ព្រះសីហនុៈ សមត្ថ​កិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​​ព្រះ​សី​ហ​នុ​កាល​ពីម្សិល​មិញ​បាន​កសាង​សំណុំរឿង​បញ្ជូន​បុរស​ជា​ជនសង្ស័យ​​ម្នាក់​ទៅ​​សាលា​ដំបូង​ខេត្ត​​ បន្ទាប់​ពី​ចាប់​ខ្លួន​ករណី​ឆក់​លុយ​ពី​បុរស​ជាតិ​ខ្មែរ​ម្នាក់​នៅ​ក្នុ​ងកា​ស៊ី​ណូ​​មួយក្នុង​សង្កាត់​លេខ​ ៤​ ក្រុង​-​ខេត្ត​ព្រះ​សី​ហ​នុ​ ប្រ​ព្រឹត្តកាល​ពី​ព្រឹក​ថ្ងៃ​ទី ៤​​ ខែ​កុម្ភៈ។

លោក​វរសេ​នីយ៍​ឯក​​ កែវ ​សុផល​ មេ​បញ្ជា​ការ​​រង​​កង​រាជ​អាវុធ​​ហត្ថ​ខេត្ត​ព្រះសី​ហនុ​ទទួល​ផែន​ស្រា​វជ្រាវ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា​ ជន​​សង្ស័យ​ករណី​ឆក់​លុយ​​នោះ​​ឈ្មោះ​ ជួន​​ ផាន់​នី​​ អាយុ ២​០ ​ឆ្នាំ​។​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​ជន​រង​គ្រោះ​ទេ។

លោក​បាន​ប្រាប់​ថា​៖​ «​ជនសង្ស័យ​ម្នាក់​នេះ ​ខាង​សមត្ថកិច្ច​ខ្ញុំ​បញ្ចប់​ការ​ស៊ើប​សួរ​រួច​ហើយ​ ហើយ​ត្រូវ​បញ្ជូន​ជន​នេះ​ទៅ​តុលា​ការ​ខេត្ត​នៅ​ថ្ងៃ​នេះ (​ថ្ងៃ​ទី ​៥​ កុម្ភៈ​) ​ដើម្បី​ឲ្យ​ច្បាប់​ចាត់​ការ​បន្ត​ទៀត​»​។

លោក​ប្រាប់​ថា ​កាស៊ី​ណូ​ដែល​ជន​សង្ស័យ​ប្រ​ព្រឹត្ត​បទ​ល្មើស​នោះ​ឈ្មោះ​កាន់​ដាវ​ ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ​ ៤ ​ក្រុ​ង​-​ខេត្ត​ព្រះសីហនុ​។

លោកថា ​ជន​សង្ស័យ​បាន​ឆ្លើយ​ថា ​មុន​កើត​ហេតុ​វេលា​ម៉ោង​ ១០​ ព្រឹក ថ្ងៃ​ទី​​ ៤ ​កុម្ភៈ​​ រូបគេ​បាន​ចូល​ទៅ​លេង​ល្បែង​ក្នុង​កាស៊ី​ណូ​នោះ​។

ខណៈ​​កំពុង​លេង​ស្រាប់​តែ​ឃើញ​ជ​ន​រង​គ្រោះ​​ចូលទៅ​លេង​ល្បែង​នៅ​ទីនោះ​ដែរ​។​ពេល​នោះ​ជ​នសង្ស័យ​បាន​ឆក់​យក​កាបូប​លុយ​របស់​ជន​រង​គ្រោះ ​ហើយ​បានរត់​​ចេញ​ក្រៅ​​អគារ​កា​ស៊ី​ណូ​នោះ​បម្រុង​គេច​ខ្លួន​។​ប៉ុន្តែ​ដោយ​មាន​ការ​ស្រែក​ឆោឡោ​ពី​ជន​រង​គ្រោះ​ទើប​ក្រុម​សន្តិសុខ​​កាស៊ី​ណូ​រត់​ដេញ​តាម​ហើយ​គាប់​ជួន​ពេល​នោះ​បាន​ជួប​កម្លាំង​មន្ត្រី​អាវុធ​ហត្ថ​ជិះ​រថយន្ត​ល្បាត​ក៏​នាំ​គ្នាដេញ​តាម​ចាប់​បាន​ជន​សង្ស័យ​តែ​ម្តង។

លោក​ប្រាប់​ថា​​៖ ​«​ពេល​នោះ​ជន​សង្ស័យ​បាន​ព្យា​យាម​រត់គេច​ខ្លួន​ដែរ​តែ​​ដោយ​មាន​ការ​សហការ​ជា​មួយ​កង​សន្តិសុខ​នៅ​កាស៊ី​ណូ​នោះ​​រួម​គ្នា​ជា​មួយ​សមត្ថកិច្ច​របស់​អាវុធ​ហត្ថ​យើង​ក៏​តាម​ចាប់​បាន​»។

លោក​បាន​បញ្ជាក់​ដែរ​ថា​​ក្រោយ​ពី​ចាប់​ខ្លួន​សមត្ថ​កិច្ច​​ដក​​ហូត​បាន​លុយ​ ២​ ម៉ឺន​ដុល្លារ ដែល​ជា​របស់​ជន​រង​គ្រោះ៕