស់ផ្ទះជួលនេះគាត់មិនដែលឡើងថ្លៃទេ ហើយបន្ទប់គាត់ក៏ធូរថ្លៃជាងគេដែរ»។
កម្មកររោងចក្រ ដែលបានជួលបន្ទប់នេះជាង ២ ឆ្នាំ ដោយគ្រាន់តែប្រាប់ឈ្មោះថា សម្បត្តិ បាននិយាយពីម្សិលមិញថា បើការដំឡើងថ្លៃទាបជាងនេះកម្មករទាំងអស់អាចនឹងទទួលយកបាន ព្រោះតែស្ថានភាពរបស់កម្មករបច្ចុប្បន្ននៅតែមានភាពខ្វះខាត បើទោះជាប្រាក់ខែបានឡើងក៏ដោយ ហើយបើស្របពេលឡើងប្រាក់ខែនេះ ផ្ទះជួលក៏ឡើងដែរនោះ ការដំឡើងប្រាក់ខែ ក៏មិនអាចជួយឲ្យជីវភាពរបស់កម្មករបានល្អប្រសើរដែរ។ «បើឡើងច្រើនពេកខ្ញុំមានលុយណាឲ្យបើមួយខែៗ រកតែលុយបង់ថ្លៃបន្ទប់មិនគ្រាន់ផង។ អ៊ីចឹងសុំឲ្យគាត់ បើឡើងថ្លៃអី សុំឲ្យសមរម្យទៅ ព្រោះបើប្រាក់ខែគោលឡើង ៤-១០ ដុល្លារ ហើយបើផ្ទះជួល ឡើងប៉ុណ្ណឹងដែរ មានអីរំពឹងទៀត»។
ច្បាប់ភតិសន្យាពិសេស ឬហៅថា ច្បាប់គ្រប់គ្រងផ្ទះជួល ដែលរដ្ឋសភាបានអនុម័តកាលពីឆ្នាំ ២០១៥ ដែលមាន ៤ ជំពូក និង ១១ មាត្រា មានគោលបំណងគ្រប់គ្រងបន្ទប់ជួល និងទំនាក់ទំនងរវាងកម្មករ សិស្ស និងនិស្សិត ជាមួយនឹងម្ចាស់ផ្ទះ ដែលមានបន្ទប់ជួលស្នាក់នៅឲ្យមានលក្ខណៈរៀបរយព្រមទាំងជួយដោះស្រាយសំណូមពររបស់កម្មករ សិស្ស និងនិស្សិតទាក់ទងនឹងតម្លៃបន្ទប់ជួលសមស្រប នឹងកម្រៃប្រាក់គោលប្រចាំខែទាបហើយច្បាប់នេះ គឺមិនអនុញ្ញាតឲ្យម្ចាស់ផ្ទះជួលដំឡើងថ្លៃឈ្នួលផ្ទះសម្រាប់កម្មករ និស្សិត និងសិស្ស ដែលជួលផ្ទះក្នុងអំឡុងពេល ២ ឆ្នាំនៃការជួលផ្ទះ តែផ្តល់សិទ្ធិឲ្យអ្នកជួលផ្ទះអាចឈប់ជួលពេលណាក៏បាន៕