ភ្នំពេញៈ ម្ចាស់ផ្ទះ​ ឬ​បន្ទប់​ជួល​មួយ​ចំនួន​បាន​សម្រេច​ផ្អាក​យក​ថ្លៃឈ្នួល​បន្ទប់​មួយ​រយៈពេល ​ខណៈ​អ្នកខ្លះ​បញ្ចុះតម្លៃ​ពី​ ៤០ ​ទៅ​ ៥០ ​ភាគរយ​ ដើម្បី​ជួយ​សម្រាល​​បន្ទុក​ដល់​អ្នក​ជួល បន្ទាប់ពី​បាន​​មើលឃើញ​ពី​ការលំបាក​ក្នុង​ការរកប្រាក់​ចំណូល​មក​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ដោយសារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ពិសេស​ការចម្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ។

ម្ចាស់​អាជីវកម្ម​ផ្ទះជួល ដែល​ស្ថិតក្នុង​សង្កាត់​ស្វាយរលំ ក្រុង​តាខ្មៅ ខេត្តកណ្តាល លោក ឈឿន ប៊ុនឆន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា លោក​បានសម្រេច​ផ្អាក​យក​ថ្លៃឈ្នួល​បន្ទប់ពី​អ្នក​ជួល​ទាំងអស់​ដែល​មាន​ទាំង​កម្មករ​រោងចក្រ និង​បុគ្គលិក​ឯកជន​រយៈពេល​ ៣ ​ខែ ​គឺ​ចាប់ពី​ខែមីនា មេសា និង​ខែឧសភា​។

លោក​បាន​ប្រាប់ថា​៖ «​ខ្ញុំ​មាន​បន្ទប់​ជួល​ ៦៩ ​បន្ទប់ ដែល​ភាគច្រើន​ជា​កម្មករ​រោងចក្រ​ជួល​ស្នាក់នៅ ហើយ​ថ្ងៃនេះ​ខ្ញុំ​សម្រេច​មិន​យក​ថ្លៃឈ្នួល​ ៣ ​ខែ ប៉ុន្តែ​ថ្លៃ​ទឹក និង​ភ្លើង​ពួកគាត់​ជា​អ្នកចេញ​ដោយ​ខ្លួនឯង​។ ពួកគេ​ខ្លះ​បាន​អរគុណ​ខ្ញុំ​ដោយ​ក្តីរំភើប​លាយឡំ​នឹង​ទឹកភ្នែក​ផងដែរ​»​។

លោក ឈឿន ប៊ុនឆន បាន​បន្ថែមថា គ្រប់​អាជីវកម្ម​សុទ្ធតែ​ជួប​ការលំបាក​ទាំងអស់​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ​មាន​អ្នកខ្លះ​យល់ថា រោងចក្រ​មិនទាន់​បិទទ្វារ​ទេ ដូចនេះ​កម្មករ​រោងចក្រ​មិនទាន់​ពិបាក​ទេ តែ​សម្រាប់​រូបលោក​បែរជា​គិត​ខុសពី​នោះ​ទៅវិញ​។

ម្យ៉ាងវិញទៀត រោងចក្រ​នៅ​តំបន់​របស់​លោក​នោះ​មាន​កម្មករ​មួយចំនួន​បាន​ចាប់ផ្តើម​បាត់បង់​ការងារ​ថែម​ម៉ោង និង​គ្មាន​អីវ៉ាន់​សម្រាប់ធ្វើ​ច្រើន​ដូច​មុន​ទៀត​ទេ​។

លោក​បាន​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ផ្ទះជួល​ផ្សេងៗ​ថា​៖ «​បងប្អូន​មាន​បន្ទប់​ជួល​ទាំងឡាយ បើ​មាន​អ្វី​ជួយ​​បាន​ជួយ​ទៅ គ្មាន​បរទេស​ណា​មកជួយ​គ្នា​យើង​ក្រៅពី​ខ្មែរ​ជួយ​ខ្មែរ​ទេ​»​។

ចំណែក​លោក យ៉ែម សុថានី ដែលមាន​បន្ទប់​ជួល​ជិត​ ១០ ​បន្ទប់​នៅ​សង្កាត់​​ទឹកថ្លា ខណ្ឌ​សែនសុខ បានសម្រេច​បញ្ចុះតម្លៃ​បន្ទប់​ជួល​របស់​លោក​ចំនួន​ ៤០ ​ភាគរយ​ផងដែរ ​ក្នុង​រយៈពេល​ ២ ​ខែ​គឺ​ខែមេសា និង​ខែឧសភា​។

