ស្វាយរៀងៈ ម្ចាស់​ស្ថានីយ​ប្រេង​ម្នាក់​ត្រូវ​បាន​បុរស​ជនជាតិ​ចិន​ ២ ​នាក់​ឆក់​យក​​កាបូប​លុយ​កាលពី​ព្រឹក​ម្សិលមិញ​នៅក្នុង​ភូមិ​ពោធិ៍ ឃុំ មេសថ្ងក ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយរៀង ខណៈ​ជនសង្ស័យ​ជិះ​ម៉ូតូ​ ១ ​គ្រឿង​ចូល​ទៅ​ចាក់សាំង​។

លោក គង់ សុខផាត អធិការនគរបាល​ស្រុក​ចន្ទ្រា​បាន​ប្រាប់​កាលពី​រសៀល ម្សិលមិញ​ថា​ម្ចាស់​ស្ថានីយ​ប្រេង​រងគ្រោះ​ឈ្មោះ​ អោក សុផា ភេទ​ស្រី​អាយុ​ ៣៨ ​ឆ្នាំ​រស់នៅ​ភូមិ-ឃុំ​កើតហេតុ​ខាង​លើ​។

លោក​ប្រាប់​តាម​សម្តី​ស្ត្រី​រងគ្រោះ​ថា​មុន​កើតហេតុ​គឺ​មាន​បុរស​សង្ស័យ​ជាតិ​​ចិន​ ២ នាក់​ជិះ​ម៉ូតូ​ ១ ​គ្រឿង មិន​ចាំ​ម៉ាក និង​គ្មាន​ស្លាក​លេខ​បាន​ចូល​ចាក់​សាំង​ក្នុង​ស្ថានីយ​ប្រេង​របស់​គាត់​អស់​ ១ ​ដុល្លារ​។ បន្ទាប់ពី​ចាក់​សាំង​រួច​ក្រុម​ជនសង្ស័យ​​ឲ្យ​លុយ​ ៥០ ​ដុល្លារ​ទៅ​គាត់ និង​ទាមទារ​អាប់​ជា​លុយ​ខ្មែរ​។

លោក​បន្ត​ថា​ពេល​នោះ​ស្ត្រី​រងគ្រោះ​លូក​យក​លុយ​ពី​កាបូប​ដែល​កំពុង​ស្ពាយ​បំណង​អាប់​លុយ​ឲ្យ ស្រាប់​តែ​ក្រុម​ជនសង្ស័យ​ឆក់​ដណ្តើម​កាបូប​លុយ​ជិះ​ម៉ូតូ ទៅ​បាត់​ដោយ​លុយ​ក្នុង​កាបូប​នោះ​មាន ១ ១២០ ០០០ ​រៀល​។

លោក​ថា​៖ «​ខ្ញុំ​មិន​បាន​ដឹង​ដំណឹង​នេះ​ទេ តែ​ក្រោយ​មក​ខ្ញុំ​ដឹង​តាមរយៈ​ខ្ញុំ​មើល​ព័ត៌មាន ហើយ​ខ្ញុំ​ក៏​ចុះ​មក​សួរ​ម្ចាស់​ការ៉ាស់សាំង​តែ​ម្តង​ទៅ​។ ​ប៉ុន្តែ​ជនរងគ្រោះ​មិន​បាន​ប្តឹង​មក​សមត្ថកិច្ច​ខ្ញុំ​ទេ បើ​គាត់​ប្តឹង​គឺ​ខាង​ខ្ញុំ​ចុះ​ធ្វើ​អន្តរាគមន៍​ភ្លាមៗ​ហើយ​»​។

លោក​ប្រាប់​បន្ត​ថា​រវាង​ទីតាំង​ស្ថានីយ​ប្រេង និង​ប៉ុស្តិ៍​នគរបាល​ឃុំ​មេស​ថ្ងក​គឺ​នៅ​មិន​ឆ្ងាយ​ពី​គ្នា​ទេ​គឺ​ប្រហែល​ជា​ ៣០០ ​ម៉ែត្រ​ពី​គ្នា​ប៉ុណ្ណោះ​ទេ​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​លោក​ថា​បាន​ដាក់​កម្លាំង​ចុះ​ស្រាវជ្រាវ​ស្វែងរក​ក្រុម​ជនសង្ស័យ​ហើយ​៕