ភ្នំពេញៈ អ្នកស្រី ឈាវ ចិន្តា និងកូនស្រី ម៉ាលីតា ដែលរងគ្រោះដោយទឹកអាស៊ីតកាលពីខែ កុម្ភៈ ឆ្នាំ ២០០៨ នឹងទទួលបានការព្យាបាលដោយការវះកាត់ និងថែទាំរហូតជាសះស្បើយនៅសហរដ្ឋអាមេរិកតាមរយៈអង្គការមូលនិធិកុមារកម្ពុជា (CCF) សហការជាមួយអង្គការ Face Forward International ដែលជាអ្នករ៉ាប់រងក្នុងការព្យាបាលនេះ។
កុមារី ម៉ាលីតា មានវ័យ ១៤ ឆ្នាំ ជាសិស្សនៃអង្គការ CCF និងម្តាយនាងឈ្មោះ ឈាវ ចិន្តា អាយុ ៤៤ ឆ្នាំ គ្រោងចេញទៅអាមេរិកនៅខែកញ្ញានេះ ដើម្បីទទួលការព្យាបាលពីអ្នកវេជ្ជសាស្ត្រជំនាញនៅទីក្រុងឡូសអែនជឺលេស។ រីឯការចំណាយគឺអង្គការ Face Forward International ជាអ្នករ៉ាប់រងទាំងអស់ដែលសរុបថវិកាប្រមាណ ៣០ ម៉ឺនដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការ CCF កាលពីម្សិលមិញ។
អ្នកស្រី ចិន្ដា មានដើមកំណើតនៅស្រុកស្អាងខេត្ដកណ្ដាលដែលរងរបួសរហូតងងឹតភ្នែកទាំង ២ បានថ្លែងថា អ្នកស្រី និងកូនហាក់មានសង្ឃឹមឡើងវិញ នៅពេលបានមកដល់អង្គការ CCF កាលពីខែ កុម្ភៈ ឆ្នាំ ២០១១។
អ្នកស្រីបញ្ជាក់ថា៖ «ទោះបីភ្នែកខ្ញុំងងឹតមែន ប៉ុន្ដែក្រោយមករស់នៅអង្គការ ជីវិតខ្ញុំលែងងងឹតទៀតហើយ ព្រោះមានអ្នកលើកទឹកចិត្ដ និងយកចិត្តទុកដាក់ចំពោះខ្ញុំ អាណិតអាសូរខ្ញុំ។ ខ្ញុំពិតជាអរគុណខ្លាំងណាស់។ ពិតជាមិននឹកស្មានថាអាចទទួលបានការមើលថែ និងការព្យាបាលបែបនេះទេ»។
ចំណែកកុមារី ម៉ាលីតា បាននិយាយថា ការទទួលបានការមើលថែពីអង្គការ CCF កន្លងមករួមនឹងការព្យាបាលក្នុងពេលខាងមុខនេះផងនឹងធ្វើឲ្យជីវិតនាងដូចកើតម្ដងទៀត។
ម៉ាលីតា បន្ដថា៖ «ខ្ញុំសង្ឃឹមថាក្រោយការព្យាបាលនឹងទទួលបានលទ្ធផលល្អ។ មុនពេលខ្ញុំមករស់នៅអង្គការ ជីវិតខ្ញុំពិតជាលំបាក និងប្រឈមមុខជាមួយមនុស្សជុំវិញខ្លួនទៀតផង។ ប៉ុន្ដែក្រោយមករស់នៅជាមួយអង្គការជីវិត និងការសិក្សារបស់ខ្ញុំមានការល្អប្រសើរឡើង»។
លោក Scott Neeson ប្រធានអង្គការមូលនិធិកុមារ (CCF) ឲ្យដឹងថា លោកបានជួបកុមារី ម៉ាលីតា ដំបូងគឺនាងអាយុ ៦ ឆ្នាំពេលនាងកំពុងរស់នៅជាមួយម្តាយនៅម្តុំស្ទឹងមានជ័យ។
ចាប់ពីពេលនោះមកគ្រួសារនាងទទួលបានការផ្គត់ផ្គង់ទីជម្រកដ៏សមរម្យមួយនិងគាំទ្រផ្នែកហិរញ្ញវត្ថុពីអង្គការ CCF។
លោកបានឲ្យដឹងថា កុមារី ម៉ាលីតា ជាសិស្សម្នាក់នៅសាលា Neeson Cripps Academy ដែលទើបប្រឡងជាប់ថ្នាក់ទី ៩ ថ្មីៗកន្លងទៅនេះ។ នាងបានប្រាប់ថាចង់បន្តការសិក្សានៅសាកលវិទ្យាល័យផ្នែកភាពយន្ត និងផ្សព្វផ្សាយ។ ចំណែកម្តាយរបស់នាង អ្នកស្រី ចិន្តា កំពុងបម្រើការងារនៅឃ្លាំងអង្កររបស់ CCF។
លោកស្រី Deborah Alessi ស្ថាបនិក និងជានាយកប្រតិបត្តិនៃអង្គការ Face Forward International បានធ្វើដំណើរមកដល់រាជធានីភ្នំពេញកាលពីខែកក្កដាថ្មីៗនេះ ដើម្បីជួបលោក Scott Neeson ក៏ដូចជាស្វែងយល់ពីស្ថានភាពកុមារី ម៉ាលីតា និងម្តាយរបស់នាងនៅ CCF ផងដែរ។
