ភ្នំពេញៈ ម្ចាស់​សណ្ឋាគារ Le Palais Hotel នៅលើ​កោះ Phangan នៅក្នុង​ប្រទេស​ថៃ ​ចេញ​លិខិត​ចំហ​ ១ ​ដោយ​បាន​សុំទោស​ដែល​បាន​ធ្វើការ​ចម្លង​យក​ផ្នែក​ខ្លះ​នៃ​ប្រាសាទ​កម្ពុជា​មក​ធ្វើជា​សណ្ឋាគារ​ដោយ​គ្មាន​ការជូនដំណឹង ប៉ុន្តែ​ការសាងសង់ និង​រចនាប័ទ្ម​គឺ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ស្នាដៃ​ក្រុមការងារ​កម្ពុជា-ថៃ​។

បន្ទាប់ពី​ការរិះគន់​ជា​បន្តបន្ទាប់​បាន​ជំរុញ​ឱ្យ​ម្ចាស់​សណ្ឋាគារ​នេះ​ចេញ​លិខិត​ចំហ​ ១ ​ច្បាប់​ដោយ​បង្ហោះ​ជា​សាធារណៈ​កាលពី​ថ្ងៃទី​ ៤ តុលា ដោយ​មាន​ខ្លឹមសារ​បង្ហាញ​អំពី​ការសុំទោស​អស់​ពី​ដួងចិត្ត​របស់​សណ្ឋាគារ​។

លិខិត​សរសេរ​ថា​៖ «​យើង​ពិតជា​មាន​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​រឿង​ដែល​បានកើតឡើង​ធ្វើឱ្យ​រំខាន​ដល់​អ្នក​ (​កម្ពុជា​) ​ហើយ​អ្វីដែល​បាន​ធ្វើ​កន្លង​មក​នេះ គឺ​គ្រាន់​តែ​ចង់​បញ្ជាក់​អំពី​ចក្ខុវិស័យ​ដែល​ចេញ​ពី​បេះដូង និង​បំណង​របស់​ស្ថាបនិក​របស់​ខ្លួន ដែល​ជា​ម្ចាស់​សណ្ឋាគារ​តែប៉ុណ្ណោះ​»​។

ទោះយ៉ាងណា​ក៏ដោយ​មន្ត្រី​ជំនាញ​នៅ​កម្ពុជា​នៅ​តែ​បន្ត​អះអាង​ប្រកាន់​ជំហរ​ក្នុង​ការសិក្សា​ជុំវិញ​រចនាប័ទ្ម​សំណង់​ប្រាសាទ​នេះ មុន​នឹង​មាន​ការប្រតិកម្ម​តាម​ផ្លូវការទូត​ណាមួយ​ទៅ​កាន់​ប្រទេស​ថៃ​។

ប៉ុន្តែ​លិខិត​ដែល​ចេញផ្សាយ​ដោយ​សណ្ឋាគារ Le Palais នៅ​កោះ​ផាង៉ាន់​នេះ បាន​អះអាង​ថា​ជា​ការបំផុសគំនិត​ដោយ​ភាពអស្ចារ្យ​នៃ​ប្រាសាទអង្គរវត្ត ដែល​មាន​ទីតាំងនៅ​ប្រទេស​កម្ពុជា​។ ការសាងសង់​ឡើងវិញ​នូវ​ប្រាសាទ​នេះ​គឺ​មិន​អាច​ធ្វើការ​ប្រៀបធៀប​ជាមួយ​នឹង​ប្រាសាទ​ពិត​ដ៏អស្ចារ្យ​របស់​កម្ពុជា​បានឡើយ​។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ទី​ ៥ តុលា​ថា កម្ពុជា​នៅតែ​បន្ត​ការសិក្សា​ជុំវិញ​ករណី​នេះ​បន្តទៀត មុន​នឹង​មាន​ប្រតិកម្ម​តាម​ផ្លូវការទូត​ណាមួយ​ទៅកាន់​ប្រទេស​ថៃ​។

