កំពង់ឆ្នាំង៖ ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឃាត់​ខ្លួន​លោក សុខ ឧ​ត្ត​ម ម្ចាស់​វិទ្យុ FM ៩៩.៧៥ នៅ​ខេត្ត​កំពង់ឆ្នាំង និង​គេហទំព័រ «រិ​ទ្ធិ​សែន» បន្ទាប់​ពី​​ក្រសួង​ព័ត៌មាន បាន​ស​ម្រេចលុប​អាជ្ញាប័ណ្ណ​ទាំងអស់​របស់​លោក ឧត្តម ដោយ​ចោទពី​ការផ្សាយ​ព័ត៌មាន​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ អំឡុង​ពេល​ធ្វើការ​អត្ថា​ធិប្បាយ​ នៅក្នុង​ការ​ឡាយ​វីដេអូ​មួយ​ ក្នុង​ហេតុ​ការណ៍​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ធ្វើ​ការ​តវ៉ា។

លោក អៀរ ប៊ុន​ធឿន​ ស្នងការរង​​ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក សុខ ឧ​ត្ត​ម ត្រូវ​បាន​​ឃាត់ខ្លួន​កាលពី​យប់ ថ្ងៃទី ១៣ ខែឧសភា ហើយ​រហូតមកដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ សមត្ថ​កិច្ច​ខេត្ត ​នៅបន្ត​ការ​សាក​សួរ​​បុគ្គលរូប​នេះ នៅ​ស្នង​កា​រដ្ឋាន​នៅ​ឡើយ។

លោក ប៊ុនធឿន បាន​បង្ហើប​ថា ការឃាត់​ខ្លួនម្ចាស់​វិទ្យុ និង​គេហទំព័រ​រូបនេះ ព្រោះតែ​រូបគេ បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​​នៅ​ក្នុង​ហេតុ​ការណ៍​ជម្លោះ​ដីធ្លី នៅ​ជាប់​ព្រំប្រទល់​​រវាង​ខេត្តកំពង់ឆ្នាំង ​និង​​ខេត្តកំពង់ស្ពឺ ហើយ​ក្នុង​ការផ្សាយ​នោះ រូបគេ​ធ្វើការ​ញុះ​ញង់​ទៅ​ដល់​ពលរដ្ឋ​ដែល​កំពុង​តវ៉ា ឲ្យ​បន្ត​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ។

លោក​បញ្ជាក់​ថា៖«​យើង​ក៏​មិនទាន់​សម្រេច​ចោទប្រកាន់ ឬ​បញ្ជូន​​គាត់​ទៅណា​ទៀត​ដែរ។ ការចាប់ខ្លួន​គាត់​នេះ គឺ​ដោយ​សារ​គាត់​បំផុស​សារ​ជាមួយ​ប្រជា​ពលរដ្ឋ​ហ្នឹង នៅក្នុង​ជម្លោះ​ដីធ្លី​មួយ»។

កាល​ពី​ថ្ងៃទី ១២ ឧសភា លោក សុខ ឧ​ត្ត​ម ម្ចាស់​វិទ្យុ FM ៩៩.៧៥ នៅ​ខេត្ត​កំពង់​ឆ្នាំង និង​គេហ​ទំព័រ «រិ​ទ្ធិ​សែន» បាន​ឡាយ​វីដេអូ​មួយ​ ជុំវិញ​ករណី​តវ៉ា​របស់​ប្រជាពលរដ្ឋ ១០០ គ្រួសារ ស្ថិតនៅ​ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្នុងការ​ឡាយ​នោះ លោក បានធ្វើ​អត្ថា​ធិប្បាយ​ជំនួស​ឲ្យ​ប្រជាពលរដ្ឋ ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុម​យោធា និង​អាជ្ញាធរខេត្តកំពង់ឆ្នាំង ដែល​ពលរដ្ឋ​បាន​ចោទ​ប្រកាន់​ថា បាន​រំលោភ​យក​ដី​ពួកគាត់​ ដែល​បាន​អាស្រ័យ​ផល​ក្នុង​តំបន​នោះ។

លោក សុខ ឧ​ត្ត​ម បាន​និយាយ​ក្នុង​វីដេអូ​ឡាយ​ប្រមាណ ៤០ នាទី​យ៉ាង​ដូច្នេះ​ថា៖ «អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ប្រជុំ​ឲ្យ​ដក​ដី​នៅក្នុង​ដែន​ដែល​ប្រជាពលរដ្ឋ​អាស្រ័យ​ផល ដោយ​ចោទ​ប្រជាពលរដ្ឋ ថា​ទៅ​រំលោភ​ដី​របស់​រដ្ឋ។ អ៊ីចឹង​ត្រូវ​ដក​ទាំង​អស់ លើកលែង​តែ​ដី​ដែលមាន​ប័ណ្ណ​កម្មសិទ្ធិ​តែប៉ុណ្ណោះ។ សួរថា ប្រជា​ពលរដ្ឋ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ឯណា? ដូច​ពលរដ្ឋ​បាន​បញ្ជាក់​អ៊ីចឹង​»។

