បាត់​ដំបង៖ ស្រ្តី​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ ដោយសារ​តែ​គាត់​យក​ដុំ​ម្សៅថ្នាំ​គីមី​ ទៅបុក​ឲ្យហ្មត់​សម្រាប់​យក​ទៅ​លាយ​ទឹក​បាញ់​ដើម​តាង៉ែន ​ដើម្បីឲ្យ​ឆាប់​ចេញ​ផ្កា ​ហើយ​ក៏បាន​ផ្ទុះ ​កាលពី​ថ្ងៃទី ១៣ ​មិថុនា ​នៅភូមិ​តាគ្រក់ ​ឃុំត្រែង ​ស្រុក​រតន​មណ្ឌុល ​ខេត្ត​បាត់​ដំបង។

លោក​ សន​ និល​ អធិការ​នគរបាល​ស្រុក​រតន​មណ្ឌល ​ប្រាប់​ពីម្សិលមិញ​ថា​ ស្រ្តីរងគ្រោះ​ស្លាប់​ឈ្មោះ ​យាន​ យ៉ា​ អាយុ​ ៣០ ឆ្នាំ​ និង​មាន​ប្តី​ឈ្មោះ ​ណាន​ សុខា​ អាយុ​ ៣២ឆ្នាំ។ ទាំង​ ២ នាក់​ ជា​កម្មករ​ចម្ការ​តាង៉ែន ​ហើយ​ពួកគេ​ស្នាក់​នៅ​ក្នុង​ភូមិ​-​ឃុំ​ខាង​លើ។ ចំណែក​ឯ​ម្ចាស់​ចម្ការ​ឈ្មោះ​ ឈឿង ម៉ៅ ​អាយុ​ ៥៧ ឆ្នាំ។

លោក​ប្រាប់​តាម​សាក្សី​នៅ​កន្លែង​កើតហេតុថា ​ស្រ្តីរងគ្រោះ​ និងប្តី​ បានមក​ធ្វើ​ជា​កម្មករ​ក្នុង​ចម្ការ​តាង៉ែន​ទើប​តែ​បាន ​៥ ​ថ្ងៃ​ប៉ុណ្ណោះ​ និង​ទទួល​បាន​តម្លៃឈ្នួល​ក្នុង​ ១​ ថ្ងៃ​ ម្នាក់ ​៣ ​ម៉ឺនរៀល​។ ពួកគេ​ទាំង ២ នាក់​ប្តី​ប្រពន្ធ​មាន​មុខងារ​លាយ​ម្សៅ​ថ្នាំ​គីមី​ ហើយ​យក​ទៅ​បាញ់​ដើម​តាង៉ែន​ដើម្បី​ឲ្យ​ឆាប់​ចេញ​ផ្កា។

លោក​ថ្លែង​ថា​៖ «ស្រ្តីរងគ្រោះ​គាត់​យក​ម្សៅ​ថ្នាំ​គីមី​នោះ ​ដាក់​ក្នុង​ធុង​ប៉េត្រូ​ ហើយ​បុក​ឲ្យ​ហ្មត់​តែ​ត្រូវ​ម្សៅ​គីមី​នោះ​ផ្ទុះ​បណ្តាល​ឲ្យ​ត្រូវតែ​ម្តង»។

លោក​បន្តថា ​ហេតុការណ៍​នេះ ​កើតឡើង​នៅ​វេលា​ម៉ោង ​១​ កន្លះ​រសៀល ​ថ្ងៃ​ទី ១៣ ​មិថុនា។ មុន​កើតហេតុ​គេ​បាន​ឃើញ​ស្រ្តី​រងគ្រោះ​យកការ៉ុ​ង​ម្សៅ​ដុំ​ថ្នាំ​គីមី​ ដែល​មាន​ឈ្មោះ​ ប៉ូតា​ស្យូម​ក្លូរីដ​ ផលិត​នៅ​ប្រទេស ចិន​ មក​ស្រាយ​មាត់​ការ៉ុង​ហើយ​បាន​យក​ដុំ​ម្សៅ​គីមី​នោះ​ទៅ​ដាក់​ក្នុង​ធុង​ប៉េត្រូ​ ដើម្បី​បុក​ឲ្យហ្មត់​បំណង​យក​ទៅ​លាយ​ជាមួយ​ទឹក​សម្រាប់​បាញ់​ដើម តាង៉ែន​ ដើម្បី​ឲ្យ​ឆាប់​ចេញ​ផ្កា​។ ​ប៉ុន្តែ​ ពេលស្រ្តី​រងគ្រោះ​កំពុង​បុកដុំម្សៅ​គីំមីនោះ​នៅក្រោមដើមតាង៉ែន ស្រាប់តែ​ផ្ទុះ​ឡើង​តែ​ម្តង។

