
អគារពណ៌សនៅម្ខាងនៃព្រែក គឺជាផ្ទះសត្វត្រចៀកកាំនៅខេត្តកោះកុង។ ហេង ជីវ័ន
កោះកុងៈ មន្ទីរបរិស្ថានខេត្តកោះកុងជំរុញឱ្យប្រជាពលរដ្ឋជាម្ចាស់សំណង់ផ្ទះចិញ្ចឹមសត្វត្រចៀកកាំ នៅតាមបណ្តាក្រុង និងស្រុកត្រូវអនុវត្តកិច្ចសន្យាការពារបរិស្ថានដែលបានធ្វើហើយជាមួយមន្ទីរបរិស្ថានខេត្ត បើមិនដូច្នោះទេ មន្ទីរបរិស្ថាននឹងមានវិធានការតាមផ្លូវច្បាប់។
លោក ម៉ម ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង កត់សម្គាល់ឃើញថា ពលរដ្ឋដែលជាម្ចាស់សំណង់ផ្ទះចិញ្ចឹមត្រចៀកកាំមិនបានអនុវត្តទៅតាមខ្លឹមសារនៃកិច្ចសន្យាការពារបរិស្ថានដែលពួកគាត់ បានធ្វើរួចនាពេលកន្លងមកជាមួយមន្ទីរបរិស្ថានខេត្តនោះទេ។ បើតាមលោកប្រធានមន្ទីរ ពលរដ្ឋដែលបានធ្វើផ្ទះចិញ្ចឹមត្រចៀកកាំពីមុនយូរហើយមិនទាន់បានធ្វើកិច្ចសន្យា ការពារបរិស្ថានទេ។ ប៉ុន្តែសម្រាប់ពលរដ្ឋទើបធ្វើពេលក្រោយ សុទ្ធតែបានធ្វើកិច្ចសន្យាការពារបរិស្ថានទាំងអស់គ្នា។ ចំពោះផលប៉ះពាល់ពីការចិញ្ចឹមសត្វត្រចៀកកាំសំខាន់ជាងគេគឺសំឡេងរំខាន។
លោកថ្លែងថា៖ «ផលប៉ះពាល់ពីការចិញ្ចឹមសត្វត្រចៀកកាំ គឺសំឡេងជាចំណុចទី១ ក្រៅពីហ្នឹងសំណល់ដែលជាអាចម៍ត្រចៀកកាំដូចជាមិនមានផលប៉ះពាល់អ្វីទេ ដោយសារតែអាចម៍ត្រចៀកកាំ ម្ចាស់បានគ្រប់គ្រងថែរក្សា ហើយគាត់យកអាចម៍ហ្នឹងទៅលក់ជាថវិកាទៀតផង»។
ប៉ុន្តែបើតាមការអះអាងរបស់លោក ម៉ម ផល្លា ការជំរុញឱ្យពលរដ្ឋអនុវត្តកិច្ចសន្យានេះ លោកមិនកំណត់ពេលវេលាជាក់លាក់ ដើម្បីឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តកិច្ចសន្យាការពារបរិស្ថាន ឬមិនទាន់បំពេញនីតិវិធីកិច្ចសន្យាការពារបរិស្ថាននោះទេ ទោះបីជាមន្ទីរបរិស្ថានខេត្តកោះកុងគ្រោងមានវិធានការផ្លូវច្បាប់ក៏ដោយ។
ផ្ទះត្រចៀកកាំចំនួនប៉ុន្មានដែលមិនបានអនុវត្តតាមកិច្ចសន្យាការពារបរិស្ថាននោះ លោក ម៉ម ផល្លា មិនបានបញ្ជាក់ពីតួលេខនោះទេ ដោយលោកថា ផ្ទះត្រចៀកកាំភាគតិចទេ ដែលមិនបានអនុវត្តតាមកិច្ចសន្យាការពារបរិស្ថាន។
លោកថ្លែងថា៖ «យើងអត់បិទផ្លូវគាត់ទេ យើងនៅតែទទួលគាត់ជារៀងរហូត ឱ្យតែពួកគាត់ចូលរួមក្នុងកិច្ចសហការដើម្បីធ្វើកិច្ចសន្យា ការពារបរិស្ថាន។ សម្រាប់បងប្អូនដែលបានធ្វើកិច្ចសន្យាហើយត្រូវតែអនុវត្តនូវកិច្ចសន្យាដែលពួកគាត់បានធ្វើរួចហើយនោះ។ ក្នុងករណីជំរុញណែនាំច្រើនលើក មិនធ្វើតាម ទើបយើងចាត់វិធានការផ្លូវច្បាប់»។
