ភ្នំពេញ: ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំនេះ​មាន​យានយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កំណត់​ជាង ១៥៤ ​ម៉ឺន​គ្រឿង ​ត្រូវបាន​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ ខណៈ​យានយន្ត​ជាង ៤១ ម៉ឺន​គ្រឿង ត្រូវ​បាន​ឃាត់​ធ្វើការ​ផាកពិន័យ និង​ធ្វើ​កិច្ចសន្យា​ដែល​វិធានការ​នេះ​ត្រូវ​បាន​មន្ត្រី​ពន្យល់ថា ដើម្បី​ថែរក្សា​ផ្លូវជាតិ​ឱ្យបាន​យូរអង្វែង និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។

តាម​របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួលបាន​ពី​ម្សិលមិញ​បាន​ឱ្យ​ដឹងថា ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំ​ ២០២០ ​នេះ ក្រុម​ការងារ​ជំនាញ សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ធ្វើការ​ត្រួតពិនិត្យ​យានយន្ត​សរុប​ចំនួន​ ១ ៥៤២ ៤៤៤ គ្រឿង​។ ក្នុងនោះ​មាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន ៤១៥ ៩១៧ គ្រឿង ស្មើនឹង ២៦,៩៦ ​ភាគរយ​ នៃ​ចំនួន​យានយន្ត​សរុប​នៅ​កម្ពុជា​។ រថយន្ត​ផ្ទុក​លើស​ទម្ងន់​ក្រោម​ ៥ ​ភាគរយ​ ចំនួន​ ៤១៣ ៣៥៣ ​គ្រឿង ប្រហែល ២៦,៨០ ​ភាគរយ រថយន្ត​ផ្ទុក​លើស​ទម្ងន់​ពី​ ៥ ទៅ ១០ ​ភាគរយ មាន​ចំនួន ៦២ ​គ្រឿង រថយន្ត​ផ្ទុក​លើស​ទម្ងន់​ពី​ ១០ ​ទៅ​ ២០ ​ភាគរយ​មាន​ចំនួន​ ១ ៦៥៣ ​គ្រឿង​ ប្រហែល ០,១១ ​ភាគរយ និង​រថយន្ត​ផ្ទុក​លើស​ទម្ងន់​លើសពី ២០ ​ភាគរយ​មាន​ចំនួន ៨៤៩ ​គ្រឿង ប្រហែល ០,០៦ ​ភាគរយ​។ យានយន្ត​ដែល​ល្មើស​ទាំងនេះ ត្រូវ​បាន​ធ្វើការ​ផាកពិន័យ និង​ធ្វើ​កិច្ចសន្យា​ដោយ​អនុលោម​តាម​មាត្រា​ ៦០ ​នៃ​ច្បាប់​ផ្លូវថ្នល់​។

នៅក្នុង​កិច្ចប្រជុំ​ប្រចាំ​ត្រីមាស​ទី​ ៣ ​ឆ្នាំ​ ២០២០ ​ស្ដីពី​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើសទម្ងន់​កម្រិត​កំណត់​នៅ​ថ្ងៃទី​ ០៥ ខែតុលា​លោក​ សេង ឈួន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​បាន​ជំរុញ​ឱ្យ​មន្ត្រី​ទាំងអស់​ខិតខំ​យកចិត្ត​ទុកដាក់​បន្ត​អនុវត្ត​ការងារ​រឹតបន្តឹង​បទល្មើស​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

លោក​បញ្ជាក់ថា​៖ «​លើស​ពី​នេះ​សូម​ណែនាំ​ដល់​មន្ត្រី​តាម​ស្ថានីយ​ឱ្យ​ពង្រឹង​ការអនុវត្ត​ការងារ​ឱ្យបាន​កាន់តែ​ប្រសើរ និង​មាន​ប្រសិទ្ធភាព ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​ការងារ និង​សហការ​ល្អ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​នានា​»​។

លោក​បាន​លើកឡើង​ពី​ទិសដៅ​ការងារ​ដែល​ត្រូវអនុវត្ត​ក្នុង​ខែ និង​ត្រីមាស​បន្ទាប់​ដូចជា​យុទ្ធសាស្ត្រ​ក្រុម​ការងារ​ចល័ត ការសាងសង់ និង​ការធ្វើឱ្យ​ប្រសើរ​ឡើង​នៅ​តាម​ស្ថានីយ​មួយចំនួន​។ លោក​ក៏បាន​លើកឡើង​អំពី​បញ្ហា​ប្រឈម​មួយចំនួន​លើ​ការអនុវត្ត​ការងារ​របស់​ស្ថានីយ​នីមួយៗ និង​របស់​ក្រុម​ការងារ​ចល័ត​ផងដែរ​។

