ភ្នំពេញៈ អតីត​អ្នក​គ្រប់គ្រង​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​បាន​ទទួល​ការ​ព្រមាន​មិន​ឲ្យ​លក់​ការ​ផ្សាយ​លើ​ហ្វ្រេកង់​ ១០២ FM​ ទៅ​ស្ថានីយ​វិទ្យុ​នេះ ខណៈ​លោក​ស្រី​មិន​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន​ជា​មុន ហើយ​បាន​ធ្វើ​ឲ្យ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់​លាស់​សម្រាប់​អនាគត​ខ្លួន​។

រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​បាន​បង្គាប់​ឲ្យ​លោក​ស្រី ជា ស៊ុន​ដាណែត អតីត​អ្នក​គ្រប់គ្រង​នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា ឈប់​ជួល ហ្វ្រេកង់​របស់​លោក​ស្រី​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​ក្រសួង ខណៈ​លោកស្រី​បាន​ទទួល ហ្វ្រេកង់​នេះ​«​សម្រាប់​ការ​ប្រើ​ប្រាស់​អាជីវកម្ម​ផ្ទាល់​ខ្លួន​»​។

លិខិត​នេះ​បាន​លើក​ឡើង​ថា​៖ «​ដើម្បី​បំពេញ​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់ ប្រសិន​បើ​លោក​ស្រី​ចង់​ជួល​អាជ្ញាប័ណ្ណ ហ្វ្រេកង់​វិទ្យុ​ FM 102 MHz ជា​បន្ត​ទៀត សូម​លោក​ស្រី​បំពេញ​សំណុំ​បែប​បទ​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន​ជា​មុន​សិន​»​។

ក្រសួង​ទុក​ពេល​ឲ្យ​លោក​ស្រី ស៊ុន ដាណែត​រយៈពេល​ ២​ សប្ដាហ៍ ហើយ​គំរាម​ចាត់​វិធានការ​ផ្លូវច្បាប់​ប្រសិន​បើ​មិន​គោរព​តាម​។

លោក​ស្រី ស៊ុន ដាណែត ដែល​ឈ្មោះ​របស់​លោកស្រី​ត្រូវ​បាន​ចុះបញ្ជី​សម្រាប់ ហ្វ្រេកង់​នេះ​នៅ​ពេល​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​បាន​ចាប់​ផ្តើម​ដំណើរការ​កាលពី​ថ្ងៃ​ពុធ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​។

លោក​ស្រី​បាន​ថ្លែង​ថា​៖ «​និយាយ​ឲ្យ​ខ្លី ខ្ញុំ​ពិត​ជា​ខុស​។ ខ្ញុំ​ទទួល​ស្គាល់​កំហុស​របស់​ខ្ញុំ​»​។ «​ខ្ញុំ​មិនអាច​និយាយ​ច្រើន​ជាង​នេះ​ទេ​។ ខ្ញុំ​កំពុង​ពិនិត្យ​[​លិខិត​នេះ​]​ឥឡូវ​នេះ​»​។

បុគ្គលិក​ជាន់​ខ្ពស់​ម្នាក់​នៅ មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ថ្លែងថា ស្ថានីយ​វិទ្យុ​នេះ​កំពុង​ចាក់​ផ្សាយ​នៅ​លើ​ហ្វ្រេកង់ ​១០២ FM​ ដោយ​មិន​គិត​ថ្លៃ​ជាង​១៩​ឆ្នាំ​មក​ហើយ​។

បុគ្គលិក​រូប​នេះ​បន្តថា​៖«​យើង​បារម្ភ​។​យើង​បាន​ក្លាយ​ជា​សំឡេង​មិន​សំចៃ​មាត់​សម្រាប់​ស្ត្រី​។​យើង​បាន​ផលិត​កម្មវិធី​ជាច្រើន​ដើម្បី​ផ្តល់​អំណាច​ដល់​ស្ត្រី​ក្នុងសង្គម និង​បង្កើត​កម្មវិធី​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​»​។

លិខិត​នេះ​ឥឡូវ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ទៅលើ​អនាគត​របស់​ស្ថានីយ​វិទ្យុ​នេះ​។ បុគ្គលិក​រូប​នេះ​បាន​ថ្លែង​បន្ត​ថា​៖«​នៅ​ត្រង់​ចំណុច​នេះ គណៈ​កម្មាធិ​ការ​គ្រប់គ្រង​កំពុង​ពិភាក្សា​»​។