តាមសេចក្តីជូនដំណឹងរបស់មន្ទីរបរិស្ថានខេត្តកោះកុងស្តីពីការជំរុញការអនុវត្តកិច្ចសន្យាការពារបរិស្ថាន ចំពោះសំណង់ផ្ទះចិញ្ចឹមត្រចៀកកាំកាលពីថ្ងៃទី ៧ ធ្នូ គឺ ខ្លឹមសារ នៃកិច្ចសន្យាការពារបរិស្ថាននោះ ភាគីម្ចាស់ផ្ទះត្រចៀកកាំត្រូវធានាបិទសំឡេងទាំងស្រុងចាប់ពីម៉ោង ៧ យប់រហូតដល់ម៉ោង ៦ ព្រឹក ដើម្បីកុំឱ្យរំខានប៉ះពាល់អ្នកជិតខាង។
ក្នុងសេចក្តីជូនដំណឹងក៏បានប្រាប់ឱ្យពលរដ្ឋជាម្ចាស់ផ្ទះចិញ្ចឹមត្រចៀកកាំ ដែលមិនបានបំពេញនីតិវិធីធ្វើកិច្ចសន្យាការពារបរិស្ថាន ប្រញាប់មកបំពេញនីតិវិធីកិច្ចសន្យាការពារបរិស្ថានឱ្យបានរួសរាន់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
លោក វី រ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តថ្លែងថា៖ «ផ្ទះចិញ្ចឹមត្រចៀកកាំក្នុងបណ្តាក្រុង ស្រុកនៅខេត្តកោះកុងសុទ្ធតែមានច្បាប់ត្រឹមត្រូវ ប៉ុន្តែលើកលែងតែនៅតំបន់ការពារធម្មជាតិ និងតំបន់ដែលរដ្ឋមិនទាន់បានកាត់ឆ្វៀលទៅប្រជាពលរដ្ឋ។ អាហ្នឹងយើងអត់ទាន់ហ៊ានចេញច្បាប់ជូនពួកគាត់ទេ»។
លោក សុខ សុទ្ធី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុងប្រាប់ពីម្សិលមិញថា រដ្ឋបាលខេត្តបានចេញសេចក្តីណែនាំមិនឱ្យមានការសាងសង់ផ្ទះត្រចៀកកាំនៅក្នុងទីប្រជុំជនទៀតទេពីអំឡុងពាក់កណ្តាលឆ្នាំ ២០១៩ បើទោះបីជានៅទីរួមស្រុក ឬក្រុងក៏ដោយ។ លោកថា៖ «ប្រជាពលរដ្ឋអាចសង់ផ្ទះចិញ្ចឹម ត្រចៀកកាំបានគឺយើងគិតថាចម្ងាយ ២ គីឡូម៉ែត្រ ឬលើសនោះពីទីប្រជុំជនទៅតាមសភាពជាក់ស្តែងនៃទំហំទីប្រជុំជន»។
លោក ស៊ុយ កុកធាន អ្នកជំនាញសង់ផ្ទះត្រចៀកកាំគាំទ្រមន្ទីរបរិស្ថានខេត្តកោះកុងដែលណែនាំពលរដ្ឋមិនឱ្យមានការចាក់សំឡេងចន្លោះពីម៉ោង ៧ យប់ ដល់ម៉ោង ៦ ព្រឹក។ លោកកត់សម្គាល់ថា អ្នកចិញ្ចឹមត្រចៀកកាំភាគច្រើនតែងចាក់សំឡេងឮសូរខ្លាំងៗបង្កការរំខានដល់ពលរដ្ឋជិតខាង ខណៈការបើកសំឡេងឮខ្លាំងៗគ្មានប្រយោជន៍សម្រាប់ការទាក់ទាញដល់សត្វត្រចៀកកាំ។
លោកថ្លែងថា៖ «សំឡេង វាមានសំឡេងដែលអាចរណ្តំស្តាប់ទៅវាពីរោះមិនចាក់ត្រចៀកពេក ហើយមានកម្រិតសំឡេងរបស់វា។ ដល់ពេលយើងដាក់សំឡេងខ្លាំងៗពេក ត្រចៀកកាំ ហាក់ដូចជាមកលេងតែមួយភ្លែតៗ វាហើរចេញទៅវិញអស់អ៊ីចឹងទៅ ហើយសត្វត្រចៀកកាំ វាមិនមែនមកនៅនឹងសំឡេងបាញ់ខ្លាំងៗហ្នឹងទេ»។
បើតាមលោក កុកធាន ការចិញ្ចឹម ត្រចៀកកាំ មិនប៉ះពាល់បរិស្ថានទេ ព្រោះនេះជាការចូលរួមអភិរក្សក្នុងការចិញ្ចឹមដោយគ្មានប្រើសារធាតុគីមី។ លាមកសត្វគេអាចប្រើជាប្រយោជន៍ក្នុងការដាំដុះ៕