The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - យុវជន​កម្ពុជា ២១ នាក់​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ជប៉ុន ៩ ថ្ងៃ

យុវជន​កម្ពុជា ២១ នាក់​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ជប៉ុន ៩ ថ្ងៃ

Content image - Phnom Penh Post
យុវជន​កម្ពុជា ២១ នាក់ ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ជប៉ុន​ចាប់​ពី​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២៩ ខែ​មករា ឆ្នាំ ២០១៩ តាមរយៈ​កម្មវិធី ការ​ផ្លាស់ប្ដូរ​សិស្ស-និស្សិត និង​យុវជន។ សហការី

យុវជន​កម្ពុជា ២១ នាក់​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ជប៉ុន ៩ ថ្ងៃ

ភ្នំពេញៈ ប្រទេស​ជប៉ុន​បាន​បើកឱកាស​ឲ្យ​យុវជន​កម្ពុជា ២១ នាក់ ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ជប៉ុន​ចាប់​ពី​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២៩ ខែ​មករា ឆ្នាំ ២០១៩ តាមរយៈ​កម្មវិធី ការ​ផ្លាស់ប្ដូរ​សិស្ស-និស្សិត និង​យុវជន រវាង​ប្រទេស​ជប៉ុន និង​បណ្ដា​ប្រទេស​អាស៊ី​ខាង​កើត ហៅ​កាត់​ថា JENESYS 2018។

តាមរយៈ​សេចក្តីប្រកាស​ព័​ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​សុក្រ ទី ១៨ ខែ​មករា​នេះ​បាន​ឲ្យ​ដឹង​ថា យុវជន​ចូលរួម​ទាំង​អស់ ត្រូវ​បាន​ជ្រើស​រើស​ចេញ​ពី​ការ​ប្រកួត​ជ្រើសរើស​បេក្ខជន​ចូលរួម​កម្មវិធី​ផ្លាស់ប្តូរ​យុវជន JENESYS 2018 ទៅ​ប្រទេស​ជប៉ុន ដែល​បាន​រៀបចំ​ឡើង​កាល​ពី​ថ្ងៃ​ទី ២៥ ខែ​តុលា ឆ្នាំ ២០១៨ នៅ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិ​ការ កម្ពុជា-ជប៉ុន (CJCC)។ ស្ថានទូត​ជប៉ុន​បាន​បញ្ជាក់​ថា កាល​ពី​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​មាន​បេក្ខជន​សរុប​ចំនួន ៤៨ រូប​ស្មើ​នឹង ១២ ក្រុម បាន​ធ្វើ​បទ​បង្ហាញ​ក្រោម​ប្រធាន​បទ «អនាគត​កម្ពុជា ៣០ ឆ្នាំ​ក្រោយ» ដោយ​គោរព​តាម​គោល​ការណ៍​ភាព​ច្នៃ​ប្រឌិត​ភាព​ទាក់ទាញ និង​សាមគ្គី​ភាព​ក្នុង​ក្រុម។

តាមរយៈ​សេចក្ដីប្រកាស​ព័​ត៌មាន​ស្ថានទូត​ជប៉ុន​បាន​ឲ្យ​ដឹងថា ក្រុម​យុវជន​នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ទីក្រុង​កូម៉ាត្សឹ។

អំឡុងពេល​ទស្សនកិច្ច​នៅ​ទីក្រុង​កូ​ម៉ា​ត្សឹ​ក្រុមយុវជន​កម្ពុជា នឹង​ជួប​ពិភាក្សា​ផ្លាស់ប្តូរ​វប្បធម៌​គ្នា ជាមួយ​នឹង​និស្សិត​សាកល​វិទ្យាល័យ​នៅ​ទីនោះ​និង​ធ្វើ​បទ​បង្ហាញ​ជា​ក្រុម​ទាក់ទង​នឹង​ប្រធាន​បទ​ដែល​ពួកគេ​បាន​ប្រកួត។

ក្រុមយុវជន​កម្ពុជា នឹង​ចូលជួប​សម្តែង​ការគួរសម​ជាមួយនឹង​អភិបាល​ក្រុង​កូម៉ាត្សឹ​ព្រម​ទាំង​ទទួល​យក​បទ​ពិសោធ​វប្បធម៌​ជប៉ុន​ផង​ដែរ។ ស្ថានទូត​ជប៉ុន​បញ្ជាក់​ថា៖ «យើង​ខ្ញុំ​សង្ឃឹម​ថា យុវជន​ដែល​ចូលរួម​នឹង​អាច​យល់​ដឹង​អំពី​ប្រទេស​ជប៉ុន​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​ព្រមទាំង​ចែក​រំលែក​បទពិសោធ របស់​ខ្លួន​ឲ្យ​បាន​ទូលំ​ទូលាយ​ទៅ​កាន់​ប្រជាជន​កម្ពុជា​បន្ទាប់​ពី​វិល​ត្រឡប់​មក​វិញ»។

លោក រស់ សុ​វាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ថ្លែងថា កម្មវិធី​នេះ គឺ​ជំ​រុញ​ឱ្យ​យុវជន​បាន​ចូលរួម​គ្រប់​សកម្មភាព​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។ លោក​បន្ដថា តាមរយៈ​កម្មវិធី JENESYS យុវជន​កម្ពុជា​អាច​ចូលរួម​ចំណែក​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ជប៉ុន និង​ក្រសួង​អប់រំ ដែល​ឆ្លើយ​តប​ទៅ​នឹង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ ២០១៩-២០២៣ និង ស្វែង​យល់​ពី​ប្រទេស​ជប៉ុន។ «យុវជន​ក៏​អាច​ស្វែង​យល់​អំពី​ស្ថានភាព​នយោបាយ សេដ្ឋកិច្ច​បច្ចេកវិទ្យា ការ​អភិវឌ្ឍ​របស់​ជប៉ុន និង​គោល​នយោបាយ​ទ្រទ្រង់​យុវជន​ជប៉ុន ជា​ពិសេស​លើ​វិស័យ​អប់រំ និង យុវជន»៕

អត្ថបទគួរចាប់អារម្មណ៍