មណ្ឌលគិរីៈ ម្ដាយ​ក្មេងស្រី​ម្នាក់​ក្នុង​អំពើ​រំលោភបំពាន​ផ្លូវភេទ​បាន​ជំរុញ​ឱ្យ​តុលាការខេត្ត​មណ្ឌលគិរី ពន្លឿន​នីតិវិធី​លើ​សំណុំ​រឿងក្ដី «​ប្ដី​ចុង​ចាប់រំលោភ​កូនស្រី​» ​របស់​គាត់ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​កូនស្រី ខណៈ​ជនជាប់ចោទ​ដែល​នៅ​ក្រៅ​ឃុំ​បាន​បដិសេធ​បទ​ចោទ​នេះ​។

អ្នកស្រី លឹម សាមឿន អាយុ​ ៥៣ ​ឆ្នាំ​ មាន​លំនៅ​ភូមិ​ពូត្រុំ​ ៤ សង្កាត់​រមនា ក្រុង​សែនមនោរម្យ​ឱ្យ​ដឹងពី​ម្សិលមិញ​ថា អស់​រយៈពេល​ប្រមាណ​ ៣ ​ឆ្នាំ​មកហើយ ដែល​អ្នកស្រី​ និង​កូនស្រី​រងគ្រោះ​ក្នុង​អំពើ​រំលោភ​ផ្លូវភេទ​ប្រព្រឹត្ត​ដោយ​ប្ដី​ចុង​របស់​អ្នកស្រី​បាន​រង់ចាំ​យុត្តិធម៌​ពី​តុលាការ​។

​«​កាលពី​ថ្ងៃ​ទី​ ១៧ ខែមីនា ឆ្នាំ​ ២០២១ ខ្ញុំ​នឹង​សាក្សី​មួយ​ចំនួន​បាន​នាំគ្នា​ទៅ​តុលាការ​ដើម្បី​ចូលរួម​សវនាការ​លើ​សំណុំរឿង​ហិង្សា​ប្រព្រឹត្ត​ដោយ​អនីតិ​សង្វាសជន ប៉ុន្តែ​ពេល​ខ្ញុំ​ទៅដល់​មន្ត្រី​តុលាការ​ម្នាក់​បាន​ប្រាប់ថា តុលាការ​បាន​សម្រេច​លើក​ពេល​សវនាការ​គ្រប់​រឿងក្តី​ទាំងអស់​ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩»​។

បើតាម​អ្នកស្រី សាមឿន សំណុំ​រឿង​ «​ហិង្សា​ប្រព្រឹត្ត​ដោយ​អនីតិ​សង្វាសជន​» នេះ​ជន​ជាប់ចោទ​គឺជា​ប្ដី​ចុង​អ្នកស្រី ឈ្មោះ ឯក រស្មី អាយុ​ ៤០ ​ឆ្នាំ ចំណែក​ជនរងគ្រោះ​គឺជា​កូនស្រី​ប្ដី​មុន​របស់​អ្នកស្រី​។

លោក មាស ប្រុស អ្នកនាំពាក្យ​សាលាដំបូង​ខេត្តមណ្ឌលគិរី​ថ្លែង​ថា សំណុំរឿង​ក្ដី​នេះ​កំពុង​ស្ថិតក្រោម​ចំណាត់ការ​នីតិវិធី​របស់​តុលាការ​ហើយ​។ «​ខ្ញុំ​យល់ថា ស្ត្រី​រងគ្រោះ និង​ម្ដាយ​គួរតែ​យល់​អំពី​ស្ថានភាព​នាពេល​បច្ចុប្បន្ន ដែល​កំពុង​ប្រឈម​ខ្លាំង​ជាមួយ​ជំងឺឆ្លង​កូវីដ​។ តុលាការ​នឹងមិន​ទុក​សំណុំ​រឿងនេះ​ចោល​នោះទេ​។ សូមមេត្តា​រង់ចាំ តុលាការ​នឹង​ស្វែងរក​យុត្តិធម៌​ជូន​ពួកគាត់ តាមរយៈ​សវនាការ​ជំនុំជម្រះ​លើ​អង្គសេចក្ដី ក្រោយ​ករណី​កូវីដ​ ១៩ បាន​ស្ងប់ស្ងាត់​»​។

