ភ្នំពេញ៖ ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ​​ណែនាំ​ប្រជាពលរដ្ឋ និង​ម្ចាស់​​យានយន្ត​ដែល​កំពុង​កាន់កាប់​យានយន្ត​ទិញ-លក់​តៗ​គ្នា ​ហើយ​រក​ម្ចាស់​ដើម​​មិន​ឃើញ ​ដែល​មាន​បំណង​ចង់​​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត​ត្រូវ​ដាក់​ពាក្យ​សុំ​ផ្ទេរ​​កម្មសិទ្ធិ​ ដោយ​ត្រូវ​ភ្ជាប់​ជាមួយ​​ឯកសារ​មួយ​ចំនួន​ដើម្បី​បញ្ជាក់​អត្តសញ្ញាណជាម្ចាស់​យានយន្ត និង​យានយន្ត។

សេចក្តី​ណែនាំ​របស់​ក្រសួង​សាធារណការ​​ស្តីពី ​«ការ​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត ​ដែល​រក​ម្ចាស់​ដើម​មិន​ឃើញ» ​ចុះ​ថ្ងៃទី ១២​ ខែ​មីនា​ ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ម្សិលមិញ​បញ្ជាក់​ថា ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​សូម​ធ្វើ​ការ​ណែនាំ​ដល់​អ្នក​កំពុង​កាន់កាប់​យានយន្ត​ដែល​បាន​ទិញ​-លក់​តៗ​គ្នា ​ហើយ​រក​ម្ចាស់​ដើម​មិន​ឃើញ ​ដែល​មាន​បំណង​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត ​ត្រូវ​ដាក់​ពាក្យ​សុំ​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត ​ដោយ​ភ្ជាប់​នូវ​សំណុំ​ឯកសារ​មួយ​ចំនួន។

សេចក្ដី​ណែនាំ​បន្ត​ថា ​ឯកសារ​ទាំង​នោះ​ ដូចជា​ពាក្យសុំ​ផ្ទេរ​កម្មសិទ្ធិ​យាន​ជំនិះ​មាន​ផ្តិត​ស្នាម​មេដៃ​អ្នក​ស្នើសុំ ​និង​មាន​បិទ​សំណៅ​លេខ​កាល់ ​(លេខ​តួ ​ឬ​សាក់​ស៊ី) ដែល​ចម្លង​ជាក់​ស្ដែង​ពី​យានយន្ត ​បណ្ណ​សម្គាល់ ​(ច្បាប់​ដើម) ​និង​ស្លាក​លេខ​សម្គាល់​យាន​ជំនិះ ​(ករណី​ផ្ទេរ​កម្មសិទ្ធិ​ឆ្លង​រាជធានី​-ខេត្ត)។ ចំពោះ​អត្តសញ្ញាណ​​ អ្នក​លក់ ​និង​អ្នក​ទិញ ​ពលរដ្ឋ​ខ្មែរ ​ត្រូវ​មាន​​ អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ច្បាប់​ចម្លង​ដែល​មាន​បញ្ជាក់​​ ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។ រីឯ​ជន​បរទេស​ ត្រូវ​មាន​លិខិត​ឆ្លងដែន​ ទិដ្ឋាការ​មាន​សុពលភាព ​និង​លិខិត​បញ្ជាក់​ទីលំនៅ​បច្ចុប្បន្ន​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច។

សេចក្ដី​ណែនាំ​បន្ថែមថា ​ក្នុង​នោះ ​ម្ចាស់​យានយន្ត​ត្រូវ​មាន​បង្កាន់​ដៃ​ពន្ធ​ប្រថាប់​ត្រា​លើ​ការ​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត​លិខិត​លក់​-ទិញ​ កិច្ច​សន្យា​ធានា​ដែល​មាន​បញ្ជាក់​ពី​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល។ ទម្រង់​នៃ​ពាក្យ​សុំ​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត ​លិខិត​លក់​-ទិញ ​និង​កិច្ច​សន្យា​ធានា​ដែល​មាន​នៅ​ក្នុង​ឧបសម្ព័ន្ធ​នៃ​សេចក្តី​ណែនាំ​នេះ។

ក្រសួង​បញ្ជាក់​ថា​៖ «ក្រោយ​ពី​ទទួល​បាន​សេចក្តី​ណែនាំ​នេះ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ នៃ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​គ្រប់​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​រាជធានី​-​ខេត្ត ​ប្រធាន​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ​ត្រូវ​អនុវត្ត​តាម​ភារកិច្ច​រៀងៗ​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​ និង​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​រហូត​ថ្ងៃទី ៣០​ ខែ មិថុនា ​ឆ្នាំ ​២០២០»។