លោក​ធ្វើការ​អត្ថាធិប្បាយ​បន្តថា៖«នៅ​ភូមិ​ជៀប ប្រជាពលរដ្ឋ​មិនទាន់បាន​វាស់វែង​ទេ អ៊ីចឹង​វា​អភ័ព្វ​ទេ​សម្រាប់​អ្នករស់​នៅ​ក្នុង​​ឃុំ​ជៀន។ ចំណុច​កន្លែង​នេះ ព័ត៌មាន​ថ្ងៃនេះ សង្ឃឹម​ថា រាជរដ្ឋាភិបាល នឹង​បានដឹង ជាពិសេស​សម្តេច​ពុក លោក​​នឹង​បានដឹង ហើយ​ប​ញ្ចូ​ន​ក្រុមអធិការកិច្ច​មក​សិក្សា​ផ្ទាល់ គួរ​ដក​ដី​របស់​ពួកគាត់(ពល​រដ្ឋ) ឬ​ទុក​ឲ្យ​គាត់​អា​ស្រ័យ​ផល? ហើយ​បើ​ដក​ដី​របស់​គាត់ ឲ្យ​ពួកគាត់​ទៅ​រស់​នៅ​ឯណា?»។

ក្រៅពី​អត្ថាធិប្បាយ​បែប​នេះ លោកក៏បាន​ធ្វើការ​ចោទប្រកាន់​ទៅកាន់​អភិបាល​ខេត្ត​កំពង់​ឆ្នាំង ​មន្ត្រី​ថ្នាក់ក្រោម​ក្នុង​ខេត្ត​នេះ រួម​នឹង​ផ្នែក​យោធា​ផងដែរ​ថា បាន​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ និង​ដី​របស់​រដ្ឋ ដើម្បី​កាន់កាប់ ហើយ​យក​ទៅ​លក់​​បន្ត​ជាដើម។

ភ្លាមៗ ក្រោយពី​​ធ្វើ​អត្ថា​ធិប្បាយ​បែប​នេះ នៅ​ថ្ងៃទី ១២ ឧសភា​ ដដែល លោក​ ខៀវ កា​ញារីទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន បាន​ចេញ​ប្រកាស​លុប​ចោល​អាជ្ញា​ប័ណ្ណ​របស់​លោក ​សុខ ឧ​ត្ត​ម ដែល​មាន​ស្ថានីយ​វិទ្យុ FM ៩៩.៧៥ និង​គេហទំព័រ​ឈ្មោះ «រិ​ទ្ធិ​សែន»។

លោក ខៀវ កាញារីទ្ធ បាន​សរសេរ​នៅ​​ក្នុង​សេចក្តី​ប្រកាសថា ការ​សម្រេច​លុប​នេះ ដោយសារ​ម្ចាស់​អាជ្ញា​ប័ណ្ណ​ទាំងពីរ​ខាង​លើ បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​បំផ្លើសការពិត ញុះញង់​ឲ្យ​កើតមាន​អំពើហិង្សា បង្ក​ការ​រើស​អើង​ពូជសាសន៍ បង្ក​អសន្ដិ​សុខ និង​ចលាចល​នៅក្នុង​សង្គម ដែល​ជា​ការរំលោភ​បំពាន​លើ​វិជ្ជាជីវៈ និង​កិច្ច​សន្យា​ដែល​សាមីខ្លួន​បាន​តម្កល់​នៅ​ក្រសួង​ព័ត៌​មាន។

លោក សំ ច័ន្ទ​គា មន្ត្រី​សម្របសម្រួល​អង្គការ​អា​ដ​ហុក​ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង បាន​ថ្លែង​ថា ការ​ឃាត់​ខ្លួន ​និង​លុប​ចោល​អាជ្ញា​ប័ណ្ណ​របស់​អ្នកកា​សែតរូប​នេះ គឺ​ហាក់​ធ្វើឡើង​ប្រ​ញាប់​ប្រញាល់​ និង​លឿន​ខ្លាំង ដោយ​មិន​បាន​ពិនិត្យ​ឲ្យ​បាន​ល្អិត​ល្អន់ និង​គោរព​ទៅ​តាម​ច្បាប់​ស្តី​ពី​របប​សារ​ព័ត៌មាន​ដែល​មាន​ចែង​ ដោយ​​លោក ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​នេះ គឺជា​រូបភាព​គំរាម​កំហែង​ទៅ​សេរី​ភាព​សារ​ព័ត៌​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​បញ្ជាក់​ថា​៖«យើង​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល ពិនិត្យ​មើល​ចំណាត់​ការ​នេះ​ឡើង​វិញ ពីព្រោះ​រដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ឲ្យ​រីក​ចម្រើន​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ប្តេជ្ញា​ចិត្ត​ មិន​ឲ្យមាន​អំពើ​រំលោភ​សិទ្ធិ​របស់​អ្នក​ផ្សេង​ទេ។ បើ​សិន​ជា​មាន​បណ្តឹង​ណាមួយ​ ដែល​ចោទ​ថា អ្នក​សារព័ត៌​មាន​ធ្វើខុស​វិជ្ជា​ជីវៈអីហ្នឹង គួរ​តែ​ធ្វើ​អធិការ​កិច្ច​ជា​មុន​សិន​ទៅ ហើយ​ចង់​ដាក់​ពិន័យ ជាអីទៅ ប៉ុន្តែ​នេះ មិន​ទាន់​ធ្វើ​អធិការ​កិច្ច ឲ្យ​គេ​មក​បំភ្លឺ​អីផង ក៏សម្រេច​ភ្លាមៗ​ទៀត​»។

បើ​តាម លោក សំ ច័ន្ទគា អង្គការ​អាដ​ហុក នឹង​បន្ត​តាម​ដាន និង​ឃ្លាំមើល​ក្នុង​ករណី​នេះ បន្ត​ទៀត ហើយ​ក៏​នឹង​ផ្តល់​ជាមេ​ធាវី ដើម្បី​ការពារ​សិទ្ធិ​ដល់​អ្នក​កាសែត​រូប​នេះ ក្នុង​ការ​ប្រឆាំ​ង​តទល់តា​ម​ផ្លូវ​តុលាការ​ផង​ដែរ៕