ភ្នំពេញៈ យុវជន​កម្ពុជា​បាន​ជជែក​ដេញដោល​ពី​ចំណូល​ថវិកាជាតិ ខណៈ​ដែល​សង្គមស៊ីវិល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​តាមដាន​​ និង​ស្វែងយល់​ពី​បញ្ហា​នេះ​ដើម្បី​ឲ្យ​ប្រាកដថា ការចាយវាយ​ចំណូល​ចំណាយ​ថវិកាជាតិ​មាន​តម្លាភាព និង​ត្រូវ​បាន​ប្រើប្រាស់​ចំ​គោលដៅ​។

ការលើកឡើង​នេះ​ស្របពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការប្រមូល​ថវិកាជាតិ​មាន​ការកើនឡើង​ដោយ​កាលពី​ឆ្នាំ ២០១៨ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធអាករ​បាន​ជាង ២ ពាន់​លាន​ដុល្លារ​ ដោយ​កើន​ ១៣,៣៧ ​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៧​។ ចំណែក​រយៈពេល​ ៩ ខែ​ នៅ​ឆ្នាំ​ ២០១៩ ​នេះ​ចំណូល​ពី​ការប្រមូល​ពន្ធគយ និង​ពន្ធដារ​បាន​ប្រមាណ ៤ ៥៦៧ លាន​ដុល្លារ​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ផ្សព្វផ្សាយ​នៅ​ខែតុលា​។

អង្គការ​តម្លាភាព​កម្ពុជា​បាន​រៀបចំ​កម្មវិធី​ប្រកួត​ជជែក​ដេញដោល​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​យុវជន​កម្ពុជា​ស្ដីពី «​ចំណូល​ថវិកាជាតិ​» កាលពី​ថ្ងៃ​សុក្រ​ថា កម្មវិធី​នេះ​បាន​ផ្តល់​ឱកាស​ដល់​បេក្ខជន​ជិត ១០០ ​នាក់​ មកពី​ ២៤ ​ក្រុម​ដែលជា​និស្សិត​មកពី​សាកលវិទ្យាល័យ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។

កម្មវិធី​នេះ​បាន​ធ្វើការ​ជជែក​ដេញដោល​ពី​បញ្ហា​នេះ​ជាពិសេស​ពួកគេ​បាន​ចូលរួម​យ៉ាង​ពេញទំហឹង​ក្នុង​កិច្ចពិភាក្សា​ទៅលើ​គោលនយោបាយ​ស្តីពី​សារពើពន្ធ និង​ការជជែក​វែកញែក​លើ​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ចំណូល​ថវិកាជាតិ​នៅក្នុង​ប្រទេស​។

លោក ប៉ិច ពិសី នាយក​កម្មវិធី​ជាន់ខ្ពស់​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ថ្លែងថា ខណៈ​ចំណូល​ថវិកាជាតិ​មានការ​កើនឡើង​ខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជាពិសេស​តាមរយៈ​ការប្រមូល​ពន្ធ​ដែល​មើល​ពី​ជ្រុង​ម្ខាង​ដែល​មាន​សារៈសំខាន់​ត្រង់​ថា រាជរដ្ឋាភិបាល​បង្ហាញ​នូវ​តម្លាភាព និង​គណនេយ្យភាព ចំពោះ​ប្រជាពលរដ្ឋ​នៅក្នុង​ការ​គ្រប់គ្រង​ចំណូល​ថវិកាជាតិ​។

លោក​បន្តថា​៖ «​ការយល់ដឹង និង​ការចូលរួម​របស់​សាធារណជន​ព្រមទាំង​ការពិភាក្សា​ទៅលើ​ចំណូល​ថវិកាជាតិ​គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ក្នុង​ការជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កាន់តែ​មាន​តម្លាភាព​គណនេយ្យភាព និង​ការគ្រប់គ្រង​ចំណូល​ថវិកាជាតិ​កាន់តែ​មាន​ប្រសិទ្ធភាព​»​។

ប៉ុន្តែ​ទោះយ៉ាងណា​ចំណេះដឹង​ និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​យុវជន​ជុំវិញ​បញ្ហា​នេះ​នៅ​មាន​កម្រិត​នៅឡើយ​។ នេះ​បើតាម លោក អ៊ឹម នរិន្ទ មន្ត្រី​សម្របសម្រួល​កម្មវិធី​ស្រាវជ្រាវ តស៊ូ​មតិ និង​ប្រមូល​មូលនិធិ​សាធារណៈ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​។

លោក​ នរិន្ទ​ បន្តថា ពលរដ្ឋ​នៅមាន​ផ្នត់គំនិត​ក្នុង​ការមិន​ខ្វល់ខ្វាយ​ដោយ​គិតថា វា​ជា​ភារកិច្ច​របស់​រដ្ឋាភិបាល ហើយ​ព័ត៌មាន​មួយចំនួន​ជុំវិញ​បញ្ហា​ការប្រើប្រាស់​ថវិកា​ជាតិ​ក៏​មាន​ការលាក់បាំង​។ ម្យ៉ាងទៀត​ដោយសារ​តែ​បញ្ហា​ទាំងនេះ​មាន​ភាពស្មុគស្មាញ​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ពិបាក​ស្វែងយល់ ដែល​វា​ជា​កត្តា​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ហាក់​មិន​អើពើ​។

