ភ្នំពេញៈ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ចាត់​ទុក​ថា​ វា​ចាំបាច់​ក្នុងការ​ពង្រីក​និង​បន្ត​ផែន​ការ​បង្ក្រាប​គ្រឿង​ញៀន​ដែល​គ្រោង​នឹង​បញ្ចប់​កាល​ពី​ចុង​ឆ្នាំ​មុន​ ប៉ុន្តែ​នៅ​រង់ចាំ​ការ​អនុម័ត​ផ្លូវការ​ពី​រដ្ឋាភិបាល​ជាមុន​សិន។

លោក​ មាស​វិរិទ្ធ ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ បាន​មាន​ប្រសាសន៍​ថា ក្រុម​ការងារ​បច្ចេក​ទេស​បាន​បញ្ចប់​ការ​វិភាគ​របស់​ពួក​គេ​រួច​ហើយ។

លោក​បញ្ជាក់​ថា​៖«​វា​នៅតែ​ចាំបាច់​ក្នុង​បន្ត​យុទ្ធនា​ការ​នេះ…... ដោយ​សា​រតែ​លទ្ធ​ផល​វិជ្ជមាន»។ ​

លោក​បាន អះ​អាង​ថា​ យុទ្ធនាការ​នេះ​ប៉ុន​ប៉ង​ដើម្បី «លុប​បំបាត់​មូល​ហេតុ​ឫស​គល់» នៃ​គ្រឿង​ញៀន។

លោក​បន្តថា៖«វា​ត្រូវការ​ពេល​វេលា​សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​ក្នុងការ​សម្រេច​ចិត្ត។ ​ប៉ុន្តែ​យុទ្ធនាការ​នៅ​តែ​បន្ត»។

នៅក្នុង​កិច្ច​ប្រជុំ​រវាង​រដ្ឋាភិបាល​និង​ភាគី​ពាក់​ព័ន្ធ​នានា​កាល​ពី​ម្សិល​មិញ​លោក​ ថង ​សុគន្ធា ​មន្ត្រី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​បង្ហាញ​អំពី​លទ្ធផល​នៃ​ការ​បង្ក្រាប​កាល​ពី​ឆ្នាំ​មុន។

យោង​តាម​សិក្ខាកាម​ម្នាក់​ដែល​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​បាន​ឲ្យ​ដឹង​ថា លោក​ សុគន្ធា ​បាន​ផ្តោត​ទៅ​លើ​ការ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន។

នៅ​ឆ្នាំ ២០១៧ ​មនុស្ស​ជាង​ ១៧ ៨០០ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​នេះ​ ដោយ​ក្នុង​នោះ​មាន​ជាង ៥០ ​ភាគរយ​ជា​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​ប្រមាណ​ ១១ ០០០ ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ។

យុទ្ធនាការ បង្ក្រាប​គ្រឿង​ញៀន​ពី​ដំបូង​គ្រោង​ចាប់​ផ្តើម​តែ​ពី​ខែ​មករា​ដល់​ខែ​មិថុនា​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​មុន​ប៉ុន្តែ​ត្រូវ​ពន្យារពេល​រហូត​ដល់​ចុង​ឆ្នាំ។ កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​ គឺ​ចំនួន​អ្នក​ជាប់​ពន្ធនាគារ​កាន់​តែ​កើន​ច្រើន​ឡើងៗ​និង​កង្វះ​ការ​ថែទាំ​សុខភាព​សម្រាប់​ពួកគេ​ ប៉ុន្តែ​យុទ្ធនាការ​នេះ​ត្រូវ​បាន​សង្គម​ស៊ីវិល​និង​ក្រុម​អ្នក​សង្កេត​ការណ៍​ខ្លះ​ធ្វើ​ការ​រិះគន់​ផង​ដែរ ដែល​បង្ករ​ឱ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​ប្រសិទ្ធភាព​​នៃ​យុទ្ធនាការ​នេះ។

