ភ្នំពេញៈ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ការអនុវត្តផែនការយុទ្ធសាស្ត្រដំណាក់កាល ទី១ របស់នគរបាលជាតិ រយៈពេល ៥ឆ្នាំ កន្លងមកនេះ មានភាពជោគជ័យជាង ៦០ ភាគរយប៉ុណ្ណោះ ដែលមកពីកង្វះខាតការយល់ដឹងលើការអនុវត្តជាក់ស្តែង និងការចូលរួមពីប្រធានអង្គភាពពាក់ព័ន្ធក្នុងការតាក់តែងយុទ្ធសាស្ត្រទាំងនេះ។
ក្នុងកិច្ចពិគ្រោះយោបល់ស្តីពីការកសាងផែនការយុទ្ធសាស្ត្រលើក ទី២ របស់នគរបាលជាតិ កាលពីថ្ងៃអង្គារម្សិលមិញនេះ លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានថ្លែងថា លទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្ត្ររបស់នគរបាលជាតិ ដែលមានគ្រប់ជំនាញរយៈពេល ៥ឆ្នាំ ពី ឆ្នាំ២០០៨ ដល់ ២០១៣ ក្នុងដំណាក់កាល ទី១ គឺមិនទទួលបានជោគជ័យដូចការគ្រោងទុកនោះទេ ដោយលទ្ធផលមានត្រឹមតែជាង ៦០ ភាគរយព្រោះតែកង្វះការចូលរួមរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។
លោកបានបញ្ជាក់ថា៖ «មូលហេតុសំខាន់ ទី១ កម្រិតយល់ដឹងរបស់បងប្អូនតាមអង្គភាពជំនាញដែលធ្វើផែនការ គឺគាត់ធ្វើមិនបានជាក់ស្តែង ទី២ ការជាប់ពាក់ព័ន្ធរបស់ប្រធានគ្រប់ជាន់ថ្នាក់មិនសូវជាប់ពាក់ព័ន្ធ ច្រើនតែប្រគល់ដល់បងប្អូនខាងក្រោមធ្វើផែនការមក ហើយខ្លួនអង្គុយចាំតែស៊ីញ៉េ អ៊ីចឹងអត់ដឹងថា ផែនការស្អីខ្លះ អ៊ីចឹងផែនការនៅដោយផែនការសកម្មភាពនៅដោយសកម្មភាព ដូចផលិតផលមួយ ដែលផលិតហើយទុកមួយដុំអត់ប្រើ»។
លោក គៀត ច័ន្ទថារិទ្ធ បានធ្វើការប្រៀបធៀបឃើញថា ការអនុវត្តផែនការយុទ្ធសាស្ត្ររបស់ស្ថាប័នរដ្ឋ គឺជោគជ័យទាបជាងគេ ស្ថិតក្នុងចន្លោះពី ៦០ ទៅ ៦៥ ភាគរយចំណែកអង្គការក្រៅរដ្ឋាភិបាលជោគជ័យចន្លោះពី ៦០ ទៅ ៧០ ភាគរយសម្រាប់ស្ថាប័នឯកជនវិញ គឺមានចន្លោះពី ៧០ ទៅ ៨០ ភាគរយ។
លោកបានបន្ថែមថា៖ «អ៊ីចឹងហើយបានជាថ្ងៃនេះ យើងទាមទារការចូលរួមពីថ្នាក់ដឹកនាំជាពិសេសប្រធាននាយកដ្ឋានកណ្តាលប្រធាននាយកដ្ឋាន និងស្នងការត្រូវតែចូលរួមដឹងឮ បញ្ចេញមតិយោបល់ និងជជែកគ្នា ឲ្យដឹងខ្លឹមសារនិងអ្វីជាយុទ្ធសាស្ត្រគោលដៅយុទ្ធសាស្ត្រ ទស្សនវិស័យ និងបេសកកម្មចាប់ពីដើមដំបូងទៅ»។
បើតាមអនុប្រធាននាយកដ្ឋានបូកសរុបផែនការនៃអគ្គស្នងការនគរបាលជាតិ លោក យី សាមឿន គោលដៅយុទ្ធសាស្ត្រ ១០ ចំណុចដែលត្រូវបានតាក់តែងឡើងក្នុងផែនការយុទ្ធសាស្ត្រដំណាក់កាល ទី១ គឺមិនទាន់ល្អនិងសុក្រឹតនោះទេ ដោយសារសកម្មភាពមិនជាក់លាក់ និងខ្វះខាតថវិកាក្នុងកិច្ចដំណើរការការងារនេះ។ លោកថា ក្នុងដំណាក់កាល ទី១ ផែនការសកម្មភាពចំនួន ៤៦២ គឺបានសម្រេចត្រឹមតែ ២៧៧ សកម្មភាពដែលស្មើនឹងបានសម្រេចជាង ៦០ ភាគរយ ហើយមិនបានសម្រេចជិត ៤០ ភាគរយ។
តាមរយៈក្របខ័ណ្ឌសង្ខេបនៃផែនការយុទ្ធសាស្ត្រនគរបាលជាតិ ឆ្នាំ២០១៤ ដល់ ២០១៩ គោលដៅយុទ្ធសាស្ត្រមានចំនួន ៥។ ទី១ យុទ្ធសាស្ត្រការពារខឿនសន្តិសុខជាតិ និងបូរណភាពទឹកដី ទី២ ធានាសន្តិសុខ សុវត្ថិភាពសង្គម ទី៣ លើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈ ទី៤ ក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់របស់កងកម្លាំងនគរបាលជាតិ និង ទី៥ ការអភិវឌ្ឍនូវលទ្ធភាព សមត្ថភាពជំនាញគ្រប់ផ្នែកស្របតាមការវិវត្តនៃសភាពការណ៍៕