លោក ប៉ុណ្ណាស៊ីរីវត្ថ ថ្លែងថា​៖ «​ការសុំទោស​របស់​សណ្ឋាគារ​គឺ​គ្រាន់​ជា​ផ្នែក​ ១ ​តែ​ប៉ុណ្ណោះ​ដែល​មិន​ប៉ះពាល់​ដល់​ការសិក្សា​លម្អិត​តាមផ្លូវ​ច្បាប់ និង​ផ្លូវ​ការទូត​ណាមួយ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ​នោះទេ ព្រោះ​ថា​បើ​កម្ពុជា​មិន​មាន​វិធានការ​ណា​មួយ​នោះ​ក្នុង​ពេល​ខាងមុខ​អាច​នឹង​មាន​ករណី​ដដែលៗ​នេះ​កើតឡើង​បន្តទៀត ហើយ​ក្នុង​ពេល​អនាគត​អាច​កើត​ទៅជា​រឿង​ផ្សេង​ដែល​មិនអាច​នឹកស្មាន​ដល់​»​។ «​យើង​នឹង​ជជែក​បន្តទៀត ព្រោះ​មាន​រឿង​ហ្នឹង​ ១ អាច​មាន​រឿង​តទៀត​ដែល​យើង​នៅតែ​សិក្សា និង​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ជា​ផ្លូវការ​ជាមួយ​ថៃ​។ ការសុំទោស​របស់​សណ្ឋាគារ​នេះ​បាន​ធ្វើជា​សាធារណៈ គឺជា​ផ្នែក​ ១ តែ​អ្វីដែល​យើង​ត្រូវ​ដោះស្រាយ​នោះ​គឺ​តាម​ផ្លូវ​ទូត ផ្លូវរដ្ឋ គឺ​នៅតែ​បន្ត​»​។

លោក ប៉ុណ្ណាស៊ីរីវត្ថ បាន​លើកឡើង​ថា តាម​ទិដ្ឋភាព​ទូទៅ ការសាងសង់​ឡើងវិញ​របស់​សណ្ឋាគារ​ ១ ​នេះ​គឺ​មាន​គុណវិបត្តិ និង​គុណសម្បត្តិ ព្រោះ​ចំណុច​ល្អ​គឺ​ជួយ​ផ្សព្វផ្សាយ​វប្បធម៌​របស់​កម្ពុជា​ដែល​ស្រប​តាម​គោលការណ៍​របស់​អង្គការ យូណេស្កូ ប៉ុន្តែ​ចំណុច​មិនល្អ ដោយសារ​តែ​សណ្ឋាគារ​មួយ​នេះ​មិន​បាន​ជូនដំណឹង ឬ​សុំ​ការអនុញ្ញាត​ពី​កម្ពុជា ដូច្នេះ​កម្ពុជា​ត្រូវ​តែ​សិក្សា​ឱ្យបាន​ស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ​ទាំង​លក្ខណៈ​ច្បាប់​ជាតិ អន្តរជាតិ ផ្នែក​សាសនា ប្រវត្តិសាស្ត្រ និង​ភូមិសាស្ត្រ​។

មន្ត្រី​នៃ​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​កាលពី​ម្សិលមិញ​មិន​អាច​សុំ​ការអត្ថាធិប្បាយ​បានទេ​ជុំវិញ​ករណីនេះ​។ ​សណ្ឋាគារ Le Palais ស្ថិតនៅ​កោះ ផាង៉ាន់ ខេត្ត​ស៊ូរ៉ាតថានី បាន​បើក​ដំណើរការ​តាំងពី​ឆ្នាំ​ ២០០៧ ដោយ​បាន​រចនា​ដូច​សណ្ឋាគារ​ជា​ប្រាសាទបាយ័ន បន្ទាយស្រី និង​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ធ្វើ​ជា​បន្ទប់​សម្រាក អាង​ហែល​ទឹក ភោជនីយដ្ឋាន និង​កន្លែង​កម្សាន្ត​ជាច្រើន​ទៀត​៕