លោក​បានបញ្ជាក់​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «​ខ្ញុំ​អាច​បញ្ចុះតម្លៃ​បាន​ត្រឹម​តែ​ ៤០ ​ភាគរយ​ទេ ដោយសារ​តម្លៃ​បន្ទប់​ជួល​របស់ខ្ញុំ ខ្ញុំ​យក​តម្លៃ​ខ្ពស់បំផុត​តែ​ ៥៥ ​ដុល្លារ​ប៉ុណ្ណោះ​ ក្នុង​ ១ ​ខែ ហើយ​ការបញ្ចុះ​នេះ​ គឺ​ដើម្បី​ជួយ​ទប់​លំនឹង​សេដ្ឋកិច្ច​ចូលរួម​កាត់បន្ថយ​ការចំណាយ​មួយផ្នែក​របស់​បងប្អូន​អ្នក​ជួល​បន្ទប់​របស់ខ្ញុំ​ក្នុងអំឡុង​ផ្ទុះ​ជំងឺ​កូវីដ​ ១៩​ នេះ​»​។

លោក យ៉ែម សុថានី បាន​បន្តថា ក្រោយពី​បញ្ចុះតម្លៃ​រួច តម្លៃ​បន្ទប់​នៅ​ត្រឹម​តែ​ពី​ ១៨ ​ដុល្លារ​ ទៅ​ ៤២ ​ដុល្លារ​ប៉ុណ្ណោះ​ ក្នុង​ ១ ​ខែ​។

ចំណែក​ម្ចាស់​អាជីវកម្ម​បន្ទប់​ជួល​ម្នាក់ទៀត​បាន​បង្ហោះ​លើ​បណ្តាញសង្គម​របស់លោក​ដោយ​ប្រកាស​ចូលរួម​ដល់​សេដ្ឋកិច្ច​ពលរដ្ឋ​ខ្មែរ​ផងដែរ​ដោយ​លោក​បាន​បញ្ចុះ​ថ្លៃ​បន្ទប់ជួល​រហូតដល់​ ៥០ ​ភាគរយ ​នៃ​តម្លៃ​បន្ទប់​ដោយ​មិនបាន​កំណត់​រយៈពេល​នៃ​ការបញ្ចុះ​នេះឡើយ​។

លោក​បានសរសេរ​ថា​៖ «​ក្នុងនាម​ខ្ញុំ​ជា​ម្ចាស់​បន្ទប់​ជួល​ទាំង​ ២០ ​បន្ទប់​ សូម​​ចូលរួម​ជួយ​ដល់​សេដ្ឋកិច្ច​បងប្អូន​ដោយ​​វីរុស​កូរ៉ូណា​ទើប​លំបាក និង​ប៉ះពាល់​​ដល់​ចំណូល​បងប្អូន​ជាច្រើន ខ្ញុំ​សូម​ចុះ​​ថ្លៃ​បន្ទប់​ ៥០% រហូត​ដល់​ប្រទេសជាតិ​​ប្រសើរ​ឡើងវិញ​»​។

អ្នកនាង ស្រី យ៉ា ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ដែល​បាន​មក​ធ្វើការ​នៅ​ទីក្រុង​ភ្នំពេញ និង​បាន​ជួល​បន្ទប់​ស្នាក់នៅ​តាំងពី​ឆ្នាំ​ ២០១២ ​មក​បាន​ថ្លែងថា អ្នកនាង​មិនទាន់​ដឹងថា តើ​ម្ចាស់​បន្ទប់​ជួល​នឹង​បញ្ចុះតម្លៃ​ឬទេ ប៉ុន្តែ​កាលពី​ឆ្នាំមុន ម្ចាស់​បន្ទប់​ជួល​បាន​ចុះ​រហូតដល់​ ៥០ ​ភាគរយ គឺ​ពី ​៥០ ​ដុល្លារ​ មក​ ២៥ ​ដុល្លារ ​ក្នុង​ ១ ​ខែ​។

អ្នកនាង​បានស្នើ​សុំ​ដល់​ម្ចាស់​បន្ទប់ជួល​របស់​អ្នកនាង​ឱ្យ​បញ្ចុះតម្លៃ​ជួល​បន្ទប់​ដូច​ឆ្នាំមុន​ដែរ ដោយសារ​ពេលនេះ​កម្មករ​បាត់បង់​ចំណូល​ច្រើន និង​ជួប​បញ្ហា​ជីវភាព​ច្រើន ដោយសារ​ជំងឺ​កូវីដ​ ១៩​ នេះ ហើយ​នាង​សង្ឃឹមថា​​ម្ចាស់​បន្ទប់​ជួល​នឹង​មាន​ការយោគយល់​លើ​បញ្ហា​របស់​កម្មករ​។

ទាក់ទង​នឹង​ការបញ្ចុះ​តម្លៃ​បន្ទប់​ជួល​នេះ​លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​បាន​សរសើរ​ដល់​​ទឹកចិត្ត​ម្ចាស់ផ្ទះ​ ឬ​បន្ទប់​ជួល​ទាំងនេះ​​ហើយ​លោក​ក៏បាន​អំពាវនាវ​ដល់​អ្នកមាន​បន្ទប់​ជួល​ទាំងអស់​គួរតែ​យោគយល់​ដល់​កម្មករ​ក៏ដូចជា អ្នក​ដែលមាន​ការលំបាក​ក្នុង​កាលៈទេសៈ​នេះ​។

