ភ្នំពេញៈ យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​សម្រាប់ ការ​បោះ​ឆ្នោត​ជ្រើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ក្នុង​អាណត្តិ​ទី៣ ឆ្នាំ ២០១៩ នេះ នឹង​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​នេះ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​អស់​រយៈពេល ៨ ថ្ងៃ​ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន ៧ ចូលរួម​ខណៈ​គណបក្ស​កាន់​អំណាច រំពឹង​ឈ្នះ​អាសនៈ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស។

ការឃោសនា​នេះ​បានចាប់ផ្ដើម​ពីថ្ងៃ​ទី ១៧ ដល់​ថ្ងៃ​ទី ២៤ ខែ ​ឧសភា ហើយ​ការ​បោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​អាទិត្យ ទី ២៦ ខែ​ ឧសភា​ ដោយ​មាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ចំនួន ១១ ៥៧២ នាក់​ គឺជា​អ្នកមាន​សិទ្ធិ​បោះ​ឆ្នោត ខណៈ​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត សរុប​មាន ៥៥៩ អាសនៈ រីឯ​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង ស្រុក ខណ្ឌ សរុប​មាន ៣ ៥៥៥ អាសនៈ។

ការបោះឆ្នោត​នេះ​ធ្វើឡើង​ដោយមាន​ការិយាល័យ​បោះឆ្នោត​ចំនួន ២០៣ ដែល​រៀបចំ​នៅ​តាម​ទីប្រជុំជន​ក្រុង ស្រុក ខណ្ឌ​នៃ​រាជធានី​ខេត្ត​ទាំង ២៥។

លោក ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នកនាំពាក្យ គ.ជ.ប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​ឃោសនា​បោះឆ្នោត​នេះ​បាន​ធ្វើ​ទៅ​តាម​ប្រតិទិន​ដែល​បាន​គ្រោង​ទុក។ ចំណែក​សកម្មភាព ទាំង​ការ​ជួប​ប្រជុំ ការ​ប្រើ​ឧគ្ឃោសន​ស័ព្ទ ការ​ដង្ហែ​ក្បួន​សុទ្ធតែ​ប្រព្រឹត្ត​ទៅ​ដោយ​មិន​មាន​ភាព​អសកម្ម​ណាមួយ​កើត​មាន​ឡើយ។ នេះ ដោយសារ​មាន​ការ​សហ​គ្នា​ល្អ​រវាង​គណបក្ស​នយោបាយ មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​និង​អាជ្ញា​ធរ​ដែន​ដី។​

​លោក​បានបញ្ជាក់​ថា​៖​ «​គណ​បក្ស​នយោ​បាយ​ក៏​លោក​បង្ហាញ​ពី​ភាព​ចាស់​ទុំ​ក្នុង​ការគោរព​ច្បាប់ បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត​។ ជារួម​គឺ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ល្អ​ប្រសើរ មិន​មាន​បញ្ហា​អី​កើត​ឡើង​នោះ​ទេ»។​

​លោក​ ហង្ស ពុទ្ធា បាន​បន្ថែម​ថា ការ​ប្រើមធ្យោបាយ​ឃោ​សនា​មាន​ភាព​ស្មើគ្នា​ដែល​រៀបចំឡើង​ដោយ គ​.​ជ​.​ប ប៉ុន្តែវា​ពាក់ព័ន្ធ​នឹង​សិទ្ធិ​របស់​គណបក្សនីមួយៗ។ ឧទាហរណ៍​ក្នុងចំណោម​៧គណបក្ស គឺមាន​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​មិនបាន​ឲ្យ​ស្ប៉ត​មកគ​.​ជ​.​ប ដើម្បីជួយ​ចាក់​បញ្ចាំង​ជូនក្នុង​ទូរ​ទស្ស​ន៍ជាតិ​កម្ពុជា​ទេ ហើយ​គណបក្ស​នេះ​ក៏​មិន​ធ្វើ​សកម្មភាព​អ្វី​ដែរ គឺមាន​តែ​ការ​ផ្សព្វផ្សាយ​តិចតួច។

​លោកថា​៖ «​នេះ​គឺជា​សិទ្ធិ​សម្រេចចិត្ត​រប​ស់​គណ​បក្សន​យោបា​យ​ផ្ទាល់​។ គ្មាន​អ្វី​ជា​ឧប​សគ្គ ឬ​រារាំង​ដល់​សកម្ម​ភាព​របស់​គាត់​នោះ​ទេ»។​

