សៀមរាបៈ លោក​ ឃឹម ហ្វីណង់ ​អភិបាលស្រុក​បន្ទាយស្រី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា យុទ្ធនាការ​ «​ផ្ទះ​ ១ ​អំពូល ​១» ដោយ​ត្រូវ​ដំឡើង​អំពូល​សូឡា​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ​នៅក្នុង​ភូមិ​ព្រះដាក់​តាម​បណ្ដា​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​សម្រេច​បាន​ជិត​ ១០០ ​ភាគរយ​ហើយ ដោយ​គ្រោង​ធ្វើឱ្យ​រួចរាល់​ត្រឹម​ខែ​មករា ដើម្បី​បន្ត​អនុវត្ដ​យុទ្ធនាការ​នេះ​ទៅតាម​បណ្ដា​ភូមិ-ឃុំ​ដទៃទៀត​។

លោក ឃឹម ហ្វីណង់ ថ្លែងថា​ក្នុង​ចំណោម​ផ្ទះ​ប្រជាពលរដ្ឋ​ជាង ៥១៨ ​ខ្នង ​ផ្ទះ​ក្នុងភូមិ​ព្រះដាក់ ស្រុក​បន្ទាយស្រី​ដែល​ជា​ភូមិ​គោលដៅ​ជំហាន​សាកល្បង​ដំបូង​នៃ​យុទ្ធនាការ «​ផ្ទះ​ ១ ​អំពូល​ ១» ត្រូវបាន​ក្រុម​ការងារ​របស់​រដ្ឋបាល​ស្រុក​បន្ទាយស្រី​ចុះ​ទៅ​ដំឡើង​អំពូល​សូឡា​បាន​ប្រមាណ​ ៤០០ ​អំពូល​ នឹង​គ្រោង​ដំឡើង​ឱ្យបាន​រួចរាល់​ត្រឹម​ចុងខែ​មករា​នេះ​។

លោក​ថ្លែងថា​៖ «​ក្នុង​ខែក្រោយៗ​ទៀត​យើង​នឹង​ដំឡើង​អំពូល​សូឡា​នេះ​ក្នុង​ ១ ​ឃុំៗ​តែ​ម្ដង យើង​លែង​ធ្វើ​ម្ដង​ ១ ​ភូមិ​ហើយ ព្រោះ​វា​មាន​ការយឺតយ៉ាវ​ពេក​។ នៅ​ខែ​ក្រោយ​នេះ​យើង​គ្រោង​ដំឡើង​នៅ​ឃុំ​រំចេក ឃុំ​នេះ​តូច​ជាងគេ​ក្នុងចំណោម​ឃុំ​នានា​នៃ​ស្រុក​បន្ទាយស្រី​។ យុទ្ធនាការ​ដំឡើង​អំពូល​សូឡា​នេះ យើង​អាច​ធ្វើ​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ២០២០ ​នេះ​គឺ​អាច​ចប់​ហើយ​»​។

ភូមិ​ព្រះដាក់​ជា​ភូមិ​ ១ ​ក្នុង​ចំណោម​ភូមិ​ ៣៦ នៃ​ស្រុក​បន្ទាយស្រី​ដែលមាន​ប្រជាពលរដ្ឋ​ជាង ៥១៨ ​ខ្នង​ផ្ទះ​ត្រូវបាន​រដ្ឋបាល​ស្រុក​បន្ទាយស្រី ជ្រើសរើស​ក្នុង​ជំហាន​ដំបូង​នៃ​យុទ្ធនាការ «​ផ្ទះ​ ១ ​អំពូល​ ១» ​ក្នុងការ​បំពាក់​អំពូល​សូឡា​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ ដោយ​ចាប់ផ្តើម​កាលពី​ដើម​ខែ​មករា​ឆ្នាំនេះ​។

លោក ហ្វីណង់ បាន​សម្ដែង​ការភ្ញាក់ផ្អើល​ដោយ​បាន​ឆ្លុះបញ្ចាំង​ពី​ការចូលរួម និង​ភាព​ជា​ម្ចាស់​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ព្រះដាក់ ខណៈ​ពលរដ្ឋ​ក្នុងភូមិ​បាន​ចូលរួម​គាំទ្រ​ជួយ​ជីករណ្តៅ​បង្គោល​ទម្រ​អំពូល កាប់​មែកឈើ​ដែល​បាំង​ពន្លឺ​ថ្ងៃ និង​ពលរដ្ឋ​មួយ​ចំនួនធំ​បាន​ចំណាយ​ប្រាក់​ទិញ​ស៊ីម៉ងត៍​ថ្មល្អិត និង​ខ្សាច់​សម្រាប់​ចាក់​ការពារ​ជើង​អំពូល​ដោយ​ខ្លួនឯង​ទៀតផង បើទោះបី​ជា​ក្នុង​ដំណាក់កាល​សាកល្បង​នៃ​យុទ្ធនាការ​នេះ រដ្ឋបាល​ស្រុក​បន្ទាយស្រី​មិន​តម្រូវ​ឱ្យ​ពួកគាត់​ចូលរួម​ចំណាយ​អ្វី​ទាល់តែ​សោះ​ក៏ដោយ​។

