យុទ្ធនាការស្នើឱ្យរដ្ឋាភិបាលបិទរោងចក្រអារឈើនៅទូទាំងប្រទេស ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើចុងក្រោយរបស់កម្ពុជា តាមរយៈសំណើពីក្រុមសកម្មជនបរិស្ថាន និង សិទ្ធិមនុស្សបានឈានដល់ដំណាក់កាលទី ២។
យុទ្ធនាការនេះ ត្រូវបានធ្វើឡើង៣ដំណាក់កាល គឺទី១ ការធ្វើយុទ្ធនាការតាមបណ្ដាញសង្គមហ្វេសប៊ុក ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ មេសា។
ក្រុមយុវជននាំគ្នាថតបង្ហោះវីដេអូ ដើម្បីអំពាវនាវឱ្យពលរដ្ឋចូលរួមការពារព្រៃឈើ ទី២ ការធ្វើយុទ្ធនាការដោយធ្វើដំណើរតាមមធ្យោយបាយយានយន្តនៅទូទាំងខេត្តទាំង៤ នៃតំបន់ ព្រៃឡង់ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ មេសា។ រីឯទី ៣ គឺជាយុទ្ធនាការធ្វើដំណើរតាមមធ្យោយបាយយានយន្តនៅទូទាំងប្រទេសដែលមានតំបន់ព្រៃឈើកំពុងរងការកាប់បំផ្លាញ។
លោក ទឹម ម៉ាឡៃ ប្រធានបណ្ដាញយុវជនកម្ពុជា (CYN) ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថ្ងៃនេះថា យុទ្ធនាការដំណាក់កាលទី ២ គឺមានការរៀបចំធ្វើសកម្មភាពជាច្រើន ក្រៅតែពីការចុះធ្វើយុទ្ធនាការតាមមធ្យោបាយយានយន្ត។ ក្នុងនោះក៏មានការថតរូបបង្ហោះ ជុំវិញគ្នាដើម្បីទាមទារឱ្យលុបបំបាត់ការកាប់បំផ្លាញព្រៃឈើ និង ការអញ្ជើញយុវជនធ្វើជាវាគ្មិន នៅក្នុងកិច្ចពិភាក្សាអំពីការចូលរួមការពារព្រៃឈើជាដើម។
លោក ម៉ាឡៃ ថ្លែងថា៖«នៅក្នុងយុទ្ធនាការហ្នឹង យើងក៏ដើម្បីរំឭខួបនៃការស្លាប់របស់លោកឈុត វុទ្ធី ក្នុងរយៈពេល ៨ ឆ្នាំ ដើម្បីរំឭកអំពីវីរភាពរបស់លោក និង ផ្ដល់ការចងចាំដល់លោក ក៏ដូចជាប្រាប់ទៅដល់ក្រុមយុវជនឱ្យចេះស្រឡាញ់ព្រៃឈើនិងធនធានធម្មជាតិ»។
លោកបន្តថា ចំពោះដំណាក់កាលទី៣ នឹងមានការរៀបចំសកម្មភាពជាបន្តបន្ទាប់ទៀត ដែលផ្ដោតលើការហ៊ាននិយាយការពិតអំពីការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា និងអាចដាក់ឯកសារ ឬ រូបភាពដែលជាភស្ដុតាងមួយចំនួន ទៅស្ថាប័នរបស់រដ្ឋាភិបាល អំពីការកាប់បំផ្លាញព្រៃឡង់និងការលួចដឹកឈើចេញពីប្រទេសកម្ពុជា ដើម្បីយកទៅលក់នៅក្រៅប្រទេស។
