ភ្នំពេញៈ នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃនឹងប្រើប្រាស់វិធានការផ្លូវច្បាប់នៅថ្ងៃខាងមុខចំពោះគ្រប់ម្ចាស់សហគ្រាសខ្នាតតូច និងធំ ឬថៅកែក្រុមហ៊ុនគ្រប់ប្រភេទទូទាំងប្រទេសដែលជួលកម្មករជនជាតិវៀតណាមស្នាក់នៅខុសច្បាប់មកបម្រើការងារ។
វិធានការផ្លូវច្បាប់ដែលរួមមានការផាកពិន័យជាប្រាក់ និងការបញ្ជូនសំណុំរឿងទៅកាន់តុលាការត្រូវបានប្រធានផ្នែកស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃនាយកដ្ឋានអន្តោប្រវេសន៍ លោក អ៊ុក ហៃសីឡា អះអាងថានឹងធ្វើឡើងទៅលើគ្រប់ថៅកែសហគ្រាសខ្នាតតូច និងធំគ្រប់ប្រភេទដែលត្រូវបានរកឃើញថានៅតែបន្តជួល ឬប្រើប្រាស់ជនអន្តោប្រវេសន៍ខុសច្បាប់បន្ទាប់ពីធ្លាប់ទទួលបានលិខិតព្រមានម្តងពីសមត្ថកិច្ចម្តងហើយនោះ។
លោកថា៖ «បច្ចុប្បន្ននេះស្ថិតក្នុងដំណាក់កាលអនុគ្រោះនៅឡើយដោយបន្ទាប់ពីការរកឃើញយើងចេញលិខិតព្រមានសិនប៉ុន្តែបើរកឃើញជាលើកទី ២ សម្រាប់ថៅកែ ឬម្ចាស់សហគ្រាសដដែលនោះគឺនឹងត្រូវរងការផាកពិន័យហើយសំណុំរឿងនឹងបញ្ជូនទៅតុលាការ»។
បើតាមលោក អ៊ុក ហៃសីឡា នៅម៉ោងជិត ៦ ព្រឹក ថ្ងៃពុធម្សិលមិញនេះកម្មករសំណង់ជនជាតិវៀតណាម ៥១ នាក់ក្នុងនោះស្រី ១៥ នាក់ ត្រូវបានសមត្ថកិច្ចត្រួតពិនិត្យ និងឃាត់ខ្លួនបានខណៈកំពុងបំពេញការងារនៅបុរីអង្គរភ្នំពេញក្នុងសង្កាត់ឃ្នួញ ខណ្ឌសែនសុខដោយមិនមានលិខិតស្នាក់នៅត្រឹមត្រូវ។
លោកថារយៈពេល ៧ ខែ ដើមឆ្នាំ ២០១៥ នេះជនជាតិវៀតណាមរស់នៅខុសច្បាប់ដែលត្រូវបានចាប់បញ្ជូនត្រឡប់ទៅវិញនោះមានជាង ១៥០០ នាក់។
ដើម្បីសម្រួលការងារ និងគ្រប់គ្រងអន្តោប្រវេសន៍តាមមូលដ្ឋានជាមួយនឹងការពង្រឹងច្បាប់ការពារជនបរទេសស្របច្បាប់ និងផ្តន្ទាទោសជនមិនស្របច្បាប់ថ្មីៗនេះអគ្គស្នងការនគរបាលជាតិបានសម្រេចបង្កើតផ្នែកអន្តោប្រវេសន៍ ចំនួន ៨៩ ចំណុះអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ចំនួន ១៩៧ នៃស្នងការដ្ឋាននគរបាលរាជធានីខេត្តផងដែរ។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា មានសុទិដ្ឋិនិយមចំពោះភាពសកម្មនៃចំណាត់ការស្វែងរកអន្តោប្រវេសន៍ខុសច្បាប់ដែលត្រូវបានធ្វើឡើងក្នុងរយៈពេលចុងក្រោយនេះប៉ុន្តែលោកគិតថាអាជ្ញាធរពាក់ព័ន្ធគប្បីពង្រឹងនូវលំហូរចូលអនាធិបតេយ្យ និងខុសច្បាប់តាមច្រកព្រំដែន និងច្រករបៀងនានាជាជាងការទម្លាក់កំហុសចំពោះម្ចាស់សហគ្រាស ឬថៅកែដែលជួល ឬប្រើប្រាស់កម្មករទាំងនោះ។
លោកថា៖ «ភាគច្រើនគឺថៅកែមិនបានដឹងនោះទេព្រោះពួកគេមិនមានសិទ្ធិក្នុងការឆែកឆេរ ឬសួរនាំពីកម្មករទាំងនោះថាស្របច្បាប់ ឬមិនស្របច្បាប់ទេ។ ដើម្បីដោះស្រាយនូវបញ្ហានេះក្រៅពីការពង្រឹងតាមដានតាមច្រកព្រំដែនគំនិតល្អមួយទៀតគឺកម្ពុជាគួរតែមានការលក់ទិដ្ឋាការ (Visa) ដូចជាស្រុកគេអ៊ីចឹងព្រោះក្នុងនោះមានការកំណត់ថ្ងៃ និងមូលហេតុចេញចូលប្រទេសហើយយើងរកឃើញថាពួកគាត់មកខុសគោលដៅយើងអាចចាត់វិធានការសម្រាប់ការស្នាក់នៅលើសថ្ងៃយើងអាចពិន័យពួកគាត់បាន»៕