លោក​បញ្ជាក់ថា​៖ «​អរគុណ​ដល់​អ្នកភូមិ​ព្រះដាក់​ចំពោះ​ស្មារតី​ចូលរួម​ស្រឡាញ់​ប្រយោជន៍​រួម និង​មាន​ភាពស្រុះ​គ្នា​ជា​សហគមន៍​។ អ្វីដែល​យើង​ទទួល​បាន​ពី​ការងារ​នេះ គឺ​លើស​ពី​ការរំពឹងទុក​ទៅទៀត​។ ឥឡូវ​ក្មេងៗ​ត្រឡប់​មកពី​រៀន​ពេល​យប់​ងាយស្រួល​។ អ្នកធ្វើ​ដំណើរ​ឆ្លងកាត់​ងាយស្រួល​ក្នុង​ការឆ្លងកាត់​។ ពលរដ្ឋ​ប្រកបរបរ​លក់ដូរ​អាច​បន្ដ​មុខរបរ​របស់ខ្លួន​បានយូរ​ជាង​មុន ហើយ​មាន​ពលរដ្ឋ​ក្នុង​ភូមិ​ខ្លះ ក្រោយពេល​មាន​ពន្លឺភ្លើង​ពី​អំពូល​សូឡា​ពួកគាត់​កំពុង​ពិចារណា​ប្រកបរបរ​លក់ដូរ​បន្ថែមទៀត​ផងដែរ​»​។

លោក ហ្វីណង់ បន្ដថា ក្នុង​យុទ្ធនាការ​ដំបូង​ក្នុងភូមិ​ព្រះដាក់​នេះ​បាន​ចំណាយ​ថវិកា​ប្រមាណ​ជាង ៣ ​ម៉ឺន​ដុល្លារ​។ រដ្ឋបាល​ស្រុក​បន្ទាយស្រី​នឹង​អនុវត្ដ​យុទ្ធនាការ​នេះ​នៅ​ភូមិ ៣៦ ​ទៀត​នៃ​ស្រុក​បន្ទាយស្រី​ដែល​មាន​ផ្ទះ​ពលរដ្ឋ​សរុប​ជិត ១ ​ម៉ឺន​ខ្នង​ផ្ទះ​។

លោក ឡឹក វន់ មេភូមិ​ព្រះដាក់​បាន​សម្ដែង​ការសប្បាយ​ចិត្ដ​ក្រោយ​មាន​ការដំឡើង​អំពូល​សូឡា​ធ្វើឱ្យ​ភូមិ​ព្រះដាក់​ទាំងមូល​ភ្លឺ ស្រស់ស្អាត​នាពេល​យប់ រួម​ជាមួយ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុងភូមិ ស្ថាបនា​ឡើង​ដោយ​បេតុង​ផង​ធ្វើឱ្យ​ភូមិ​ព្រះដាក់​មាន​ភាពទាក់ទាញ​ពី​សាធារណជន​ផងដែរ​។

លោក​ថា​៖ «​ពលរដ្ឋ ពួកគាត់​ក៏មាន​ការសប្បាយ​ចិត្ដ​ដែរ​ដោយមាន​ការគិតគូរ​ពី​ថ្នាក់ដឹកនាំ​ស្រុក​បែបនេះ​។ ក្រោយ​ដំឡើង​អំពូល​សូឡា​បែបនេះ ពេល​ល្ងាច​ឡើង​ពលរដ្ឋ​ចេញមក​ជួបជុំ​គ្នា​ព្រោងព្រាត​មាន​ភាព​អ៊ូអរ​ណាស់​។ ខ្ញុំ​ក្នុងនាម​តំណាង​ពលរដ្ឋ​ក្នុង​ភូមិ​ព្រះដាក់​ប្ដេជ្ញា​ថែរក្សា​សមិទ្ធផល​នេះ​»​។

លោក​មេភូមិ​បញ្ជាក់ថា​តាមរយៈ​ការដំឡើង​អំពូល​សូឡា​នេះ​បាន​ជួយ​ដល់​សេដ្ឋកិច្ច ការរស់នៅ និង​ការពារ​សន្ដិសុខ​សុវត្ថិភាព​ដល់​ពលរដ្ឋ​ក្នុងភូមិ​ព្រះដាក់​ទាំងមូល និង​អ្នក​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ពេលយប់​ផងដែរ​។

លោក ហែម ទីណា ពលរដ្ឋ​មួយរូប​នៅ​ភ្នំពេញ​បាន​សាទរ​ចំពោះ​ការដំឡើង​អំពូល​សូឡា​នៅក្នុង​ភូមិ​ព្រះដាក់​នេះ​ដោយ​ចាត់ទុកថា នេះ​ជា​គំនិត​ផ្ដួចផ្តើម​ល្អ​របស់​អភិបាលស្រុក​បន្ទាយស្រី​។ ប៉ុន្ដែ​លោក​ស្នើថា​៖ «​បន្ទាប់ពី​ការដាក់​ឱ្យ​ដំណើរការ​នេះ​រួចរាល់​ ១០០ ​ភាគរយ​ ហើយ​សូម​លោក​អភិបាលស្រុក បង្កើត​ឱ្យ​មាន​ជំនាញ​ថែទាំ​​សម្អាត ជួសជុល បន្ទះ​កញ្ចក់​ពន្លឺព្រះអាទិត្យ (​បន្ទះ​សូឡា​) តាមរយៈ​ក្រុមប្រឹក្សា​ភូមិ ឃុំ ឬ​ប្រជាការពារ​ភូមិ​»៕