លោកបន្ថែមថា ការដាក់ភ័ស្ដុតាងទាំងនោះ គឺដើម្បីឆ្លើយតបទៅរដ្ឋាភិបាល ប្រសិនបើនៅតែចោទប្រកាន់ថា ការលើកឡើងអំពីការបាត់បង់ព្រៃឡង់របស់សកម្មជនឬសហគមន៍ ធ្វើឡើងដោយគ្មានភ័ស្ដុតាងច្បាស់លាស់។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោកនេត្រ ភក្ដ្រា លើកឡើងថា ក្រសួងគាំទ្រចំពោះអង្គការមិនមែនរដ្ឋាភិបាល ឬសមាគម ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ ក្នុងការធ្វើសកម្មភាព ដើម្បីចូលរួមដល់ការងារអភិរក្ស ធនធានធម្មជាតិ ជីវៈចម្រុះដែលកម្ពុជាមានដោយស្មោះត្រង់។
លោកថ្លែងថា៖ «ការធ្វើយុទ្ធនាការឬសកម្មភាពណាមួយជាសិទ្ធិរបស់ពួកគេ។ ប៉ុន្តែ ស្នើសុំធ្វើយ៉ាងណា ការធ្វើសកម្មភាព ទាំងនោះមានភាពស្របច្បាប់។ ប្រសិនបើក្នុងនាមអង្គការក្រៅរដ្ឋាភិបាល ឬសមាគមណាមួយ ត្រូវមានការចុះបញ្ជីត្រឹមត្រូវតាមនីតិវិធីច្បាប់ មិនមែនធ្វើសកម្មភាពបែបអនាធិបតេយ្យ និងក្នុងបំណង ទុច្ចរិតក្នុងតំបន់ការពារធម្មជាតិទេ»។
លោកនេត្រ ភក្ត្រា ធ្លាប់បញ្ជាក់ថា ក្រសួងបរិស្ថាននឹងអាចចាត់វិធានការទៅតាមច្បាប់ ចំពោះបណ្ដាញសហគមន៍ព្រៃឡង់ ឬអង្គការមួយចំនួនដែលគាំទ្រដល់បណ្ដាញសហគមន៍នេះ ប្រសិនបើនៅតែប្រឆាំងនឹងសេចក្ដីប្រកាសរបស់ក្រសួងបរិស្ថាន ដែលគាំទ្រឱ្យបណ្ដាញសហគមន៍បន្តចុះទៅល្បាតក្នុងតំបន់ព្រៃឡង់ ដោយមិនទាន់ចុះកិច្ចព្រមព្រៀងជាមួយក្រសួងស្របតាមច្បាប់ជាមុន។
លោក ឃុត សឿម សមាជិកបណ្ដាញសហគមន៍ព្រៃឡង់នៅខេត្តព្រះវិហារ ប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា នៅថ្ងៃទី២៤មេសា ពលរដ្ឋចំនួន២ភូមិនៅឃុំរួសរាន់និងឃុំរៀបរយនៃស្រុករវៀង នឹងចូលរួមធ្វើយុទ្ធនាការដោយជិះម៉ូតូ។
លោកថា ព្រៃឡង់នៅខេត្តព្រះវិហារ កំពុងរងការកាប់បំផ្លាញដោយសារវត្តមានក្រុមហ៊ុនធីង៉ា។
លោកបន្តថា ចាប់តាំងពីក្រសួងបរិស្ថានហាមបណ្ដាញសហគមន៍ព្រៃឡង់មិនឱ្យចុះល្បាតព្រៃមក គឺបណ្ដាញសហគមន៍ទាំង៤ខេត្ត ពុំបានទាក់ទងគ្នាដូចមុននោះទេ ដោយសារអាជ្ញាធរនៅតាមមូលដ្ឋាន ត្រូវបានដាក់ពង្រាយឱ្យតាមដានសកម្មភាពរបស់ក្រុមសហគមន៍ជាប់ជាប្រចាំ។
លោកបញ្ជាក់ថា៖ «នៅថ្ងៃស្អែកនេះ (ថ្ងៃទី ២៤ មេសា) មិនដឹងថាធ្វើយុទ្ធនាការបានឬមិនបានទេ»៕