ភ្នំពេញៈ បុរស​ជាប់ចោទ​ជួញដូរ​គ្រឿងញៀន​ជនជាតិ​បែលហ្ស៊ិក​ម្នាក់​ដែល​ប្តឹងតវ៉ា​មក​សាលាឧទ្ធរណ៍​បាន​សុំ​ឲ្យ​តុលាការ​ដោះលែង​ខ្លួន​ពី​ម្សិលមិញ​ដោយ​អះអាង​ថា ខ្លួន​មិន​ពាក់ព័ន្ធ​ដូច​ការ​ចោទ​នេះ​ទេ ខណៈ​គូកន​ម្នាក់ទៀត​ដែល​ជាប់ចោទ​ជួញដូរ​គ្រឿងញៀន​កូកាអ៊ីន​ចំនួន​ជាង​ ១៣០០ ​ក្រាម​ជាមួយ​គ្នា​កាលពី​ឆ្នាំ​ ២០១៨ ​មិន​ប្តឹង​ឧទ្ធរណ៍ ទោះបី​ត្រូវ​បាន​តុលាការ​ថ្នាក់ក្រោម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់ៗ​ ១ ​ជីវិត​ក្តី​។

តាម​អង្គហេតុ​របស់​តុលាការ​បង្ហាញថា បុរស​ជនជាតិ​បែលហ្ស៊ិក​ឈ្មោះ TANGUY E-DDIE. J. TALLER អាយុ​ ៣៣ ​ឆ្នាំ​បាន​ចូលមក​រស់នៅ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​ ២០១២ ​មក​ម្ល៉េះ​។ នៅ​ឆ្នាំ​ ២០១៧ ​គាត់​បាន​ទៅ​ប្រទេស​បែលហ្ស៊ិក​រយៈពេល​ខ្លី ហើយ​គាត់​ត្រឡប់​មកវិញ​ដោយសារ​ប្រពន្ធ​របស់គាត់​ឆ្លងទន្លេ​។

លុះ​ក្នុងអំឡុង​ខែកុម្ភៈ ឆ្នាំ​ ២០១៨ គាត់​បាន​ស្គាល់​បុរស​ម្នាក់​ជា​ជនជាតិ​បែលហ្ស៊ិក​ដូចគ្នា​ឈ្មោះ CATRY DAVID NOEL ដែល​ជន​នោះ​ជា​អ្នកលក់​នំ​ប៊ឺហ្គឺរ ចល័ត តាម​រថយន្ត​ក្នុង​រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​ស្គាល់គ្នា​បាន​មួយរយៈ​មក​គាត់​បាន​ខ្ចីលុយ​មិត្តស្រី​របស់​ឈ្មោះ CATRY DAVIDNOEL តែ​ភ្លេច​ចំនួន ហើយ​ក៏​មិនបាន​សងលុយ​ទៅ​ស្ត្រី​នោះដែរ​។

កំណត់ហេតុ​បន្តថា​នៅ​ថ្ងៃទី​ ៦ ​ខែ​ មករា ឆ្នាំ​ ២០១៨ ឈ្មោះ CATRY DAVID NOEL បាន​ជិះ​យន្តហោះ​ធ្វើដំណើរ​ពី​ប្រទេស​ប្រេស៊ីល​មក​ទីក្រុង​បាងកក ប្រទេស​ថៃ​។ បន្ទាប់មក​នៅ​ថ្ងៃទី​ ១០ ​ខែ​ មករា​ ឆ្នាំ​ ២០១៨ ឈ្មោះ CATRY DAVID NOEL បាន​ជិះ​យន្តហោះ​មក​ប្រទេស​កម្ពុជា​ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ប្រចាំ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​រកឃើញ​ក្នុង​វ៉ាលិស​របស់​បុរស​នេះ មាន​បង្កប់​ម្សៅ​ក្រាម​ពណ៌ ស ជា​គ្រឿងញៀន​នៅក្នុង​បាត​វ៉ាលិស​ចំនួន​ ២ ​កញ្ចប់​ធំ​ហើយ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជននេះ​ក្រោយ​រកឃើញ​ថ្នាំញៀន​។ សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បង្ហាញ​លទ្ធផល​ដែល​បាន​ពី​ការចាប់​នោះ គឺជា​ប្រភេទ​គ្រឿងញៀន​កូកាអ៊ីន​ទម្ងន់​ ១ ៣០០,២៤ ​ក្រាម​។

