ភ្នំពេញៈ ពីរឆ្នាំបន្ទាប់ពីដំរីញីមួយក្បាលត្រូវនាំចេញពីទីក្រុងដើម្បីទៅរកជីវិតចូលនិវត្តន៍និងលម្ហែកាយនៅជាយក្រុង ដំរីឈ្មោះ សម្បូរ នាពេលខាងមុខឆាប់ៗនេះ នឹងត្រឡប់មកបម្រើភ្ញៀវទេសចរកន្លែងការងារចាស់របស់វានៅរមណីយដ្ឋាន វត្តភ្នំ វិញ។
ប៉ុន្តែអង្គការជួយសង្គ្រោះដំរីដែលបានផ្តល់ថវិកាដល់កម្មវិធីស្តារនីតិសម្បទាដែលទើបបញ្ចប់នាពេលថ្មីៗបានសន្យាថា សត្វដំរីនេះនឹងត្រូវឲ្យចូលនិវត្តន៍នៅកន្លែងអភិរក្សវិញ ដោយលើកហេតុផលអំពីបញ្ហាសុខភាពរបស់ដំរី។
លោក សិន សន ដែលជាម្ចាស់សត្វដំរីញីឈ្មោះ សម្បូរ ថ្លែងថា ខណៈដែលលោកនិងដំរីរបស់លោកលែងទទួលបានការឧបត្ថម្ភពីអង្គការមូលនិធិសង្គ្រោះសត្វដំរីអាស៊ី (EARS) លោកមិនអាចលៃលកផ្តល់ចំណីនិងការគាំពារសុខភាព ដល់ដំរីញីនេះ ដោយមិនមានចំណូលជាប់លាប់ពីការដឹកភ្ញៀវទេសចរនៅ វត្តភ្នំ ដែលលោកបានប្រកបមុខរបរនេះជាង ២០ឆ្នាំ មកហើយនោះបានទេ។
ដំរី សម្បូរ អាយុ ៥៤ឆ្នាំ បានចំណាយពេលជាច្រើនទសវត្សរ៍ធ្វើការងារដឹកភ្ញៀវដោយដើរនៅលើថ្ម និងដីរឹងមានថ្ម ដែលបានធ្វើឲ្យជើងរបស់វាកើតបូសឈឺ និងមានបញ្ហាក្រចកជើង និងបញ្ហាដទៃៗផ្សេងទៀតដែលបានបណ្តាលឲ្យដំរីញីនេះទន់ខ្សោយ។ បន្ទាប់ពីពេទ្យសត្វម្នាក់ដែលត្រូវបានបណ្តុះបណ្តាលដោយអង្គការ EARS បានព្រមានកាល ឆ្នាំ២០១២ ថា ការធ្លាក់ដុនដាបបន្ថែមទៀតនៃដំបៅរបស់ដំរីនេះ អាចនឹងធ្វើឲ្យវាដួលនៅលើផ្លូវថ្ងៃណាមួយលោក សន បានយល់ព្រមយកដំរីនេះទៅកន្លែងព្យាបាលនិងសម្រាក។ កាល ខែមីនា ឆ្នាំនេះកិច្ចសន្យាការងារនោះបានបញ្ចប់ដោយបានទុកឲ្យអង្គការ EARS និងលោក សន មិនយល់ស្របអំពីអ្វីដែលនឹងកើតឡើងនាពេលបន្ទាប់។
លោក សន បានថ្លែងកាលពីថ្ងៃអង្គារ នៅកន្លែងដែលសត្វដំរីនេះត្រូវបានយកទៅថែរក្សាតាំងពី ខែកុម្ភៈ ឆ្នាំ២០១២ នៅតំបន់ ភ្នំពេញថ្មី ខណៈដែលសត្វដំរីនេះ កំពុងស៊ីអំពៅនៅពីក្រោយលោកថា៖ «ខ្ញុំមិនមានប្រាក់សម្រាប់ចិញ្ចឹមដំរីនេះទេ។ ខ្ញុំនឹងនាំវាត្រឡប់ទៅ វត្តភ្នំ វិញប៉ុន្តែខ្ញុំនឹងមិនយកដំរីនេះដឹកភ្ញៀវដូចមុនទៀតទេ»។ លោកបន្តថា៖ «ខ្ញុំចំណាយ ១៥ ដុល្លារក្នុងមួយថ្ងៃគ្រាន់តែសម្រាប់ចំណីរបស់ សម្បូរ...នៅពេលត្រឡប់ទៅ វត្តភ្នំ វិញដំរីនេះនឹងគ្រាន់តែឈរនៅកន្លែងមួយហើយភ្ញៀវទេសចរឬប្រជាជនទូទៅអាចស្ទាបដំរីនេះបាន និងថតរូបជាមួយដំរីនេះ ឬទិញផ្លែឈើដែលខ្ញុំនឹងលក់ដើម្បីយកប្រាក់ចិញ្ចឹមសត្វដំរីនេះ»។
អង្គការ EARS បានចំណាយប្រាក់ចំនួន ៤៥.០០០ ដុល្លារក្នុងរយៈកាលពីរឆ្នាំនេះសម្រាប់ការចំណាយលើការគាំពារសុខភាពរបស់ សម្បូរ និងកញ្ចប់ថវិកាប្រចាំខែសម្រាប់លោក សន។
ជើងរបស់ សម្បូរ ហាក់បីដូចជាមិនងាយធូរស្បើយជាងមុនទេ ប៉ុន្តែ លោកស្រី Louise Rogerson ដែលជាស្ថាបនិកនិងជាអគ្គនាយកនៃអង្គការ EARS បានថ្លែងថា ការបញ្ជូនដំរីញីនេះត្រឡប់ទៅ វត្តភ្នំ វិញគឺជាការមិនល្អសម្រាប់សុខភាពរបស់ដំរីនេះ។