កាលពី​ម្សិល​មិញ​ លោក​ វិរិទ្ធ​បាន​ថ្លែង​ថា​ ដំណាក់​កាល​យុទ្ធនាការ​លើក​ទី​បី​ គ្រោង​នឹង​បញ្ចប់​រហូត​ដល់​បញ្ចប់​អាណត្តិ​របស់​រដ្ឋាភិបាល​ដែល​ការ​បោះឆ្នោត​នឹង​ចូល​មក​ដល់​នៅ​ខែ​កក្កដា។

លោកស្រី​ ស៊ូ ​សុចិន្តា​ មន្ត្រី​អង្គការ​ខាណា ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ដើម​ឆ្នាំនេះ​បាន​ថ្លែង​ថា រដ្ឋាភិបាល​ទំនង​ផ្លាស់​ប្តូរ​ការ​ផ្តោត​របស់​ខ្លួន​ចំពោះ​ការ​ព្យាបាល​តាម​សហគមន៍​ច្រើន​ជាង​មុន​ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក្តី​ការ​អនុវត្ត​របស់​ខ្លួន​នៅ​តែ​ត្រូវ​ការ​កែលម្អ។

លោក​ស្រី​បញ្ជាក់​ថា៖ «សម្រាប់​ដំណាក់​កាល​ទី ២ ​វា​ហាក់​ដូច​ជា​យើង​បាន​ធ្វើ​ការ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ហើយ​រដ្ឋាភិបាល​កំពុង​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​លើ​អ្វី​ដែល​អ្នក​ប្រើ​គ្រឿង​ញៀន​ត្រូវ​ការ។ ហើយ​វា​ហាក់​ដូច​ជា​ផ្តោត​លើ​ការ​ចូលរួម​របស់​អ្នក​ពាក់​ព័ន្ធ​សំខាន់​ៗ​ទាំង​អស់»។

លោកស្រី​ពន្យល់​ថា​ ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ​ វា​នៅតែ​ត្រូវការ​បន្ថែម​ទៀត​ហើយ​ចាំ​បាច់​ត្រូវ​មាន​ការ​ព្យាបាល​តាម​ស​គមន៍​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ពីព្រោះ​គ្រូ​ពេទ្យ​ក្នុង​មូលដ្ឋាន​ពួកគាត់ មាន​​ភារកិច្ច​ទទួល​ខុស​ត្រូវ​អ្នក​ជំងឺ​ច្រើន​មិន​មែន​មាន​តែ «អ្នក ប្រើ​គ្រឿងញៀន» ប៉ុណ្ណោះ​ទេ។ លោកស្រី​បន្ត​ថា៖ «នោះ​គឺជា​គម្លាត​មួយ»។

ខណៈ​មាន​ការ​ស្វាគមន៍​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ចំពោះ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​និង​ការ​ញៀន​នោះ នាយក​ប្រតិ​បត្តិ​អង្គារ​ខាណា លោក ​ជួប ​សុខ​ចំរើន បាន​សរសេរ​នៅក្នុង​អ៊ីម៉ែល​មួយ​ដោយ​លោក​បាន​លើក​ឡើង​ថា រដ្ឋា​ភិ​បាល​ត្រូវ​តែ​បន្ត​វិនិយោគ​លើ​គុណ​ភាព​នៃ​ការ​ផ្តល់​ជូន​សេវា​ម្ម​នេះ។

លោក​បញ្ជាក់​ថា៖ «ចំណុច​នេះ​គឺ​រួម​បញ្ចូល​ទាំង​ការ​ផ្គត់ផ្គង់​ឱសថ​ឲ្យ​បាន​គ្រប់​គ្រាន់​និង​ទាន់​ពេល​វេលា​ក៏​ដូច​ជា​សម្ភារៈ​និង​ឧបករណ៍​វេជ្ជសាស្ត្រ​សម្រាប់​ជួយ​អ្នក​ផ្តល់​សេវាកម្ម​ទាំងនោះ​ដើម្បី​បំពេញ​ការងារ​របស់​ពួកគេ»៕NS