លោក​ថា​៖ «​ខ្ញុំ​ក៏​សុំ​ស្នើ​ដល់​បងប្អូន​ម្ចាស់ផ្ទះ​ទាំងអស់​នៅក្នុង​ប្រទេស​របស់​យើង ដែល​មាន​ផ្ទះជួល គួរតែ​យោគយល់ មិន​ថា ជួល​សម្រាប់​បងប្អូន​ក្នុង​វិស័យ​អី​ទេ គឺ​គួរតែ​ជួយ​គ្នា​ក្នុង​គ្រានេះ​ក្នុង​នាម​ជា​ខ្មែរ​ដូចគ្នា​»​។

លោក​ ហ្វា សាលី បាន​បន្ថែមថា ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​គួរតែ​ចូលរួម​ជួយ​អំពាវនាវ​ឱ្យ​ម្ចាស់ផ្ទះ​បញ្ចុះតម្លៃ​ជួល​សម្រាប់​កម្មករ-និយោជិត ប៉ុន្តែ​អាជ្ញាធរ​មិនមាន​សិទ្ធិ​បង្ខំ​ពួកគាត់​នោះទេ គឺជា​ការសម្រេច​របស់​ម្ចាស់ផ្ទះ​ក្នុងការ​បញ្ចុះតម្លៃ​នេះ​។

ចំណែក​លោក ប៉ាវ ស៊ីណា ប្រធាន​​សហភាព​ចលនា​កម្មករ​កម្ពុជា​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ដែរ​ថា ប្រទេស​​កម្ពុជា ​បាន​អនុវត្ត​នូវ​ទីផ្សារ​សេរី​ដែល​មាន​ការពិបាក​ក្នុង​ការស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចេញ​លិខិត និង​បទប្បញ្ញត្តិ​​នានា ដើម្បី​ឱ្យ​ម្ចាស់ផ្ទះ​បញ្ចុះ​ថ្លៃ​ជួល​ ឬ​ការមិន​យក​ថ្លៃ​ជាដើម​។

លោក​បាន​បញ្ជាក់ថា​៖ «​វា​ជា​ការពិបាក ប៉ុន្តែ​ខ្ញុំ​យល់ថា យើង​អាច​ធ្វើបាន ដោយ​ការអំពាវនាវ​របស់​ស្ថាប័ន​រដ្ឋាភិបាល ប៉ុន្តែ​ការដាក់កំហិត​គឺជា​​ឧបសគ្គ តែ​អ្វីដែល​សំខាន់​គឺ​យើង​ពឹងផ្អែក​ទៅ​លើ​លទ្ធភាព​នៃ​ការជួយ​គ្នា​ក្នុង​ការបញ្ចុះតម្លៃ​ ឬ​មិន​យក​ថ្លៃ​តែម្តង​»​។

លោក ប៉ាវ ស៊ីណា មិនមាន​ជា​តួលេខ​ថា​តើ​មាន​កម្មករនិយោជិត​ប៉ុន្មាន​ភាគរយ​ដែល​នៅ​បន្ទប់​ជួល​ទេ ប៉ុន្តែ​​តាម​ការសង្កេត​របស់​លោក កម្មករ​ដែល​ស្នាក់​នៅផ្ទះ​ ឬ​បន្ទប់​ជួល​មាន​ចំនួន​ច្រើន​។

មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​ក្នុង​ករណី​នេះ​បាន​ទេ​​ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​អំពាវនាវ​ដល់​ម្ចាស់​ផ្ទះជួល​ ឬ​​ទីតាំង​សម្រាប់​ជួល​ឱ្យ​យោគយល់​កុំ​​ដំឡើង​ថ្លៃ​ ឬ​អាច​បញ្ចុះតម្លៃ​តាម​ដែល​អាច​ធ្វើបាន​ក្នុង​កាលៈទេសៈ​នេះ​។

លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ខែមីនា ឆ្នាំមុន​ថា​៖ «​ការបង់ថ្លៃ​ឈ្នួល​ផ្ទះ ការបង់​រំលស់​ផ្ទះ បង់​រំលស់​រថយន្ត​ព្រមទាំង​ការបង់​រំលស់​អ្វីៗ​គួរ​គប្បី​ម្ចាស់​ទីតាំង​​ និង​អតិថិជន​ដែលជា​អ្នក​បង់​រំលស់​​ត្រូវ​ផ្តល់​នូវ​ការយោគយល់​គ្នា​ទៅវិញទៅមក​ ដើម្បី​ចូលរួម​សម្រួល​ការលំបាក​ក្នុង​កាលៈទេសៈ​ប្រទេស​កម្ពុជា​កំពុងតែ​ជួប​វិបត្តិ​ការរាតត្បាត​នៃ​​វីរុស​ COVID-19 នេះ​»៕

វីដេអូ៖