ភ្នំពេញៈ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្តាល​សម្រេច​ចោទប្រកាន់​ជនជាប់ចោទ​ ២ ​រូប​ ពី​បទ​ក្លែង​ផលិតផល​ទំនិញ​ដែល​បាន​លីង​កាហ្វេ និង​សណ្តែក​ផ្សំ​សារធាតុ​គីមី​ដោយ​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ជំនុំជម្រះ​ផ្ទាល់​តែម្តង បន្ទាប់ពី​រកឃើញ​ភ័ស្តុតាង​គ្រប់គ្រាន់ និង​ការឆ្លើយ​សារភាព​របស់​ជនជាប់ចោទ​។

កាលពី​រសៀល​ថ្ងៃទី​ ២ ខែ​កក្កដា កម្លាំង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​មាន​ការសម្របសម្រួល​ដោយ​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​លោក​ ឯក ស៊ុនរស្មី បាន​ចុះ​ត្រួតពិនិត្យ និង​បិទ​ទីតាំង​សិប្បកម្ម​លីង​កាហ្វេ និង​សណ្ដែក​ផលិត​ជា​កាហ្វេ​ ១ ​កន្លែង​ នៅ​ភូមិ​ត្រពាំង​ខ្ទឹម ឃុំ​ក្រាំងម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។

តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​ផ្ទាល់​ចុះ​ថ្ងៃទី​ ១៦ កក្កដា​ របស់​តុលាការ​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចោទប្រកាន់​ជនជាប់ចោទ​ឈ្មោះ​ ថុន ណាត អាយុ​ ៣៣ ​ឆ្នាំ​ ជា​ម្ចាស់​សិប្បកម្ម​គ្មាន​ច្បាប់ និង​ឈ្មោះ​ លួត លាង ​អាយុ​ ២៤ ​ឆ្នាំ​ ជា​អ្នក​លីងកាហ្វេ និង​ជា​មេការ​ពី​បទក្លែង​ផលិតផល​ទំនិញ​។

ដីកា​សន្និដ្ឋាន​ឲ្យ​ដឹង​បន្តថា​៖ «​សំណុំរឿង​នេះ​មាន​សាវតារ​ជាតិ​ជនជាប់ចោទ​ច្បាស់លាស់ ភ័ស្តុតាង​ជា​ឯកសារ​ចម្លើយ​សារភាព​របស់​ជន​ជាប់ចោទ ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់​សមល្មម​អាច​ជំនុំជម្រះ​ផ្ទាល់​បាន​ដោយ​ពុំ​ចាំបាច់​បើក​ការ​ស៊ើបសួរ​នោះទេ ដែល​គោរព​ទៅតាម​គោលការណ៍​នៃ​ការ​ជំនុំជម្រះ​ក្តី​ដោយ​មាន​ភាពឆាប់រហ័ស​»​។

លោក​ ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​លើកឡើង​ដែរ​ថា ជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​បាន​រកឃើញ និង​សន្និដ្ឋាន​ថា ឈ្មោះ​ ថុន ណាត និង​ឈ្មោះ លួត លាង ពិតជា​បាន​ប្រព្រឹត្ត​កំហុស​ល្មើសច្បាប់ ផលិត​កាហ្វេ​លាយផ្សំ​សារធាតុ​គីមី ហាមឃាត់ ខុស​ស្តង់ដា​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​ពាក់ព័ន្ធ​នានា​ដែល​មិន​អនុលោម និង​ខុសច្បាប់​ស្តង់ដា ហើយ​ក៏​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​។

លោក​បញ្ជាក់ថា​៖ «​បទល្មើស​ដែល​ត្រូវ​ចោទប្រកាន់​ជា​បទមជ្ឈិម យោងតាម​មាត្រា​ ៦៣ ទោស​ដាក់​ពន្ធនាគារ​ពី ១ ​ខែ​ដល់ ១ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥ ​លាន​រៀល​ដល់​ ១០ ​លាន​រៀល​នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព​លើ​ផលិតផល​ទំនិញ និង​សេវា​។ ហេតុនេះ​គប្បី​បញ្ជូន​ទៅ​ជម្រះ​ផ្ទាល់​តាមច្បាប់​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​»​។

