ភ្នំពេញៈ មន្ត្រីនគរបាល​ច​រាចរណ៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​ម្សិលមិញ​ថា ម្ចាស់​រថយន្ត​បង្ក​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​និស្សិត​ស្រី​ម្នាក់​ស្លាប់​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​បាន​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ ខណៈ​អ្នក​បើកបរ​គេច​ខ្លួន​បាត់​ស្រប​ពេល​មាន​ការ​ថ្កោល​ទោស​ពី​ការ​បើកបរ​លឿន​ខ្វះ​សីលធម៌ និង​ឃោរឃៅ។

លោក សែម សុគន្ធា ប្រធាន​កា​រិ​យាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ថ្លែង​ថា លោក យិន ហ្គិច ម្ចាស់​រថយន្ត Range Rover ពាក់​ស្លាក​លេខ 2AF-7777 ដែល​បាន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​អង្គារ​នៅ​តាម​បណ្ដោយ​ផ្លូវ ៣១៧ កែង​ផ្លូវ ៥២៨ ក្នុង​សង្កាត់​បឹងកក់ ១ ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ​បណ្ដាល​ឲ្យ​និស្សិត​ស្រី​ម្នាក់​ឈ្មោះ ឌុំ រីដា អាយុ ២២ ឆ្នាំ រៀន​នៅ​សាលា​ផារ៉ាហ្គន​អតីត​សាលា​ហ្សាមេន​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​នោះ​បាន​ចេញ​មុខ​មក​ចូលរួម​ទទួល​ខុស​ត្រូវ លើ​ករណី​នេះ។

លោក សុគន្ធា បាន​ថ្លែងថា៖ «ក្នុង​ជំហាន​ដំបូង​នេះ លោក យិន ហ្គិ​ច ដែល​អះអាង​ថា ជា​ម្ចាស់​រថយន្ត​បង្ក​ហេតុ​បាន​ចេញ​មុខ​មក​ចូលរួម​ទទួល​ខុស​ត្រូវ​ចំពោះ​មរណភាព​របស់​ជន​រង​គ្រោះ​នេះ​ដោយ​គាត់​បាន​ទទួល​ស្គាល់​ថា គាត់ គឺជា​ម្ចាស់​រថយន្ត​បង្ក​ហេតុ​ខាង​លើ​ប្រាកដ​មែន។ ប៉ុន្តែ​គាត់​បាន​បដិសេធ​ថា គាត់​មិន​បាន​រួម​ដំណើរ​ ឬ​ជា​អ្នក​បើក​រថយន្ត​បង្ក​ហេតុ​នៅ​ថ្ងៃ​កើត​ហេតុ​នោះ​ទេ»។

លោក សុគន្ធា បាន​បន្តថា៖ «ទោះជា​បែបណា គាត់ [យិន ហ្គិ​ច] មិន​បាន​បញ្ជាក់​អំពី​អត្ត​សញ្ញាណ​អ្នក​បើក​រថយន្ត​បង្ក​ហេតុ​នោះ​ទេ»។

យ៉ាងណាក្ដី បើតាម​លោក សុគន្ធា នៅពេលនេះ​ក្រុម​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​នីតិវិធី​ស៊ើប​សួរ​លោក ហ្គិច ដើម្បី​ស្វែងរក​អត្ត​សញ្ញាណ​អ្នក​បើកបរ​រថយន្ត​បង្ក​ដើម្បី​នាំ​ខ្លួន​ទៅ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ ខណៈ​ពេល​នេះ​គេ​បាន​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​នេះ។

ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះដែរ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​គរុ​សិស្ស-និស្សិត​ជិត ២ ពាន់​នាក់​ នៅ​ឯ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាល​ពី​ម្សិលមិញ​ថា​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​កំពុង​សម្លាប់​មនុស្ស​ច្រើន​ជាង​សម័យ​សង្គ្រាម​ទៅ​ទៀត។ ជាមួយ​គ្នា​នេះ​លោក​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ពិសេស​កម្លាំង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​នេះ។

លោក​បាន​បញ្ជាក់ថា៖ «ករណី​ច​រាចរណ៍​កាលពី​ម្សិលមិញ ឃើញ​គេ​បញ្ចាំង​ចុះ​បញ្ចាំង​ឡើង រឿង​បញ្ហា​បុក​និស្សិត​ស្លាប់ ទៅ​តាម​រក​ឱ្យ​ឃើញ​បណ្តាល​មក​ពី​អី គឺ​ចេញ​មកពី​អត់​គុណធម៌​ហ្នឹង​ឯង។ បើ​យើង​ជិះ​កង់​ទោះបី​ជា​យើង​ជិះ​លឿន​យឺត​ប៉ុនណា គង់​លឿន​ជាង​អ្នក​ដើរ​ដែរ​ហើយ​បើ​យើង​ជិះ​ម៉ូតូ បើ​ទោះបី​ជា​យើង​ជិះ​លឿន ជិះ​យឺត​ប៉ុនណា ក៏​គង់​លឿន​ជាង​កង់ លឿន​ជាង​អ្នក​ដើរ​ដែរ»។

ដោយឡែក​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កាលពី​ព្រឹក​ម្សិលមិញ​ក៏បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថ្កោល​ទោស​ចំពោះ​អ្នក​បើកបរ​រថយន្ត​បង្ក​គ្រោះ​ថ្នាក់​ដល់​និស្សិត​ស្រី​ឈ្មោះ ឌុំ រីដា បណ្ដាល​ឲ្យ​ស្លាប់​នោះ​ផង​ដែរ។ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ បាន​ចាត់​ទុក​ទង្វើ​របស់​អ្នក​បើក​រថយន្ត​បង្ក​ហេតុ​នោះ​ថា៖ «ជា​អ្នក​បើកបរ​ដែល​មាន​ឥរិយាបថ​ឃោរឃៅ គ្មាន​គុណធម៌ សីលធម៌ និង​បើកបរ​ដោយ​ភាព​ធ្វេស​ប្រហែស​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​សាធា​រណជន»។