បើតាម​អ្នកស្រី សាមឿន ក្រោយពី​ប្ដី​ដើម​របស់​អ្នកស្រី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​មក​នៅ​ឆ្នាំ​ ២០១១ អ្នកស្រី​បាន​នាំ​កូនស្រី​អាយុ​ ១០ ​ឆ្នាំ​ និង​កូនប្រុស​អាយុ​ ៦ ​ឆ្នាំ​មក​រស់នៅ​ភ្នំពេញ​ហើយ​បាន​ជួប​ប្តី​ចុង​រូបនេះ​ និង​បាន​រួមរស់​ជាមួយ​គ្នា​ដល់​ចុងឆ្នាំ​ ២០១៨​។

អ្នកស្រី​អះអាង​ថា នៅពេល​អ្នកស្រី​ទៅលេង​ស្រុក​ប្តី​ចុង​បាន​ឆ្លៀតឱកាស​ចាប់រំលោភ​កូនស្រី​របស់​អ្នកស្រី​រហូត​ដល់​បានសម្រេច​ចំនួន​ ២ ​លើក និង បាន​គំរាម​សម្លាប់​កូន​របស់​អ្នកស្រី​ទាំង​ ២ ​នាក់​ចោល​ថែមទៀត ប្រសិន​បើ​ធ្វើឱ្យ​រឿងនេះ​ដឹង​ដល់​អ្នកស្រី​ ឬ​សាច់ញាតិ​ណា​ម្នាក់​។

នៅ​ដើមឆ្នាំ​ ២០១៩ អ្នកស្រី​កូនៗ​ និង​ប្តី​ចុង​បាននាំគ្នា​មក​រស់នៅ​ស្រុកកំណើត​ក្នុង​ខេត្ត​មណ្ឌលគិរី​ជួបជុំ​សាច់ញាតិ​។ នៅពេល​ក្រោយមក កូនស្រី​របស់​អ្នកស្រី​ក៏បាន​ទម្លាយ​ពី​រឿង​អាស្រូវ​ចាប់​រំលោភ​នេះ ហើយ​ក្រោយពេល​ដឹង​រឿង​ដ៏អាស្រូវ​នេះ អ្នកស្រី​រួមទាំង​អ្នកភូមិ​មួយចំនួន​បាន​ទៅ​ដាក់ពាក្យ​ប្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​នា​ថ្ងៃទី​ ៦ ខែ ឧសភា ឆ្នាំ​ ២០១៩ ។

ប៉ុន្តែ​លោក ឯក រស្មី បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ដោយ​ច្រានចោល​ការចោទប្រកាន់​ពី​អ្នកស្រី លឹម សាមឿន​។ លោក​ថា ករណី​នេះ​សមត្ថកិច្ច​នគរបាល​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​ក៏បាន​ហៅ​លោក​ទៅ​សាកសួរ​ជាច្រើន​ដង​មកហើយ​ដែរ​។

មិនតែ​ប៉ុណ្ណោះ តុលាការ​ក៏បាន​កោះហៅ​លោក​ឱ្យចូល​បំភ្លឺ​ជា​ច្រើនដង​ ប៉ុន្តែ​ការជំនុំជម្រះ​ត្រូវ​បាន​លើក​ពេល​ម្ដង​ហើយ​ម្ដងទៀត​ដោយសារ​កូវីដ​។ «​ប្រសិនបើ​ករណីនេះ ជា​ការពិតមែន​នោះ ខ្ញុំ​ប្រហែល​ជា​ត្រូវបាន​សមត្ថកិច្ច​ចាប់​ញាត់​គុក​បាត់​ទៅ​ហើយ មិនមែន​នៅ​ដល់​ពេល​នេះ​ទេ​»៕