លោក​បន្ថែម​ថា​ ក្រោយ​កើតហេតុ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ​ហើយ​ភ្លាមៗ​នោះ​ សមត្ថកិច្ច​បានចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ពិនិត្យ​ឃើញថា​ នៅ​ដើម​តាង៉ែន​ត្រូវ​បាក់​មែក​ និង​ជ្រុះ​ស្លឹក​ស្ទើរ​អស់​មួយចំហៀង​ដើម​ ដោយសារ​កម្លាំង​ផ្ទុះ​។ រីឯ​ មនុស្ស​បាន​ខ្ទាត​ចេញ​ពី​កន្លែង​កើតហេតុ​ប្រមាណ​ជា​ ២​ ទៅ​ ៣ ​ម៉ែត្រ​។ ចំពោះ​សាកសព​វិញ ​ពី​ក្បាល​ដល់​ចង្កេះ​ត្រូវ​សុះសាច់​ ហើយត្រឹម​ចង្កេះ​ចុះ​មក​ក្រោម​ត្រូវ​បែកសាច់​ទាំង​ដុំៗ​​ និង​ ដាច់​ឆ្អឹង​ត្រង់​ជង្គង់​ចុះ​ក្រោម​ខ្ទេច​សុះ​សាច់​តែ​ម្តង។​

លោក​ប្រាប់​ទៀតថា ​បើតាម​ស្រ្តី​ចំណាស់​ម្នាក់​ ដែល​ធ្វើ​ការ​ក្នុង​ចម្ការ​តាង៉ែន​នោះ​ដែរ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា​ ស្រ្តី​រងគ្រោះ​ធ្លាប់​និយាយ​ប្រាប់​គាត់​ថា​ នាង​ធ្វើការ​ជា​កម្មករ​ចម្ការ​តាង៉ែន​ នៅ​ប្រទេស ​ថៃ ​១០ ឆ្នាំ​មក​ហើយ។​ ស្រ្តីរង​គ្រោះ​ក៏​មាន​បទពិសោធ​ក្នុង​ការ​លាយ​ថ្នាំ​គីមី​បាញ់​ឲ្យ​តាង៉ែន​ឆាប់​ចេញ​ផ្កាដែរ។ ​ប៉ុន្តែ​ដោយសារ​នៅ​ប្រទេស​ថៃ​ មាន​បញ្ហា​ជំងឺកូវិដ​ ១៩​ ទើប​ស្រ្តី​រងគ្រោះ​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ និង​ទើប​តែ​ចូល​ធ្វើ​កម្មករ​ក្នុង​ចម្ការ​កើត​ហេតុ​បាន​ ៥ ​ថ្ងៃ​ប៉ុណ្ណោះ។​

ពាក់ព័ន្ធ​នឹង​ម្ចាស់​ចម្ការ​វិ​ញ​ លោក​អធិការមិន​បាន​បញ្ជាក់​ថា ​តើ​គាត់​នឹង​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ក្នុង​ហេតុការណ៍​នោះ​យ៉ាង​ណាទេ។ ​

តែ​សមត្ថកិច្ច​មួយ​រូប​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ រតន​មណ្ឌល ​ស្នើ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា​ ករណី​នេះ​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​ម្ចាស់​ចម្ការ​តាង៉ែន​នោះ​ទេ ​ព្រោះ​ជាឧបទ្ទវហេតុ​ដោយ​ចៃដន្យ​ប៉ុណ្ណោះ។ ​តែម្ចាស់​ចម្ការ​ក៏ជួយ​ចេញ​សំណង​មួយ​ចំនួន​ក្នុង​ការចាត់ចែង​ពិធី​បុណ្យ​សព​ដែរ៕​