ស្វាយរៀងៈ រោងចក្រ កៅវ៉េ នៅក្រុងបាវិត ខេត្តស្វាយរៀងបានប្រកាសសុខចិត្តទូទាត់ប្រាក់ឈ្នួលដល់កម្មករទាំងអស់ក្រោយពីកម្មករជាង ២ ពាន់នាក់បានតវ៉ាពីរឿងក្រុមហ៊ុនកាត់ប្រាក់ឈ្នួលពួកគេក្នុងពេលឈប់សម្រាកមុនពិធីបុណ្យចូលឆ្នាំខ្មែរ។
កាលពីថ្ងៃសៅរ៍ទី ២២ មេសា កម្មករកម្មាការិនីរោងចក្រខាងលើបាននាំគ្នាចេញមកតវ៉ាពីរឿងក្រុមហ៊ុនកាត់ប្រាក់ឈ្នួលសម្រាប់កន្លះថ្ងៃទី ១២ និងថ្ងៃ ១៣ មេសាកន្លងទៅ អំឡុងពេលដែលកម្មករឈប់ដើម្បីធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេ។
យ៉ាងណាក៏ដោយមកទល់ថ្ងៃទី ២៣ មេសាម្សិលមិញខាងក្រុមហ៊ុនបានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថានៅចន្លោះរសៀលថ្ងៃទី ១២ ខែមេសាដល់ព្រឹកថ្ងៃទី ១៣ ខែមេសាអាចបើកប្រាក់បំណាច់ឆ្នាំបានទាំងអ្នកមានបំណាច់ឆ្នាំ និងអ្នកគ្មានប្រាក់បំណាច់ឆ្នាំអាចខ្ចីបាន។
ដោយឡែកថ្ងៃទី ១៣ មេសាពេលរសៀលចំពោះផ្នែកដែលឲ្យសម្រាកទាំងអស់ក្រុមហ៊ុនគិតប្រាក់ខែជូនដូចធម្មតា។
លោក ឡូស សេង ប្រធានសហជីពកម្លាំងកម្មករខេត្តស្វាយរៀងបានឲ្យដឹងថាកាលពីថ្ងៃសៅរ៍កម្មករចំនួន ២១៩២ នាក់បាននាំគ្នាចេញតវ៉ាក្រោយពីដឹងថាប្រាក់ឈ្នួលពួកគេសម្រាប់ពាក់កណ្តាលថ្ងៃទី ១២ និងថ្ងៃ ១៣ មេសាត្រូវក្រុមហ៊ុនកាត់ក្នុងអំឡុងពេលឈប់សម្រាកមុនពិធីបុណ្យចូលឆ្នាំខ្មែរ។
លោកថា៖ «ពួកគាត់បានទាមទារប្រាក់ឈ្នួលដែលក្រុមហ៊ុនកាត់កន្លះថ្ងៃនៅថ្ងៃទី ១២ និងថ្ងៃ ១៣ មេសាកន្លងទៅជាថ្ងៃដែលឈប់សម្រាកសម្រាប់ធ្វើដំណើរទៅស្រុកកំណើតចូលឆ្នាំថ្មី»។
យ៉ាងណាក៏ដោយតាមការឲ្យដឹងពីកម្មការិនីរោងចក្រកៅវ៉េម្នាក់ឈ្មោះ ម៉ារ៉ាឌី បានបង្ហោះក្នុង Facebook ថាកម្មករកម្មការិនីនៅរោងចក្រ កៅវ៉េ នឹងចូលធ្វើការធម្មតាវិញនៅថ្ងៃចន្ទនេះ។
យ៉ាងណាក៏ដោយលោក ឡូស សេង បានហៅគម្រោងការកាត់ប្រាក់ឈ្នួលរបស់ក្រុមហ៊ុនថាជារឿងអយុត្តិធម៌ និងធ្វើឲ្យកម្មករ-កម្មការិនីមានការថ្នាំងថ្នាក់ជាមួយក្រុមហ៊ុនទើបពួកគេសម្រេចនាំគ្នាចេញតវ៉ា៕