
អ្នកដំណើរដើរចេញពីយន្តហោះ ក្រោយពេលចុះចត បន្ទាប់ពីដឹងថាមានបញ្ហា។ Fresh News
ភ្នំពេញៈ យន្តហោះ ១ គ្រឿងរបស់ក្រុមហ៊ុនអាកាសចរចិន «Lanmei» បានវិលត្រឡប់មកចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញវិញបន្ទាប់ពីមានបញ្ហាបច្ចេកទេសក្នុងការហោះទៅទីក្រុងបាងកកកាលពីព្រឹកថ្ងៃពុធ ដោយមិនបណ្ដាលឲ្យមានអ្នកដំណើរណាម្នាក់ទទួលគ្រោះថ្នាក់ឡើយ។
បើតាមក្រុមហ៊ុន Lanmei ឲ្យដឹងថា ជើងហោះហើរទៅទីក្រុងបាងកកនេះមានអ្នកដំណើរប្រមាណជាង ២០០ នាក់ ដោយទើបតែហោះហើរចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញបាន ៣០ នាទី ប៉ុណ្ណោះ ក៏វិលមកចុះចតវិញ បន្ទាប់ពីសង្កេតឃើញថា មានបញ្ហាបច្ចេកទេស។
តំណាងក្រុមហ៊ុន Lanmei ម្នាក់សុំមិនបញ្ចេញឈ្មោះឲ្យ ដឹងថា៖ «ក្រុមហ៊ុនយើងបានរៀបចំឲ្យហោះទៅវិញនៅអំឡុងម៉ោង ៥ កន្លះទៅម៉ោង ៦ ល្ងាច។ យើងមិនដែលធ្លាប់ជួបបញ្ហាបែបនេះទេពីមុនមក។ រឿងនេះគ្រាន់តែជាបញ្ហាបច្ចេកទេសប៉ុណ្ណោះ»។
លោក ជា អូន អ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា រឿងនេះគ្រាន់ជាបញ្ហាតិចតួច មិនមានបញ្ហាធំដុំអ្វីនោះទេ។ «រឿងនេះ គឺក្រុមហ៊ុន ពេលគេមានអីមិនស្រួលបន្តិច ពេលហោះឡើងហើយ ក៏ចុះមកវិញ តែបើហោះទៅក៏បានដែររឿងនេះមិនអីទេ តែដើម្បីសុវត្ថិភាពគេចុះអ៊ីចឹងហើយ»។
បើតាម លោក អូន ករណីយន្តហោះ ហោះឡើងហើយ ចុះវិញនេះ គឺមិនមែនជាលើកទី ១ ទេ ហើយក៏មិនមែនកើតមានតែនៅស្រុកខ្មែរដែរ គឺតែងតែកើតមាននៅលើពិភពលោក។ «អ៊ីចឹងរឿងនេះកុំឈូឆរពេក ធម្មតាៗទៅ។ ក្រុមហ៊ុនគេយកយន្ដហោះ ១ ទៀតទៅដឹកភ្ញៀវធម្មតា មិនមានបញ្ហាអីទេ។ ម៉ាស៊ីនអត់មានខូចអីទេ គេពិនិត្យមើលតិចតួច ឥឡូវដំណើរការធម្មតាវិញ»៕