ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​បញ្ចប់​យុទ្ធនាការ​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​ខ្មែរ​ដែល​មិន​ទាន់​មាន​ឯកសារ​ហើយ​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​នៅ​សល់​ចំនួន​ប្រមាណ ១ ម៉ឺន​នាក់​ទៀត​នៅ​ត្រឹម​ដំណាច់ខែ​នេះ ឬ​ពួកគេ​ត្រូវ​ត្រឡប់​មក​ធ្វើ​ឯកសារ​នៅ​កម្ពុជា​វិញ បន្ទាប់ពី​បាន​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ ១ ​លាន​ ៧ ​ម៉ឺន​នាក់​។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​មន្ត្រី​ការពារ​សិទិ្ធ​កម្មករ​បាន​ថ្លែង​ថា​ចំនួន​កម្មករ​ខ្មែរ​ដែល​គ្មាន​ឯកសារ​គឺ​អាច​មាន​ចំនួន​ច្រើន​ជាង​នេះ ហើយ​កំពុង​ប្រឈម​នឹង​ការលំបាក​នៅ​ពេល​ពួកគេ​ទៅ​បំពេញ​បែបបទ​ធ្វើ​ឯកសារ​ស្របច្បាប់​។

នៅក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​របស់​ក្រសួង​ការងារ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ១៨ ខែ​មិថុនា​បាន​បញ្ជាក់​ថា​នឹង​បញ្ចប់​ការបញ្ជាក់​អត្តសញ្ញាណ​ដល់​ពលករ​ខ្មែរ​ឲ្យ​បាន​ចប់​មុន​ថ្ងៃទី ៣០ ខែ​មិថុនា​នេះ​។

សេចក្តី​ជូន​ដំណឹង​នោះ​បាន​បញ្ជាក់​ថា​គិត​ត្រឹម​ថ្ងៃទី​ ១៨ ខែ​មិថុនា​ប្រទេស​ទាំង​ ២ ​បាន​រួម​គ្នា​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​កម្ពុជា​ចំនួន​ ១ លាន ៧ ម៉ឺន​នាក់​។

សេចក្តី​ជូន​ដំណឹង​ដដែល​បាន​ឲ្យ​ដឹង​ថា​៖ «​ភាគី​ថៃ​ឯកភាព​អនុញ្ញាត​ឱ្យ​ពលករ​កម្ពុជា​ដែល​មិន​ទាន់​មាន​ឯកសារ​ក្រោយ​បញ្ចប់​យុទ្ធនាការ​នេះ​អាច​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា ដើម្បី​ស្នើសុំ​ធ្វើ​ឯកសារ​ស្របច្បាប់ ហើយ​វិល​ត្រឡប់​មក​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ​»​។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ភាគី​ថៃ​នឹង​សហការ​ជាមួយ​ភាគី​កម្ពុជា​ដោយ​ភាពទន់ភ្លន់​ក្នុង​ករណី​រកឃើញ​ថា មាន​ពលករ​កម្ពុជា​ដែល​មិន​ទាន់​មាន​ឯកសារ ឬ​បាត់​ឯកសារ ដោយ​សហការ​ជូន​ដំណឹង​មក​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​។

ក្រសួង​ការងារ​បាន​ហៅ​ការ​ផ្តល់​ឯកសារ​ស្រប​ច្បាប់​ដល់​កម្មករ​នេះ​ថា​ជា​រឿង «​ជោគជ័យ​» ​មួយ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​។

លោក Dy The Hoya មន្ត្រី​អង្គការ Central ដែល​ជា​អង្គការ​សិទ្ធិ​ការងារ​បាន​ថ្លែង​ថា​ចំនួន​ពលករ​កម្ពុជា​ដែល​គ្មាន​ឯកសារ​នៅ​ក្នុង​ប្រទេស​ថៃ​គឺ​មាន​ចំនួន​ខ្ពស់​ជាង​អ្វី​ដែល​ក្រសួង​បាន​ប្រកាស​ហើយ​ក្រសួង​ប្រហែល​ជា​មិន​អាច​ផ្តល់​ឯកសារ​ស្រប​ច្បាប់​ដល់​ពលករ​កម្ពុជា​ដែល​គ្មាន​ឯកសារ​ទាំងអស់​ឲ្យ​បាន​ទាន់​ពេលវេលា​បាន​ទេ ទោះបី​ជា​បាន​ពន្យារពេល​ជាច្រើន​លើក​ច្រើនសា​ហើយ​ក្តី​។