លោក គង់ មុនី​កា ប្រ​ធាន​គណប​ក្ស​ឆន្ទៈ​ខ្មែរបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គណបក្ស​របស់​លោក​គ្រាន់តែ​ធ្វើ​ពិធី​ជួបជុំ​ជាមួយ​សកម្ម​ជ​ននិង​ប្រជា​ពលរដ្ឋ​តិចតួច​នៅតាម​តំបន់ ស្រុក និង​ភូមិ ​របស់​ពួក​គាត់​ប៉ុណ្ណោះដោយសារ​មិន​មាន​អង្គ​បោះឆ្នោត​។​ ម្យ៉ាង​គណប​ក្ស​របស់​លោក​នៅ​ថ្មី​ថ្មោង​មិន​ទាន់​មាន​ធនធាន​ហិរញ្ញវត្ថុ​ច្រើនទើប​ឃោ​សនា​ទៅតាម​ការ​ស្ម័គ្រចិ​ត្តនិ​ង​លទ្ធ​ភាព​របស់​សកម្ម​ជន​ មិន​អាច​ធ្វើ​អ្វី​ជា​ដុំ​កំភួន​ដូច​គណ​បក្ស​កាន់​អំណាច​បាន​ទេ។

ក្បួនរថយន្តឃោសនារកសំឡេងឆ្នោតក្រុមប្រឹក្សារបស់ CPP។ សហការី

លោក​បាន​បញ្ជាក់​ថា​៖ «​ដូច្នេះ​ហើយ​ប្រើប្រា​ស់​ឱកាស​នេះ​ដើម្បី​ជួប​ជាមួយ​ប្រជាព​លរដ្ឋ​ទេហើយ​ពន្យល់​ពី​គោល​នយោបា​យ​របស់​គណ​បក្ស​ផង​ដើម្បី​ឆ្លៀត​ឱកាស​យើង​ពង្រីក​ទំនាក់​ទំនង​រវាង​គណ​បក្ស​ជាមួយ​ប្រជា​ពលរដ្ឋ​ជា​មួយ​សកម្ម​ជន​ឱ្យ​ទូលំ​ទូលាយ​​ជាង​មុន​»​។​«​ដូច្នេះអា​ហ្នឹង​ក៏​ជា​អ្វីដែល​យើង​គិត​គូរ​ទៅ​ថ្ងៃ​អនា​គតថា​ តើ​គួរ​មាន​ច្បាប់ហិរញ្ញវត្ថុ​ឬក៏​ច្បាប់​ក្នុង​កា​រផ្តល់​ជា​មូលនិធិ​សម្រាប់​គណ​បក្ស​នយោ​បាយ​ដំណើរ​ការ​មាន​សមភាព​ដែរ​ឬ​យ៉ាង​ណា?​ ព្រោះ​នៅ​ប្រទេស​មួយ​ចំនួន​មាន​ច្បាប់​គេ​កំណត់​អ៊ីចឹង»។​

យ៉ាង​ណា​ក្ដី ​លោក គង់ មុនី​កា ​មិន​​រំពឹង​ចំពោះ​ការ​ទទួល​បាន​សំឡេងគាំ​ទ្រទេ ព្រោះ​គណ​បក្ស​លោក​មិន​មាន​អង្គ​បោះ​ឆ្នោត​។ក៏ប៉ុន្តែ​លោក​ព្យាយាម​ជួប​ជា​មួយ​អង្គ​បោះ​ឆ្នោត​ជា​អតីត​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​មកពី​គណ​បក្ស​សង្គ្រោះជាតិ​ដើម្បី​ឱ្យ​ពួក​គាត់​ជួយ​បោះ​ឆ្នោត​ជូន​​ដើម្បី​បាន​សំឡេង​ចូលរួម​អភិវឌ្ឍ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ សង្កាត់ ពីព្រោះ​ការ​ធ្វើជា​​ឯកបក្ស​មិន​មាន​ប្រសិទ្ធ​ភាព​ដូចព​ហុបក្ស​ទេ។

ចំណែក​លោក ពេជ្រ ស្រស់ ប្រធាន​គណ​បក្ស​យុវជន​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​ឃោស​នា​រប​ស់​គណបក្ស​លោក​មិន​មាន​អ្វី​រាំង​ស្ទះ​ទេ​។ ប៉ុន្តែលោក​ថា ការ​ឃោសនា​បាន​ធ្វើតែ​មួយ​ថ្ងៃ​គត់​នៅ​ភ្នំពេញ​ រីឯក្រៅពីនោះ​លោក​ចុះ​ជួប​អង្គ​បោះ​ឆ្នោត​ តាមមូ​ល​ដ្ឋា​ន​ដែល​មា​នតំណាង​ឈរ​ឈ្មោះ។​