លោក​បញ្ជាក់ថា​៖ «​យើង​ចង់​ឲ្យ​យុវជន​គាត់​ជា​អ្នក​ចាប់ផ្តើម​មុនគេ​ក្នុង​ការបំផុស​ចលនា​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការចាប់​អារម្មណ៍​ស្វែងយល់​ និង​ចូលរួម​នៅក្នុង​ការដឹងឮ​ទាក់ទង​ទៅនឹង​ការប្រើប្រាស់​ថវិកា​ទាំង​ចំណូល​ និង​ចំណាយ​។ ដូច​យើង​ដឹងថា ការចំណាយ​ថវិកា​គឺ​ជះឥទ្ធិពល​ទៅលើ​ជីវភាព​របស់គាត់​និង​ជះឥទ្ធិពល​ទៅ​ការអភិវឌ្ឍ​របស់​ប្រទេស​។ ​អ៊ីចឹង​បើ​គាត់​មិន​ចូលរួម​ដឹងឮ​ទេនោះ​គាត់​មិន​បាន​ដឹងថា គេ​ប្រើប្រាស់​ថវិកា​ទាំងនោះ ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​របស់​ពួកគាត់​ឬ​អត់​?»​។

យុវជន ថាវ សុងហួរ និស្សិត​ឆ្នាំ​ទី ៣ នៃ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ ដែល​ជា​ក្រុម​ជាប់​ចំណាត់ថ្នាក់​លេខ ១ ក្នុង​ការប្រកួតប្រជែង​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បញ្ហា​ចំណូល​ និង​ចំណាយ​របស់​ជាតិ​គឺជា​កាតព្វកិច្ច​មួយ​ដែល​ប្រជាពលរដ្ឋ​ទូទៅ​ត្រូវតែ​ដឹង ជាពិសេស​គឺ​ការប្រមូល​ពន្ធ​គ្រប់​ប្រភេទ​របស់​រដ្ឋ​និង​ការចំណាយ​។

សុង​ហួរ​ ទទួលស្គាល់​ថា ការចូលរួម​ស្វែងយល់​ម្នាក់​បន្តិចៗ​របស់​ពលរដ្ឋ​នឹង​ចូលរួម​ជួយ​ជាតិ​បាន​ច្រើន​តាមរយៈ​ការឃ្លាំមើល​ការចាយវាយ​ថវិកាជាតិ​ឲ្យ​បាន​ចំ​គោលដៅ និង​មាន​តម្លាភាព​។ «​ការចូលរួម​ជជែក​ដេញដោល​នេះ​ខ្ញុំ​បាន​រៀនសូត្រ​បាន​ច្រើន​ហើយ​ថា តើ​គេ​ប្រើប្រាស់​ពន្ធ គេ​បង់ពន្ធ​គេ​ប្រមូល​ពន្ធ​យ៉ាងម៉េច​ដើម្បី​បាន​ក្លាយជា​ចំណូល​ជាតិ​ហើយ​ចាយ​យ៉ាងម៉េច​? ដែល​អ្វី​ទាំងនេះ យើង​គួរតែ​ដឹង​»​។

លោក ប្រាក់ វណ្ណដេត មន្ត្រី​នៃ​នាយកដ្ឋាន​ថវិកា​នីយកម្ម​នៃ​អគ្គនាយកដ្ឋាន​ថវិកា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថ្លែង​ក្នុង​កម្មវិធី​នោះដែរ​ថា វា​ជាការ​ប្រសើរ​ដែល​មាន​ការបង្កើត​ការជជែក​ដេញដោល​ពី​បញ្ហា​ថវិកាជាតិ ដើម្បី​ឲ្យ​យុវជន​បានដឹង ស្របពេល​ការប្រកួតប្រជែង​នេះ​បាន​ពាំនាំ​ឲ្យ​យុវជន​ជាច្រើន​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​។

លោក​ថា​៖ «​បើសិន​ជា​ប្រជាជន​មាន​ការយល់ដឹង​ច្រើន ពី​ការប្រើប្រាស់​ថវិកាជាតិ​នេះ​គាត់​អាច​សំណូមពរ​ថា​តើ​ចំណូល​របស់​ជាតិ​ហ្នឹង យក​ទៅ​ប្រើប្រាស់​នៅ​កន្លែង​ណា​? ឬ​នៅពេល​ដែល​គោលនយោបាយ​របស់​ជាតិ​ដាក់​ចេញ​មក​តើ​សមស្រប មិន​សមស្រប គាត់​អាច​ផ្តល់​មតិយោបល់​»៕