កំណត់ហេតុ​បង្ហាញ​បន្តថា​ក្រោយ​ឃាត់ខ្លួន​ឈ្មោះ​ CATRY DAVIDNOEL ​បាន​និយាយប្រាប់​សមត្ថកិច្ច​ថា​គ្រឿងញៀន​ដែល​សមត្ថកិច្ច​ឆែក​ឃើញ​នោះ​គាត់​បានទទួល​វ៉ាលិស​ពី​បុរស​ម្នាក់​ក្នុងប្រទេស​ប្រេស៊ីល​ផ្ញើមក​ឲ្យ​ឈ្មោះ TANGUY EDDIE .J. TALLER ហើយ​ឈ្មោះ​នេះ​បាន​ជួល​គាត់​ក្នុងតម្លៃ​ ៣ ​ម៉ឺន​ដុល្លារ​អាមេរិក​ នៅពេល​នាំ​មកដល់​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​មិនទាន់​ទាំង​ទទួល​លុយ​បាន​ផង​ស្រាប់តែ​សមត្ថកិច្ច​ចាប់​តែម្តង​។ ដោយឡែក ១ ​ឆ្នាំ​ក្រោយមក​លោក TANGUY EDDIE .J. TALLER ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​នៅ​ព្រំដែន​បាវិត​កម្ពុជា-វៀតណាម ខេត្ត​ស្វាយរៀង​។

សំណុំ​រឿងនេះ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​នៅ​ថ្ងៃទី​ ១៩ ធ្នូ ឆ្នាំ​ ២០១៨ កំបាំងមុខ​លោក​ TANGUY EDDIE .J. TALLER និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ២២ ​មិថុនា ​ឆ្នាំ​ ២០១៨ ដោយ​សម្រេច​ផ្តន្ទាទោស​ជន​ទាំង​ ២ ​នាក់​ម្នាក់ៗ​ជាប់​ពន្ធនាគារ​ ១ ​ជីវិត​និង​ពិន័យ​ប្រាក់​ម្នាក់ៗ​ ៨០ ​លាន​រៀល​ចូល​ថវិការដ្ឋ​។

ជន​ទាំង​ ២ ​ត្រូវបាន​ចោទ​ពី​បទជួញដូរ និង​ដឹកជញ្ជូន​សារធាតុ​ញៀន​ឆ្លងដែន​ខុសច្បាប់​តាម​មាត្រា​ ៤០ ​នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន និង​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាមរក​ចាប់ខ្លួន​ឈ្មោះ TANGUY EDDIE .J. TALLER​។

នៅក្នុង​បន្ទប់​សវនាការ​នៃ​សាលាឧទ្ធរណ៍​ពី​ម្សិលមិញ​ជនជាប់ចោទ​ឈ្មោះ TANGUY EDDIE .J. TALLER បាន​ប្រាប់​ចៅក្រម​ថា គាត់​គ្រាន់តែ​ស្គាល់ឈ្មោះ​ CATRY DAVID NOEL និង​រាប់អាន​គ្នា​ក្នុងនាម​ជា​ប្រជាជន​បែលហ្ស៊ិក​ដូចគ្នា​ប៉ុណ្ណោះ​ហើយ​ថា គាត់​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នោះទេ​។

លោក TANGUY EDDIE .J. TALLER ឆ្លើយ​ប្រាប់​ចៅក្រម​តាមរយៈ​អ្នកបកប្រែ​ថា​៖ «​ខ្ញុំ​មិនបាន​ជួល CATRY DAVID NOEL ​រឿង​គ្រឿងញៀន​នោះទេ​ហើយ​ក្រោយ​តុលាការ​ប្រកាស​សាលក្រម​ ១០ ​ខែ ​ទើប​សមត្ថកិច្ច​ចាប់​ខ្ញុំ ទាំង​ខ្ញុំ​មិន​ដឹង​ខ្លួន​ផង​។ ខ្ញុំ​ស្នើសុំ​ដល់​តុលាការ​ដោះលែង​ខ្ញុំ​វិញ​»​។