លោក​ថ្លែង​ថា​៖ «​ដំណើរការ​ផ្តល់​ឯកសារ​ស្រប​ច្បាប់​ប្រហែល​មិន​អាច​ទៅ​ដល់​ពលករ​គ្រប់​គ្នា​បាន​ទេ​។ ចំពោះ​តួលេខ​ដែល​ផ្តល់​ជូន​ដោយ​ក្រសួង ខ្ញុំ​មិន​គិតថា​ពលករ​ដែល​គ្មាន​ឯកសារ នៅ​សល់​តិចជាង ២ ម៉ឺន​ឬ ៣ ម៉ឺន​នាក់​នោះទេ​។ យើង​បាន​សង្កេត​ហើយ​រកឃើញ​ថា​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​តាម​ផ្ទះ និង​និយោជិត​មិន​បាន​ដឹង​អំពី​ដំណើរការ​ផ្តល់​ឯកសារ​នោះ​ទេ ជាពិសេស​អ្នក​ធ្វើការ​ជា​អ្នក​លក់ដូរ​នៅក្នុង​ផ្ទះ​»​។

លោក Hoya បាន​បន្ថែម​ថា​ពលករ​ដែល​គ្មាន​ឯកសារ ពួកគេ​ប្រឈម​នឹង​ការលំបាក​ក្នុង​ការ​ទទួល​បាន​ភាព​ស្របច្បាប់​។

លោក​បន្ត​ថា​៖ «​នៅពេល​ដែល​យើង​និយាយ​ជាមួយ​ពលករ​ចំណាកស្រុក​ទាំង​នោះ​ពួកគេ​បាន​ប្រាប់​យើង​ថា ឧទាហរណ៍ អំពី​តម្លៃ​គឺ​អស់​ប្រហែល​ពី ៣ ពាន់​ទៅ​ ៤ ​ពាន់​បាត ប៉ុន្តែ​ពួកគេ​ត្រូវ​ចំណាយ​អស់​ប្រមាណ​ ១ ម៉ឺន​បាត ដោយសារ​តែ​ឈ្មួញកណ្តាល​ប្រាប់​ពួកគេ​។ ដូច្នេះ​ហើយ​ទើប​ពួកគេ​បាត់បង់​ទំនុកចិត្ត​ក្នុង​ការ​ធ្វើ​វា​»​។

លោក Hoya ថ្លែង​ថា​ទាំង​ពលករ និង​ថៅកែ ពួកគេ​មិន​ទទួល​បាន​ព័ត៌មាន​អំពី​ដំណើរការ​ផ្តល់​ឯកសារ​ស្រប​ច្បាប់​នេះ​ទេ ជាពិសេស​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​។

លោក​បញ្ជាក់​ថា​៖ «​ចំពោះ​ក្រុមហ៊ុន​ធំៗ​ដែល​បាន​ចុះបញ្ជី ពួកគេ​ដឹង​ហើយ​បាន​បញ្ជូន​បុគ្គលិក​របស់​ខ្លួន​ទៅ​ធ្វើ​ឯកសារ​នោះ​»​។

លោក​បន្ថែម​ទៀត​ថា ​ដូច​អ្វី​ដែល​ជា​ច្បាប់​ចុងក្រោយ​បំផុត​របស់​ប្រទេស​ថៃ គឺថា​ពួកគេ​អាច​ប្រឈម​នឹង​ការផាក​ពិន័យ គឺ​ទាំង​ពលករ និង​និយោជក​របស់​ពួកគេ​។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ លោក​មិន​គិត​ថា​វា​អាច​ឈាន​ដល់​ដំណាក់កាល​នេះ​ទេ ពីព្រោះ​ថា​ប្រទេស​ថៃ​នៅ​តែ​ត្រូវការ​ពលករ​ចំណាកស្រុក ដើម្បី​ធ្វើការ​ដដែល​»៕ NS