តាម​កំណត់ហេតុ​របស់​ជនជាប់ចោទ​បាន​ឲ្យ​ដឹងថា សិប្បកម្ម​លីង​កាហ្វេ និង​សណ្តែក​មាន​សារធាតុ​គីមី​នេះ​បាន​បើក​ដំណើរការ​រយៈពេល​ ២ ​ឆ្នាំ​មក​ហើយ ចាប់​តាំងពី​ឆ្នាំ​ ២០១៨​។ រូបមន្ត​នៃ​ការផលិត​កាហ្វេ​នេះ​គឺ​ខ្លួន​ចេះ​បន្ត​ពី​គេ ដោយ​គ្រាប់​កាហ្វេ​បាន​ទិញ​ពី​ផ្សារ​អូរឫស្សី​ម្តង​ ១ ​តោន​ក្នុង​ ១ ​ខែ​ដោយ​មាន​តម្លៃ​ ១ ​គីឡូក្រាម ១៥ ០០០ ​រៀល​។

តាម​ចម្លើយ​សារភាព​ដដែល​បាន​ឲ្យដឹងថា​ក្នុង​ ១ ​ថ្ងៃ សិប្បកម្ម​នេះ​ផលិត​កាហ្វេ​បាន ៥ ​ឡ​ដោយ​ក្នុង ១ ​ឡ​មាន​ទម្ងន់ ១២០ ​គីឡូក្រាម​ដែល​បាន​លាយ​គ្រឿងផ្សំ​ជាច្រើន​មុខ​បញ្ចូល​គ្នា​ដូចជា ស្រា អំបិល សណ្តែក Caramel (​ទឹកស្ករ ការ៉ាម៉ែល​) ប៊ីចេង ទឹកត្រី ស្ករអំពៅ ទឹកដោះគោ និង​ប៊័រ​។

កំណត់ហេតុ​សារភាព​របស់​ជនជាប់ចោទ​ទាំង​ ២ ​បញ្ជាក់​ថា​៖ «[​ជនជាប់ចោទ​] ខ្លួន​ពុំបាន​លើក​ស្លាក​យីហោ​អាជីវកម្ម​ទេ ដោយសារ​ជា​លក្ខណៈ​គ្រួសារ ហើយ​ខ្លួន​ទទួល​ស្គាល់​កំហុស​ថា ការផលិត កែច្នៃ​កាហ្វេ វេចខ្ចប់​ និង​ចែកចាយ លក់​លើ​ទីផ្សារ គឺ​ពុំ​មាន​ច្បាប់​អនុញ្ញាត ហើយ​ក៏​សុំ​កែប្រែ​កំហុស​ឡើងវិញ​»​។

តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ឲ្យ​ដឹងថា ក្រោយ​ការចុះ​បង្ក្រាប​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​រកឃើញ​មាន​ ១- ​គ្រាប់​សណ្តែកសៀង ៦០ ​បាវ ២- ​គ្រាប់​កាហ្វេ​លេខ​ ១ ​ចំនួន​ ៦ ​បាវ ៣- ​គ្រាប់​កាហ្វេ​លេខ ២ ចំនួន​ ១០ ​បាវ ៤- ​កាហ្វេ​លីង​រួច​ ៦ ​បាវ ៥- ​ម៉ាស៊ីន​លាយ​ប៊័រ ១​គ្រឿង ៦- ​ម៉ាស៊ីន​លាយ​ស្ករ ១ ​គ្រឿង មេ​ក្លិន​សម្រាប់​លាយ​កាហ្វេ និង​សម្ភារ​ផ្សេងៗ​មួយចំនួន​ទៀត​។

លោក​ កឹម ជាតិ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុគណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បាន​ដឹកនាំ​ចុះបង្ក្រាប​ទីតាំង​ខាងលើ​នេះ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​អាទិត្យ​ថា ជា​ជំហរ​របស់​គណៈកម្មាធិការ គឺ​គិត​សុខភាព​ប្រជាពលរដ្ឋ​ជា​ចម្បង ហើយ​មិន​អនុញ្ញាត​ឲ្យ​ជន​ណាមួយ​មក​លួច ឬ​លក់ និង​បំផ្លាញ​សុខភាព​របស់​ប្រជាពលរដ្ឋ​ឡើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​នឹង​បន្ត​ស្រាវជ្រាវ​បង្ក្រាប​រាល់​បទល្មើស និង​ដាក់​ស្ថាន​ទម្ងន់ទោស ហើយ​សុំ​ប្រព័ន្ធ​តុលាការ​ផ្តន្ទាទោស​តាម​ប្រការ​នៃ​ច្បាប់​ជា​ធរមាន​»៕