លោក​ តាន់ សេណារ៉ុង តំណាង មហាអយ្យការ​សន្និដ្ឋាន​ថា​តាម​អង្គហេតុ​ចម្លើយ​របស់​ CATRY DAVID NOEL បាន​ឆ្លើយថា​ជនជាប់ចោទ TANGUY EDDIE .J. TALLER ជា​អ្នក​ជួល​។ ប៉ុន្តែ​រឿងនេះ​ហាក់ដូច​ជាមាន​លក្ខណៈ​ស្មុគស្មាញ​ព្រោះថា​ជនជាប់ចោទ TALLER បដិសេធ​ហើយ​ម្យ៉ាង​លោក CATRY DAVID NOEL មិនបាន​ប្តឹង​ទាស់​មក​សាលាឧទ្ធរណ៍​ទេ​។ មានន័យថា បើ​គាត់​មិន​ប្តឹង​មក​ឧទ្ធរណ៍​អាច​ថា គាត់​ទទួលស្គាល់​ថា ប្រព្រឹត្ត​មែន​។

លោក​ ណារ៉ុង បាន​ប្រាប់​អង្គសវនាការ​ថា​៖ «​ខ្ញុំ​កាន់​សំណុំ​រឿង​គ្រឿងញៀន​ធំៗ​បែបនេះ​ច្រើន​ហើយ​មិនដែល​ឃើញ​សមត្ថកិច្ច​ចាប់បាន​អ្នកបញ្ជា​ពីក្រោយ​ខ្នង​ទេ​តែ​ចាប់​បានតែ​អ្នក​គេ​ជួល​។ តែ​នេះ​ជា​ករណី​លើក​ទី​ ១ ​ហើយ​ដែល​ចាប់បាន​អ្នក​នៅ​ពីក្រោយ​ខ្នង​»​។

លោក​ថា​៖ «​ខ្ញុំ​មិន​ជឿថា ជនជាប់ចោទ​ឈ្មោះ TANGUY EDDiE .J. TALLER ជា​អ្នកពាក់ព័ន្ធ​ទេ ខ្ញុំ​តំណាង​មហាអយ្យការ​ទុក​ឲ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ពិចារណា​រក​អ្នក​ស្អាតស្អំ​ក្នុង​រឿងនេះ​ចុះ​»​។

លោក​មេធាវី ការពារ​សិទ្ធិ​ឲ្យ​ជន​ចាប់ចោទ​ម្នាក់​ក្នុងចំណោម​ ២ ​នាក់​សន្និដ្ឋានថា ក្នុង​អង្គហេតុ​គឺ​កូនក្តី​របស់​លោក​បាន​រាប់អាន​ឈ្មោះ CATRY DAVID NOEL ​មែន ប៉ុន្តែ គាត់​មិនបាន​ពាក់ព័ន្ធ​គ្រឿងញៀន​ទេ​។ ចំពោះ​ការចាប់ខ្លួន​កូនក្តី​របស់​លោក​វិញ មិន​ទាំង​ដឹងខ្លួន​ថា​តុលា​ការចេញ​ដីកាចាប់ខ្លួន​ផង​ទេ​។ ព្រោះ​បើ​គាត់​ជា​អ្នកប្រព្រឹត្ត​មែន​នោះ​ម្ល៉េះ​គាត់​ទៅ​ប្រទេស​គាត់​បាត់​ហើយ​មិន​ចាំ​ដល់​ ១០ ​ខែក្រោយ​ទើប​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​គាត់​ទេ​។

លោក​ប្រាប់​ចៅក្រម​ថា​៖ «​ខ្ញុំ​សូម​តុលាការ​ឧទ្ធរណ៍​ពិចារណា​ហើយ​មេត្តា​ដោះលែង​កូនក្តី​ខ្ញុំ​ឲ្យ​មាន​សេរីភាព​វិញ​ផង​»​។

ក្រោយពី​ជំនុំជម្រះ​លោក​ចៅក្រម​ សេង ស៊ីវុត្ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែងថា សាលដីកា​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ៦ ខែមេសា​៕