លោក ចាន់ សំបូរ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​បាត់ដំបង ថ្លែង​ពី​ម្សិលមិញ​ថា ក្រុមការងារ​ចល័ត​របស់​ក្រសួង​សហការ​ជាមួយ​មន្ទីរ​សាធារណការ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ត្រួតពិនិត្យ​យានយន្ត​ដឹកទំនិញ​លើផ្លូវ​ជាតិ​លេខ​ ៥៧ ដោយ​ឃាត់​រថយន្ត​ចំនួន​ ១១ ​គ្រឿង​ដែល​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​។ លោក​បន្តថា ក្រុមការងារ​បាន​ពិនិត្យ​រថយន្ត​ដឹក​ស៊ីម៉ងត៍ ថ្ម ខ្សាច់ ដែក គ្រឿងទេស និង​ទំនិញ​ផ្សេងៗ​ទៀត​សរុប​ចំនួន​ ៥១ ​គ្រឿង​ដោយ​ឃាត់​បាន​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន ១១ ​គ្រឿង​ដែល​ដឹក​លើស​ទម្ងន់​ចាប់ពី ៧ ​តោន ដល់ ១៩ ​តោន​។ រថយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ទាំងនោះ​បាន​ធ្វើការ​ផាកពិន័យ និង​ធ្វើ​កិច្ចសន្យា​ដោយ​អនុលោម​តាមច្បាប់​ផ្លូវថ្នល់​មាត្រា​ទី​ ៦០​។

លោក សំបូរ បញ្ជាក់ថា​៖ «​ខ្ញុំ​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់ សហគ្រាស និង​ម្ចាស់​រថយន្ត​ដឹកជញ្ជូន​ទាំងអស់​ចូលរួម​សហការ​ដោយ​ធ្វើការ​ដឹកជញ្ជូន​តាមច្បាប់​កំណត់​ដើម្បី​ថែរក្សា​ផ្លូវជាតិ​ឱ្យបាន​យូរអង្វែង និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​»​។

លោក​ គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា​ (AIP) ​បាន​គាំទ្រ​ចំណាត់ការ​របស់​សមត្ថកិច្ច​ជំនាញ​ដែល​បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់​ ប៉ុន្ដែ​លោក​ជំរុញ​ឱ្យ​ក្រសួង​សាធារណការ គួរតែ​កោះហៅ​តំណាង​ក្រុមហ៊ុន​ដឹកជញ្ជូន​មក​ប្រជុំ​ពី​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ ក៏ដូចជា​ផ្ដល់​អនុសាស្ត្រ​ណែនាំ​ជុំវិញ​ការដឹកជញ្ជូន​ទំនិញ​របស់​ក្រុមហ៊ុន​។

លោក​ថា​៖ «​ការដឹក​លើស​ទម្ងន់​នេះ​គឺ​វា​មាន​ហានិភ័យ​ខ្ពស់បំផុត​ក្នុង​ការបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​រួម​ដំណើរ​លើ​ដងផ្លូវ ជាពិសេស​គឺ​ធ្វើឱ្យ​ខូចខាត​ផ្លូវថ្នល់​។ ប្រសិន​យើង​បាន​ណែនាំ​ហើយ ប៉ុន្ដែ​ក្រុមហ៊ុន​នៅតែ​មិន​អនុវត្ត​ទេ​គឺ​ស្ថាប័ន​ជំនាញ​ត្រូវតែ​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​ហ្នឹង ព្រោះ​ជា​ការព្រមាន​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្សេងៗ​ទៀត​»​។

លោក បញ្ញា បន្ថែម​ថា​ក្រៅពី​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន មន្ត្រី​ជំនាញ​គួរតែ​ដកហូត​រថយន្ត​ទុក​មិន​ឱ្យធ្វើ​ចរាចរណ៍​បន្តទៀត​ក្នុង​រយៈពេល​កំណត់​ណាមួយ ដើម្បី​ឱ្យ​ក្រុមហ៊ុន និង​អ្នកបើក​យានយន្ត​មាន​ការរាងចាល​ក៏​ដូចជា​ខ្លាច​ការអនុវត្ត​ច្បាប់​មកលើ​ពួកគេ​ទៀត​។ បើ​ធ្វើបាន​តឹងរ៉ឹង​យ៉ាង​ដូច្នេះ​លើក​ក្រោយ ពួកគេ​នឹង​លែង​ហ៊ាន​ប្រព្រឹត្ត​ល្មើស​បន្តទៀត​ហើយ​៕