លោក​ ពេជ្រ ស្រស់​ បានបញ្ជាក់​ថា៖ «​សម្រាប់​ការ​ឃោស​នាបោះ​ឆ្នោត​របស់​គណបក្ស​យុវជន​កម្ពុជា​គឺ​យើង​ធ្វើ​ដោយ​លទ្ធភាពនិង​យើង​មើល​ឃើញ​ថា គឺ​មិន​មាន​បញ្ហា​អី​ទេ​ក្នុង​ការ​ឃោសនា»។​

​លោក​បាន​ថ្លែង​ថា គណ​បក្ស​យុវជន​កម្ពុ​ជាមាន​អង្គ​បោះ​ឆ្នោត​មួយ​ចំនួន ហើយ​ការរំពឹង​លើ​ការគាំទ្រ​ក៏​លោក​មានសង្ឃឹម​ខ្លះ​ដែរ ពីព្រោះ​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​បច្ចុប្បន្ន​នៅក្នុង​ក្រសែ​ភ្នែក​របស់​អង្គ​បោះឆ្នោត ​និង​ប្រជាពលរដ្ឋ​ទូទៅ។​

​លោក ពេជ្រ ស្រស់ បានបន្ថែមថា​៖ «​អ៊ីចឹ​ង​បើ​គេ​ចង់ឱ្យ​យុវជន​ជំនាន់​ក្រោយ​ចូលរួម​ការអភិវឌ្ឍ និង​ឆ្លុះ​មើល​ភាពអសកម្ម​របស់​រាជរដ្ឋាភិបាល​ អង្គ​បោះឆ្នោត​នឹង​សម្រេច​ជ្រើស​រើសយក​គណ​បក្ស​យុវ​ជ​ន​កម្ពុជាពីព្រោះជា​មនុស្ស​ជំនាន់​ថ្មី ហើយ​ធ្វើ​ការ​ច្បាស់​លាស់ជាមួយ​ជាតិ និង​ប្រជា​ពលរដ្ឋ» ។​

លោក​ សុខ ​ឥសាន អ្ន​កនាំ​ពា​ក្យគ​ណប​ក្ស​ប្រជា​ជ​ន​កម្ពុ​ជា ​បា​ន​ប្រាប់ភ្នំពេ​ញ​ប៉ុ​ស្តិ៍ថា​ គណ​បក្សរ​បស់​​លោក​មិន​ជួប​បញ្ហា​អ្វីទេ​ ដូច​ជា អំពើ​ហិង្សា ​មិន​មាន​ការ​រអាក់​រអួល​ដោយ​ប្រការ​ណាមួយ​​ទេ​គឺ​ដំណើរ​​ទៅ​ដោយ​រលូន។

លោក ​សុខ ឥសាន ​សង្ឃឹម​ថា គណបក្ស​របស់​លោក​នឹង​ឈ្នះ​សំឡេង​ឆ្នោត​ ១០០ ​ភាគ​រយ​ចំពោះ​បេក្ខ​ជន​​ដែល​បាន​ដាក់​ឈរ​ឈ្មោះក្នុ​ង​រាយ​នាម​ដែល​បាន​បញ្ជូន​ទៅ​ គ.ជ.ប។

លោក​បញ្ជា​ក់ថា​៖ «អត់​មាន​បាត់​ទៅណា​ទេ ពីព្រោះ​​អង្គ​បោះ​ឆ្នោត វាជា​ក្រុ​ម​ប្រឹក្សា​ឃុំ ​សង្កាត់។ អ៊ី​ចឹង​ទេ ម្នាក់ៗ​ហ្នឹង​សុទ្ធ​តែ​ជាជ​ន​បង្គោ​ល​របស់​គណប​ក្ស​ប្រជាជន។ អ៊ិ​ចឹង​ទេ​មិន​មាន​ព្រួយ​បារ​ម្ភពី​រឿ​ង​បាត់​សំឡេង​ឆ្នោត​ទេ​សុទ្ធ​តែ​មើម​ទាំងអស់»។

តា​ម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់ គ​.​ជ​.​ប​ ​ឱ្យដឹង​ថា សន្តិ​សុខ សុវត្ថិ​ភាព និង​សណ្តាប់​ធ្នាប់​នៃ​យុទ្ធនា​ការ​របស់​គណបក្ស​​នីមួយៗ​​ត្រូវ​បាន​ធានា​ ហើយ​ការ​ឃោសនា​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​និង​គ្មាន​​ហិង្សា​នៅ​ទូទាំង​ប្រទេស៕