កាល​ពី​ខែ សីហា ក្រសួង​ព័ត៌មាន​បាន​បិទ​ស្ថានីយ​វិទ្យុ​យ៉ាង​ហោច​ណាស់​ចំនួន​១៥​ទូទាំង​ប្រទេស​។

លោក ខៀវ កាញារីទ្ធ បាន​ប្រកាស​ថា មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​មាន​កំហុស​ដោយ​សារ​ផ្តល់​ការ​ផ្សាយ​ទៅ​វិទ្យុ​សំឡេង​អាមេរិក និង​វិទ្យុ​អាស៊ីសេរី ដែល​រិះគន់​រដ្ឋាភិបាល ដោយ​មិន​មាន​ការ​ស្នើ​សុំ​ការ​អនុញ្ញាត ក៏​ប៉ុន្តែ​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​សេរីភាព​ដោយ​សារ​ការងារ​សង្គម​របស់​ខ្លួន​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹម​សេង បាន​ថ្លែងថា លោក​អាច​ធ្វើ​អត្ថា​ធិប្បាយ​លើ​លិខិត​នេះ​ក្នុង​លក្ខណៈ​ទូទៅ​។

លោក​ថា​៖«​ពិត​ណាស់ វិទ្យុ​១០២[FM]​គឺជា​កម្មសិទ្ធិ​របស់​បុគ្គល​ឯកជន​...​ហេតុ​ដូច្នេះ ក្រសួង​រំឭក​ម្ចាស់ ហ្វ្រេ​កង់​នេះ​ឲ្យ​គោរព​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​រវាង​ក្រសួង និង​ម្ចាស់ ហ្វ្រេកង់​»​។

លោក​បាន​បន្ត​ថា ប្រសិន​បើ​ម្ចាស់​ឯកជន​ជួល ហ្វ្រេកង់​បន្ត ត្រូវ​ជម្រាប​មក​ក្រសួង​។​ នៅ​ពេល​សួរថា តើ​ម្ចាស់ ហ្វ្រេកង់​នេះ​បាន​ដាក់​ពាក្យ​សុំ​ការ​អនុញ្ញាត​ឬ​អត់ និង​ថា តើ​ផល​វិបាក​អ្វី​នឹង​កើត​មាន លោក​បាន​ថ្លែងថា សូម​ចាំ​មើល​សិន​។ «​សូម​រង់ចាំ​មើល​សិន ដើម្បី​ឲ្យ​នាយកដ្ឋាន​បច្ចេកទេស និង​រដ្ឋបាល​ពិនិត្យ​»​។

លោក មឿន ឈាន​ណា​រិទ្ធិ ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារ​ព័ត៌មាន បាន​ថ្លែង​ថា វា​ជា​ការ​វាយ​ទៅ​លើ​សិទ្ធិ​របស់​ស្ត្រី​ប្រសិន​បើ​ស្ថានីយ​នេះ​ត្រូវ​បិទ ប្រសិន​បើ​មិន​មាន​ការ​ស្វែងរក​ដំណោះស្រាយ​។

លោក​បាន​បញ្ជាក់​ថា​៖ «​វា​ជា​ការ​ក្រៀមក្រំ​ណាស់​។ មិន​មែន​សម្រាប់​តែ​សេរីភាព​សារ​ព័ត៌មាន​ទេ ប៉ុន្តែ​សម្រាប់​ស្ត្រី និង​កុមារ ពីព្រោះ​យើង​ត្រូវ​ការ​ឮ​សិទ្ធិ​របស់​ពួក​គេ និង​ដោះស្រាយ​បញ្ហា​»​។ «​ស្ត្រី និង​កុមារ​ជា​ញឹកញាប់​ត្រូវ​បាន​បំភ្លេច​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​»​។

លោក មឿន ឈាន​ណារិទ្ធិ បាន​ពន្យល់​ថា ស្ថានីយ​វិទ្យុ​នេះ​មាន​អ្នក​ស្តាប់​ច្រើន និង​បង្កើន​ការ​គ្រប់​ដណ្តប់​របស់​ខ្លួន​ពី​២០០​មេ​ហ្គា​វ៉ាត់​ទៅ​១០​គីឡូ​វ៉ាត់​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ និង​ជា​ស្ថានីយ​វិទ្យុ​មួយ​ក្នុង​ចំណោម​ស្ថានីយ​វិទ្យុ​ដែល​មាន​វិជ្ជាជីវៈ​ក្នុង​ប្រទេស​កម្ពុជា​៕ PS