លោក ​ប៉ាល់ ច័ន្ទតារា ​រដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​ ពី​ម្សិលមិញ​បាន​បដិសេធ​ការ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​តម្លៃ​សេវា​កាត់​ឈ្មោះ ​ឬ​ផ្ទេរ​សិទ្ធិ​កាន់​កាប់​យានយន្ត​នេះ ​ដោយ​លោក​អះអាង​ថា ​កំពុង​ជាប់​រវល់​ប្រជុំ។

ឯ​លោក ​ហ៊ាង សុទ្ធាយុត្ត ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន ​និង​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ក៏​បដិសេធ​ការ​ធ្វើ​អត្ថាធិប្បាយ​ដែរ​ ដោយ​លោក​កំពុង​ជាប់​រវល់​ប្រជុំ។

លោក ​គង់ រតនៈ ​នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​គាំទ្រ​ចំពោះ​ការ​សម្រប​សម្រួល​ឲ្យ​ម្ចាស់​យានយន្ត ​និង​ពលរដ្ឋ​ទាំង​អស់​មាន​ឱកាស​ផ្ទេរ​កម្មសិទ្ធិ​​យានយន្ត​ដោយ​មិន​ចាំបាច់​ស្វែង​រក​ម្ចាស់​ដើម​យានយន្ត​ដែល​គាត់​បាន​ទិញ​បន្ត​ពី​អ្នក​ផ្សេង ​ព្រោះ​នីតិវិធី​នេះ​មិន​បង្ក​ការ​លំបាក​វែង​ឆ្ងាយ​ដល់​ពួក​គាត់។

លោក​ថ្លែង​ពី​ម្សិលមិញ​ថា​៖ «កន្លង​មក​នេះ​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ចោរប្លន់ ​និង​ករណី​បាត់បង់​យានយន្ត​ ហើយ​ម្ចាស់​យានយន្ត​បាន​មក​ដាក់​ពាក្យ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​តាម​រក ​គឺ​សមត្ថកិច្ច​ គាត់​អាច​រក​ឃើញ​ត្រឹម​ម្ចាស់​ដើម​ នៃ​យានយន្ត​ហ្នឹង។ ប៉ុន្ដែ​គាត់​មិន​អាច​ស្វែងរក​ម្ចាស់​ទី២ ​ដែល​កំពុង​កាន់កាប់​យានយន្ត​នេះ​ទេ​ ព្រោះ​ពិបាក​ស្រាវជ្រាវ។ ដូច្នេះ​វា​ជា​ឧបសគ្គ​សម្រាប់​សមត្ថកិច្ច​​ក្នុង​ការ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ម្ចាស់​យានយន្ត​ដែល​កំពុង​កាន់​កាប់»។

លោក ​រតនៈ ​បន្ត​ថា ​លោក​ជំរុញ​ឲ្យ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​រក​វិធី​កែ​សម្រួល​នីតិវិធី​កុំ​ឲ្យ​មាន​ការ​បំពេញ​បែប​បទ​ស្មុគស្មាញ​ខ្លាំង​ពេក ​ដើម្បី​ឲ្យ​ម្ចាស់​យានយន្ត​ងាយ​ស្រួល​យល់ ​និង​បំពេញ​បែបបទ។ ចំពោះ​តម្លៃ​សេវា​គួរ​តែ​សម្រួល​​ ឲ្យ​ទាប​ជាង​តម្លៃ​បច្ចុប្បន្ន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ពលរដ្ឋ​មាន​លទ្ធភាព​កាត់​ឈ្មោះ ឬ​ផ្ទេរ​ឈ្មោះ​យានយន្ត​របស់​ខ្លួន​។

តាម​លិខិត​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​ចុះ​ថ្ងៃ ១៧ ​ខែ កុម្ភៈ ​ឆ្នាំ ២០២០​ ស្តីពី​ការ​អនុគ្រោះ​ឲ្យ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ ​ចំនួន ​៣ ឆ្នាំ​ចុង​ក្រោយ​ចាប់​ពី​ឆ្នាំ ២០១៧-​២០១៩ ​គឺ​មាន​ការ​លើក​លែង​ប្រាក់​​ពិន័យ​ទោសទណ្ឌ​លើ​រថយន្ត​​មិន​បាន​បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន ​និង​យាន​ជំនិះ​គ្រប់​ប្រភេទ​ពី​មុន​មក​ នៅ​ពេល​​ម្ចាស់​យានយន្ត​ដាក់​ពាក្យ​ស្នើសុំ​បង់​ពន្ធ​ប្រថាប់​ត្រា​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត​៕