ភ្នំពេញ: ម្ចាស់បែត្រីមួយចំនួនដែលជាជនជាតិខ្មែរអ៊ិស្លាមរស់នៅតាមច្រាំងទន្លេសាបក្នុងតំបន់ច្រាំងចំរេះថ្មីៗនេះបានផ្លាស់ប្ដូរទីតាំងដោយធ្វើដំណើរតាមទូកក្នុងដងទន្លេសាបនារាជធានីភ្នំពេញដោយសារតែពួកគេបានអះអាងថាត្រីក្នុងបែដែលពួកគេកំពុងចិញ្ចឹមបានងាប់ច្រើនដោយពុលនៅក្នុងរដូវក្តៅឆ្នាំនេះ ដើម្បីមកកាន់តំបន់ជ្រោយចង្វារជាទីតាំងទឹកថ្មី ខណៈដែលអាជ្ញាធរអះអាងថាពួកគាត់តែងបំផ្លាស់ទីរាល់ឆ្នាំនៅពេលមានត្រីពុលងាប់។
លោក ថិន ថាន អាយុ ៣៤ ឆ្នាំជនជាតិខ្មែរអ៊ីស្លាមដែលជាម្ចាស់បែមួយបានឲ្យដឹងថាឆ្នាំនេះត្រីចិញ្ចឹមក្នុងបែគាត់បានងាប់អស់ជាង ១ តោនដោយសារទឹក និងអាកាសធាតុក្តៅរាល់ឆ្នាំនាខែនេះទើបនាំគ្នាមកបំផ្លាស់ទីលំនៅបណ្ដែតទឹកដើម្បីប្តូរទឹកដោយសង្ឃឹមថាត្រីក្នុងបែនឹងមិនបន្តងាប់ទៀត។
លោក ថាន ថ្លែងថា៖ «ខ្វល់ចិត្តណាស់ឆ្នាំនេះត្រីក្នុងបែពុលងាប់ច្រើនជាងរាល់ឆ្នាំងាប់អស់ ១ តោនហើយទើបខ្ញុំបន្លាស់ទីមកតំបន់នេះដើម្បីប្តូរទឹក»។
លោក ពេ្រជ សារឿន ចៅសង្កាត់ជ្រោយចង្វារបានឲ្យដឹងថាអាជ្ញាធរមិនបានអនុញ្ញាតឲ្យពួកគាត់បន្លាស់ទីទេតែពេលខ្លះដោយសារត្រីគាត់ងាប់ច្រើនទើបមិនអាចហាមឃាត់ពួកគាត់បាន។ លោក សារឿន ថ្លែងថា៖ «ខ្ញុំនឹងចាត់ឲ្យគេចុះទៅមើលបញ្ហាគឺត្រីពួកគាត់ងាប់មកបន្លាស់ប្តូរទឹកមួយរយៈ»។
លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថាស្ថានភាពនៃការផ្លាស់ទីរបស់អ្នកចិញ្ចឹមត្រីតាមបែគឺកើតមានជារៀងរាល់ឆ្នាំនារដូវក្តៅដោយសារត្រីរបស់គេពុលងាប់។
លោកបានមានប្រសាសន៍ថា៖ «គាត់ផ្លាស់ប្តូរជារៀងរាល់ឆ្នាំទេដោយសារត្រីគាត់ពុលងាប់ដោយសារគួបផ្សំនឹងអាកាសធាតុក្តៅ»៕