ភ្នំពេញៈ ម្ចាស់​អាជីវកម្ម​នៅ​តាម​អាហារដ្ឋាន ទេសចរណ៍ ខារ៉ាអូខេ ឌីស្កូថែក រង្គសាល បៀរហ្គាដិន និង​សេវា​កម្សាន្ត​នៅ​ទូទាំង​ប្រទេស​អាច​ប្រឈម​នឹង​ការផ្អាក​អាជីវកម្ម ឬ​ដកហូត​អាជ្ញាប័ណ្ណ​បើ​ល្មើស​នឹង​សារាចរ​ណែនាំ​មិន​ឲ្យ​លក់​គ្រឿង​ស្រវឹង​នៅ​មុន និង​ក្នុង​ថ្ងៃ​បោះឆ្នោត​នា​ថ្ងៃ​ ២៨-២៩ ​កក្កដា​។ នេះ​​បើ​តាម​លោក សុខ វណ្ណា ប្រធាន​​នាយកដ្ឋាន​គ្រប់គ្រង​សេវា​កម្សាន្ដ និង​កីឡា​ទេសចរណ៍​។

លោក វណ្ណា បាន​ថ្លែង​ថា​ម្ចាស់​អាជីវកម្ម​កន្លែង​កម្សាន្ដ​ផ្សេងៗ បើ​នៅ​តែ​បន្ដ​លក់​គ្រឿង​ស្រវឹង​បំពាន​សារាចរ អាជ្ញាធរ​នឹង​ចាត់វិធានការ​នៅ​នឹង​កន្លែង​តាម​កម្រិត​ដែល​បាន​ប្រព្រឹត្ដ​។

លោក​បន្ដ​ថា​៖ «​ប្រសិន​ជា​មាន​អាជីវកម្ម​ណា​មួយ​គាត់​បំពាន​នូវ​សារាចរ​ណែនាំ​ ឬ​ក៏​អនុក្រឹត​របស់​រាជរដ្ឋាភិបាល​នោះ អាជ្ញាធរ​មូលដ្ឋាន​ខេត្ដ​គាត់​នឹង​ចាត់​វិធានការ​ទៅ​តាម​ផ្លូវច្បាប់​»​។

លោក​បាន​អះអាង​ថា​៖ «​វិធានការ​ទី​ ១ បើ​គាត់​នៅ​តែ​ប្រព្រឹត្ដ​បំពាន អាជ្ញាធរ​នឹង​ចុះ​ទៅ​ណែនាំ​ ឬ​ឃាត់​ពួកគាត់ ដើម្បី​រក្សា​នូវ​សន្ដិសុខ សុវត្ថិភាព​អំឡុងពេល​បោះឆ្នោត​ដោយ​មិន​បង្ក​ឲ្យ​មាន​បញ្ហា​ក្ឌុងក្ឌាំង​អ្វី​ទេ​។ ប៉ុន្ដែ​ប្រសិន​បើ​គាត់​មិន​ព្រម​ហើយ​នៅ​តែ​បំពាន​ទៀត​យើង​អាច​ផ្អាក​អាជ្ញាប័ណ្ណ​គាត់ ពិន័យ​ទៅ​តាម​ច្បាប់ និង​ទំហំ​នៃ​ទោសកំហុស​របស់​ពួកគាត់​»​។

បើ​តាម​លោក វណ្ណា ច្បាប់​បាន​កំណត់​ឲ្យ​ផ្អាក​អាជីវកម្ម​បណ្ដោះអាសន្ន​ដកហូត​អាជ្ញាប័ណ្ណ​អាជីវកម្ម និង​បិទ​លែង​ឲ្យ​ដំណើរការ​ចំពោះ​ការបំពាន​។

លោក ឧត្ដម ប្រធាន​គ្រប់គ្រង ក្លិប​កម្សាន្ដ​សោនក្លិប​២ (Sound Club 2) នៅ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍ ពី​ម្សិលមិញ​ថា​លោក​បាន​ដឹង​ពី​សារាចរ​នេះ​រួច​ហើយ​។

លោក​បាន​ថ្លែង​ថា​៖ «​យើង​នឹង​គោរព​តាម​អាជ្ញាធរ ហើយ​នឹង​ផ្អាក​ដំណើរការ ការលក់ដូរ​រយៈពេល​ ២ ​ថ្ងៃ​តាម​សារាចរ​ដែល​បាន​ប្រកាស​នេះ​ដោយ​មិន​បើក​ដំណើរការ​អាជីវកម្ម​ឡើយ​ក្នុង​អំឡុង​ថ្ងៃ ២៨-២៩ ខែ​កក្កដា​នេះ​»​។

គួរ​បញ្ជាក់​ថា​ក្រសួង​ទេសចរណ៍​បាន​ចេញ​សារាចរ​ណែនាំ​មួយ​ដល់​ម្ចាស់​អាជីវកម្ម​ភោជនីយដ្ឋាន អាហារដ្ឋាន​ទេសចរណ៍ ខារ៉ាអូខេ ឌីស្កូថែក រង្គសាល បៀរហ្គាដិន និង​សេវា​កម្សាន្ត​ទេសចរណ៍​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ត្រូវ​ផ្អាក​ការលក់ដូរ​គ្រឿង​ស្រវឹង​​ចំនួន​ ២ ​ថ្ងៃ​ក្នុង​នោះ​រួម​មាន ១ ​ថ្ងៃ​មុន​ការបោះឆ្នោត និង​នៅ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​​ ៦ នៃ​រដ្ឋសភា ពោល​គឺ​ក្រសួង​មិន​អនុញ្ញាត​ឱ្យ​លក់​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​ទី​ ២៨-២៩ ខែ​កក្កដា​ឆ្នាំ​ ២០១៨ នោះ​ទេ​។

សារាចរ​ដែល​បាន​ប្រកាស​នៅ​ថ្ងៃទី​ ២១ ខែ​កក្កដា​ឆ្នាំ​នេះ​បាន​ឲ្យ​ដឹង​ថា​៖ «​ម្ចាស់​ ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​ខារ៉ាអូខេ​ឌីស្កូថែក រង្គសាល បៀរហ្គាដិន​​ និង​សេវា​កម្សាន្ត​ទេសចរណ៍​នានា​នៅ​ទូទាំង​រាជធានី-ខេត្ត​ត្រូវ​ផ្អាក​សកម្មភាព​អាជីវកម្ម​រយៈពេល​ ១ ​ថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត​ចាប់ពី​ថ្ងៃទី​ ២៨ និង​ទី​ ២៩ ខែ​កក្កដា​ឆ្នាំ​ ២០១៨​។ ចំណែកឯ​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​ទេសចរណ៍​នានា​នៅ​ទូទាំង​រាជធានី-ខេត្ត​អាច​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​បាន ប៉ុន្តែ​ត្រូវ​ផ្អាក​ការលក់ដូរ​គ្រឿង​ស្រវឹង ២ ​ថ្ងៃ​នេះ​»៕