លោក Scott បានថ្លែងថាលោកស្រី Deborah ជាមនុស្សជួរមុខដែលបានចុះទៅជួបផ្ទាល់ជនរងគ្រោះកំពុងរងទុក្ខដែលត្រូវបានគេបំភ្លេចចោល និងកំពុងត្រូវការជំនួយបន្ទាន់។
លោក Scott ថ្លែងថា៖ «កន្លងមកខ្ញុំបានឃើញ ម៉ាលីតា លូតលាស់ និងចាប់ផ្តើមរីកចម្រើន។ ក្នុងអំឡុងពេលនោះនាងស្ថិតក្រោមការព្យាបាលដ៏ឈឺចាប់។ ប៉ុន្តែភាពក្លាហានរបស់នាងគឺគួរឲ្យកត់សម្គាល់វាពិតជាអស្ចារ្យណាស់ដែល ម៉ាលីតា និងម្តាយទទួលបាននូវការផ្ដល់ក្ដីសង្ឃឹមមួយនេះ»។
លោកស្រី Deborah បានឲ្យដឹងថា ពិតជាមានការស្ញប់ស្ញែងចំពោះការងារដ៏អស្ចារ្យរបស់លោក Scott និងក្រុមការងាររួមទាំងកុមារទាំងអស់ក៏ដូចជាក្រុមគ្រួសាររបស់ពួកគេដែលទទួលបានការផ្តល់ជូនផ្សេងៗ។
លោកស្រីថ្លែងថា៖ «យើងពិតជាមានក្តីរំភើបជាពន់ពេកដែលបានប្រកាសពីភាពជាដៃគូរបស់យើងជាពិសេសការមកដល់ក្នុងពេលខាងមុខរបស់អ្នកជំងឺរបស់យើងរួមមាន ម៉ាលីតា និងម្តាយរបស់នាង។ ម៉ាលីតា ជាក្មេងស្រីក្លាហាន និងអស្ចារ្យជាខ្លាំង។ យើងនឹងចាប់ផ្តើមធ្វើការវះកាត់ស្ថាបនាស្លាកស្នាមរបួសរបស់ពួកគេនៅរដូវក្តៅនេះ។ ក្រុមការងាររបស់ពួកយើងនឹងបន្តមើលថែ ម៉ាលីតា និងម្តាយរបស់នាងឆ្ពោះទៅកាន់វិថីដ៏ភ្លឺស្វាងនៅពេលអនាគត»។
លោកស្រីឲ្យដឹងថា ជំហានដំបូង ម៉ាលីតា និងម្តាយរបស់នាងនឹងស្នាក់នៅព្យាបាលជាប់លាប់រយ:ពេលប្រហែល ៣ ខែនៅអាមេរិក។ ក្រោយមកអាចបន្តរហូតដល់ ៥ ឆ្នាំ ឬលើសពីនេះ។
លោកស្រី Deborah បញ្ជាក់ថា៖ «យើងមានសុទិដ្ឋិនិយមថា យើងនឹងអាចជួយអ្នកទាំង ២ បានច្រើនដើម្បីឲ្យពួកគេផ្លាស់ប្តូរដំណើរជីវិតថ្មី»។
គួរបញ្ជាក់ថា កុមារី ម៉ាលីតា រងគ្រោះដោយការជះទឹកអាស៊ីតដោយជនដៃដល់កាលពីអំឡុងខែកុម្ភៈឆ្នាំ ២០០៨ នៅបរិវេណមុខផ្ទះសាច់ញាតិរបស់នាងនៅក្រុងភ្នំពេញខណៈនាងទើបមានអាយុ ២ ឆ្នាំ ៨ ខែ។ ចំណែកម្តាយរបស់នាងក៏ត្រូវរងរបួសបន្សល់ស្លាកស្នាមពេញផ្ទៃមុខ និងរាងកាយថែមទាំងពិការភ្នែកទាំងសងខាងថែមទៀត។
លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូបានកត់សម្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះអំពើហិង្សាដោយទឹកអាស៊ីតបានថយចុះ។
លោកថា៖ «ទោះបីមានការថយចុះក៏ដោយ ប៉ុន្ដែករណីអំពើហិង្សាដោយទឹកអាស៊ីតជារឿងធ្ងន់ធ្ងរចំពោះជនរងគ្រោះដែលអាចបាត់បង់ជីវិត ឬពិការ និងត្រូវការពេលវេលាព្យាបាលយូរ»។
លោក សំអាត ចាត់ទុកអំពើហិង្សាដោយអាស៊ីតជាបញ្ហាធ្ងន់ធ្ងរដែលទាមទារឲ្យរាជរដ្ឋាភិបាលអនុវត្ដច្បាប់ឲ្យបានតឹងរ៉ឹង ចំពោះអ្នកលក់ទឹកអាស៊ីត និងមានយន្តការបន្ថែមទៀតដើម្បីគ្រប់គ្រងឲ្យបានច្បាស់លាស់ចៀសវាងមានអ្នកយកទឹកអាស៊ីតទៅប្រើលើជនរងគ្រោះ៕