ភ្នំពេញៈ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងកូវីដ ១៩ នៅទូទាំងប្រទេសបានឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) នឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២១ ស្អែកនេះ។
តាមសារសំឡេងរបស់លោកស្រី ឱ វណ្ណឌីន ដែលកាសែត ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅព្រឹកថ្ងៃពុធនេះ បានលើកឡើងថា៖ «ខ្ញុំសូមជម្រាបដល់សមាជិក សមាជិកានៃគណៈកម្មការចំពោះកិច្ចទាំងអស់ថា ការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់វ៉ាក់សាំងស៊ីណូវ៉ាក់នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២១ នេះហើយ។ ដូចនេះទីតាំងសំខាន់ៗដែលបានរៀបចំរួចហើយនោះ សូមត្រៀមលក្ខណៈដែលយើងនឹងចាប់ផ្តើមនៅថ្ងៃទី ០១ ទៅ»។
លោកស្រី ឱ វណ្ណឌីន នឹងចេញនូវសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីឱ្យសាធារណជនបានដឹងពីការចាក់វ៉ាក់សាំងនេះ។
គួរបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនូវយុទ្ធនាការចាក់វ៉ាក់សាំងក្នុងទ្រង់ទ្រាយធំទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបាន ១ លានដូស ក្នុងរយៈពេល ១ ខែ ដើម្បីការពារនូវការឆ្លងជំងឺកូវីដ ១៩ ទៅដល់ប្រជាពលរដ្ឋទាំងអស់។
វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ១,៥ លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីសាធារណរដ្ឋប្រជាមានិតចិនបានដឹកមកដល់ក្នុងប្រទេសកាលពីថ្ងៃទី ២៦ ខែ មីនា កន្លងទៅនេះ សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋតាមគោលការណ៍ស្ម័គ្រចិត្ត និងមិនគិតថ្លៃ៕