យោងតាម​ឃ្លី​ប​វីដេអូ​មួយ​ដែលត្រូវបាន​គេ​បង្ហោះ​និង​ចែករំលែក​តាម​បណ្ដាញ​សង្គម Facebook កាល​ពី​ថ្ងៃ​អង្គារ​បាន​បង្ហាញ​អំពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​តក់​ស្លុត​មួយ​ដែល​បង្ក​ឡើង​ដោយ​អ្នក​បើកបរ​រថយន្ត Range Rover ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF-7777 មិន​ស្គាល់​អត្ត​សញ្ញាណ​ដែល​បាន​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បាន​បុក​ពេញ​ទំហឹង​ទៅ​លើ​នារី​ជន​រង​គ្រោះ​ម្នាក់​ដែល​ក្រោយ​មក​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អតីត​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ផ្នែក​ភាសា​ខ្មែរ​ឈ្មោះ ឌុំ រីដា ខណៈ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ត្រង់​ចំណុច​ផ្លូវ​កែង ៣១៧ និង ៥២៨ ក្នុង​សង្កាត់​បឹងកក់ ១ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ។​អ្នក​បើក​រថយន្ត​បង្ក​មិន​បាន​ឈប់​រថយន្ត​ដើម្បី​ទទួល​ខុស​ត្រូវ​លើ​ជន​រង​គ្រោះ​ឡើយ គឺ​បាន​ព្យាយាម​បើក​រត់​គេច​ខ្លួន និង​បាន​ឈប់​រថយន្ត​ចោល​នៅ​លើ​ដង​ផ្លូវ​ក្នុង​តំបន់​សឡា ស្ថិត​ក្នុង​ខណ្ឌ​មានជ័យ។

បន្ទាប់ពី​មាន​ឧបទ្ទវ​ហេតុនេះ ក្រុមសមត្ថកិច្ច​បាន​នាំយក​រថយន្ត​បង្ក​នោះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់ ខណៈ​សព​និស្សិត​រង​គ្រោះ​រូបនេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់​ញាតិ​នាំ​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ឯ​ស្រុក​កំណើត​ក្នុង​ភូមិ​កំពង់​ដំរី ឃុំ​ព្រែក​តាមាក់ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល។

កាលពី​ព្រឹក​ម្សិលមិញ មាន​សេចក្ដីរាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ថា លោក យិន ហ្គិច បាន​ផ្ដល់​ថវិកា​ចំនួន ៥ ០០០ ដុល្លារ​ តាមរយៈ​តំណាង​របស់​ខ្លួន​ជួយ​ដល់​គ្រួសារ​សព​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សព​ជន​រង​គ្រោះ។

ជុំវិញ​ករណីនេះ លោក អៀ ចរិយា ទីប្រឹក្សា​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ បាន​ថ្លែង​ថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ស្លាប់ ហើយ​ជន​បង្ក​បើក​រត់​គេច​វេះ​ពី​ការ​ទទួល​ខុស​ត្រូវ​បែប​នេះ​អាជ្ញាធរ​គប្បី ស្រាវជ្រាវ​តាម​ស្វែងរក​ចាប់​ខ្លួន​មក​ផ្ដន្ទា​ទោស​ឲ្យ​ធ្ងន់ធ្ងរ​ទៅ​តាម​ស្ថាន​ទម្ងន់​ទោស​ដែល​បាន​កំណត់​ដោយ​ច្បាប់​ចរាចរណ៍​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ។

លោក​បាន​បញ្ជាក់ថា៖ «ករណី​បុក​ស្លាប់​ហើយ​បើក​រត់​នេះ វា​បង្ក​ឲ្យ​មាន​ផលវិបាក​ច្រើន​យ៉ាង​ដល់​សង្គម​ជាតិ ដូចជាធ្វើ​ឲ្យ​មាន​និទ្ទណ្ឌភាព​សង្គម ការ​មិន​គោរព​ច្បាប់ និង​ធ្វើ​ឲ្យ​សីលធម៌​សង្គម​មាន​ការ​ធ្លាក់ចុះ​កាន់​តែ​ធ្ងន់ធ្ងរ​ដែល​ទាមទារ​ឲ្យ​សមត្ថកិច្ច ចាត់​វិធានការ​តឹង​រ៉ឹង​បំផុត និង​ដោយ​ពុំមាន​ការ​លើក​លែង​ចំពោះ​ជន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​បែប​នេះ»។

លោក​បាន​បន្ថែមថា​តាម​មាត្រា ៨៥ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជនបង្ក​គ្រោះ​ថ្នាក់​ដល់​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ស្លាប់ ត្រូវ​ផ្ដន្ទា​ទោស​ជាប់​ពន្ធនាគារ​ពី ១ ឆ្នាំ​ដល់ ៣ ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី ៤ លាន​រៀល​ទៅ ១៥ លាន​រៀល​ក្នុង​ករណី​ជន​បង្ក​បើក​រត់​ពី​កន្លែង​កើត​ហេតុ​ដើម្បី​គេច​វេះ​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​និង​ជន​រង​គ្រោះ​ត្រូវ​ផ្តន្ទា​ទោស​ឲ្យ​ដាក់​ពន្ធនាគារ​ពី ២ ឆ្នាំ​ទៅ ៥ ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី ១០ លាន​រៀល​ទៅ ២៥ លាន​រៀល៕