លោកស្រីបន្តថា៖ «ដំរីញីនេះ នឹងមិនអាចជាសះស្បើយ ១០០ ភាគរយបានទេ ប៉ុន្តែអ្វីដែលយើងបានធ្វើគឺផ្តល់ឲ្យដំរីញីនេះ នូវកម្មវិធីព្យាបាលថែទាំក្នុងរយៈកាលពីរឆ្នាំចុងក្រោយនេះ»។ «វានឹងមិនអាចទៅរួចទេ ដែលឲ្យវាដើរនៅលើផ្លូវកៅស៊ូក្តៅ...វានឹងជាការសាហាវព្រៃផ្សៃទៅលើដំរីនេះ»។
អង្គការ EARS បានផ្តល់ថវិកាដល់ការចូលនិវត្តន៍របស់សត្វដំរី សម្បូរ នៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ភ្នំតាម៉ៅ ឬនៅគម្រោងជ្រលងភ្នំដំរីនៅ ខេត្តមណ្ឌលគិរី វិញ ប៉ុន្តែលោក សន បានច្រានចោលចំពោះជម្រើសទាំងនេះ។
លោកបានថ្លែងថា លោកនឹងយកសត្វដំរីនេះទៅនៅក្នុងដីមួយកន្លែងក្នុង ខេត្តកំពង់ស្ពឺ ដែលកូនប្រុសរបស់លោកបាននិយាយថា នឹងទិញប្រសិនបើម្ចាស់ជំនួយជួយដំរីនេះ ជាមួយថ្លៃចំណាយព្យាបាល ថែទាំ និងចំណី ប៉ុន្តែ អង្គការ EARS ថា ដីនេះមិនសមសម្រាប់ការចូលនិវត្តន៍រយៈពេលយូររបស់ដំរីទេ។
លោក សន ថ្លែងថា៖ «ខ្ញុំចង់អំពាវនាវទៅអ្នករាល់គ្នាក្នុងប្រទេសនិងនៅក្រៅប្រទេសនិងអង្គការដទៃៗទៀតជួយដំរី សម្បូរ ខ្ញុំផង។ ប៉ុន្តែមិនមែនអង្គការ EARS ទេ។ ខ្ញុំចង់ឲ្យអ្នកទាំងនោះស្រឡាញ់ដំរីដើម្បីជួយដំរីខ្ញុំដោយផ្ទាល់តាមរយៈខ្ញុំ ពីព្រោះខ្ញុំជាម្ចាស់ដំរី ហើយខ្ញុំកំពុងថែទាំសត្វដំរីនេះជារៀងរាល់ថ្ងៃ»។
លោកបានបដិសេធមិនពន្យល់ថា ហេតុអ្វីបានជាលោកមិនចង់ទទួលយកការឧបត្ថម្ភពីអង្គការ EARS ទៀតនោះទេ ដោយលើកឡើងនូវ «បញ្ហាផ្ទាល់ខ្លួន» ជាមួយអង្គការនេះ។ លោក សន បានបង្វែរក្តីបារម្ភ អំពីបញ្ហាសុខភាពរបស់ សម្បូរ និងអំពីការប្តេជ្ញាចិត្តក្នុងការថែរក្សាដំរីនេះនៅក្នុងទីក្រុងហើយថ្លែងថា៖ «សម្បូរ រស់នៅជាមួយខ្ញុំតាំងពីវានៅតូចអាយុ ៨ ឆ្នាំហើយខ្ញុំចាត់ទុកវាជាកូនស្រីរបស់ខ្ញុំ។ ដូច្នេះខ្ញុំនឹងនៅជាមួយ សម្បូរ រហូតដល់ឆ្នាំស្លាប់»។
ទោះយ៉ាងណាក្តី លោកស្រី Rogerson បានថ្លែងយ៉ាងច្បាស់ថា ដំរីសម្បូរ «ស័ក្តិសមទទួលបានជីវិតប្រសើរជាងមុនបន្ទាប់ពីឈរនិងដឹកភ្ញៀវ ៣០ ឆ្នាំនៅក្នុងទីក្រុង»។ លោកស្រីបន្តថា៖ «យើងអាចបន្តកិច្ចព្រមព្រៀងថ្មីប្រសិនបើគាត់បារម្ភពីដំរីរបស់គាត់ និងបញ្ជូនដំរីនេះទៅទីជម្រកធម្មជាតិជាមួយដំរីជាច្រើន»។
លោក រតនៈ ពេជ្រ អនុប្រធានកន្លែងអភិរក្ស ភ្នំតាម៉ៅ បានថ្លែងថា មន្រ្តីការពារជីវិតសត្វព្រៃពីរដ្ឋបាលព្រៃឈើនឹងចុះទៅមើលដំរី សម្បូរ នៅសប្តាហ៍នេះដើម្បីវាយតម្លៃសុខភាពរបស់វា និងសម្រេចថា តើដំរីនេះអាចត្រឡប់ទៅទីក្រុងវិញបានឬអត់?
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងថា ក្រសួងព័ត៌មានក៏សុខចិត្តផ្តល់ដីរបស់ក្រសួងនៅមហាវិថី ព្រះមុនីវង្ស ដើម្បីជាកន្លែងដេកសម្រាប់ដំរី សម្បូរ ប្រសិនបើដំរីនេះត្រឡប់មកទីក្រុងវិញ៕ PS