បាត់ដំបងៈ ​ក្រុមយុវជន​ទំនើង​ ៤ ​នាក់​ ដែល​ប្រើ​កាំភ្លើង​កែច្នៃ​ចំនួន​ ៧ ​ដើម​ ត្រូវបាន​តុលាការខេត្ត​បាត់ដំបង សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កាលពី​ថ្ងៃទី​ ២៧ ​ខែ​មីនា បន្ទាប់ពី​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​នៅ​ភូមិ​អូរតាញា ឃុំ​តាគ្រាម ស្រុក​បាណន់​។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ឱ្យ​ដឹងពី​ម្សិលមិញ​ថា ជនសង្ស័យ​ដែល​សុទ្ធតែ​ភេទ​ប្រុស ទី​១- ​ឈ្មោះ សាន រក្សា ហៅ​ប្រុស អាយុ​ ២៦ ​ឆ្នាំ ទី​២- ​ឡឹង លេង អាយុ​ ៣០ ​ឆ្នាំ​, ទី​៣- ឈឿង សុភ័ក្ត្រ អាយុ​ ២៦ ​ឆ្នាំ និង នៅ ណា ហៅ​ ជ្រូក អាយុ​ ២៥ ​ឆ្នាំ​។ ពួកគេ​មាន​លំនៅ​ក្នុងភូមិ​តាង៉ែន ឃុំ​តាគ្រាម ស្រុក​បាណន់ ។

លោក ឈឿង គឹមសុង ថ្លែងថា​៖ «​លោក​ចៅក្រម​ស៊ើបសួរ គឹម ហេង បានចេញ​ដីកា​ឃុំ​ពួកគេ​។ ក្នុង​ដីកា​នោះ​ចោទប្រកាន់​ពី​បទ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​តាម​មាត្រា​ ៤៩០ ​នៃ​ក្រមព្រហ្មទណ្ឌ​»​។ យោង​មាត្រា ៤៩០ ​នេះ ប្រសិនបើ​តុលាការ​រកឃើញ​ថា ជន​ទាំង​ ៤ ​នាក់​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន​នោះ​នឹង​ត្រូវ​ផ្ត្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៦ ​ខែ ទៅ​ ៣ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១ ​លាន​ទៅ ៦ ​លាន​រៀល​។

លោក តាន់ វ៉ាន់នី អធិការ​នគរបាល​ស្រុក​បាណន់​ថ្លែង​ពី​ម្សិលមិញ​តាម​សម្តី​ប្រជាពលរដ្ឋ​ថា ក្រុម​ជនសង្ស័យ​ទាំង ៤ ​នាក់​តែងតែ​កាន់​កាំភ្លើង​សម្ញែង​ដើរ​ក្នុង​ភូមិ​ហាក់​មិន​ក្រែង​ញញើត​អ្វី​ឡើយ ខណៈ​អាជ្ញាធរ​ភូមិ-ឃុំ​តែង​ផ្សព្វផ្សាយ​អប់រំ​ពលរដ្ឋ​អំពី​គោលនយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​។

មិនតែ​ប៉ុណ្ណោះ​ជន​ទាំង​ ៤ ​នាក់​ មិន​ត្រឹមតែ​បង្ក​ភាពអនាធិបតេយ្យ​នៅក្នុង​ភូមិ-ឃុំ​ប៉ុណ្ណោះ​ទេ​តែ​ថែមទាំង​នាំគ្នា​ចូល​បាញ់​សត្វ​នៅក្នុង​ព្រៃ​សហគមន៍​ក្នុងស្រុក​បាណន់ ដែលជា​ព្រៃ​ហាមឃាត់​ទៀតផង​។

លោក​ថា​៖ «​ពួកគាត់​បាញ់​សត្វ​របៀប​ជា​ក្រុម​អនាធិបតេយ្យ ហើយ​ពួកគាត់​បាញ់​សត្វ​នៅ​ព្រៃ​សហគមន៍​ជា​ព្រៃ​គេ​ហាមឃាត់​ទៀត​។ នៅក្នុង​ស្រុក​បាណន់​មាន​ ២ ​ទៅ​ ៣ ​ព្រៃ​សហគមន៍ និង​មានឈ្មោះ​ហៅ​ផ្សេងៗ​គ្នា​។ ព្រៃសហគមន៍​នោះ គឺ​ខាង​មន្ទីរ​បរិស្ថាន​គេ​ការពារ​ថែរក្សា​»​។

លោក វ៉ាន់នី ​បញ្ជាក់ប្រាប់​តាម​សម្តី​ពលរដ្ឋ​ថា យុវជន​ទំនើង​ទាំង​ ៤ ​នាក់​នេះ សុទ្ធតែ​ជា​ក្រុម​បោះបង់​ការសិក្សា​ហើយ​តែងតែ​ដើរ​បង្កចលាចល​ក្នុងស្រុក​ក្នុង​ភូមិ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច​។ ចំពោះ​កាំភ្លើង​ដែល​ពួកគេ​កែច្នៃ​ចំនួន​ ៧ ​ដើម​ប្រើ​គ្រាប់​កាំកង់​ (​គ្រាប់​ដែក​បាដាង​) ​ហើយ​ថ្វីដ្បិតតែ​កាំភ្លើង​នេះ​មិន​បាញ់​គ្រាប់កាំភ្លើង​ពិត​ក្តី តែបើ​បាញ់​មនុស្ស​ចំ​កន្លែង​សំខាន់ គឺ​អាចមាន​គ្រោះថ្នាក់​ដល់​ជីវិត​បាន ព្រោះ​វា​មាន​កម្លាំង​ខ្យល់​ខ្លាំង​។

ពាក់ព័ន្ធ​នឹង​ក្មេងៗ​ប្រើ​កាំភ្លើង​កែច្នៃ​នេះ មិនមែន​មាន​តែ​ក្នុង​ស្រុក​បាណន់​តែមួយ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាននៅ​ក្រុង​បាត់ដំបង​ផងដែរ ដែល​ក្មេង​ទំនើង​កាន់​កាំភ្លើង​កែច្នៃ​ដើរ​សម្ញែងរ​ក្នុងភូមិ​ចំការ​សំរោង​រាល់ថ្ងៃ ហើយ​មិនទាន់មាន​សមត្ថកិច្ច​ណា​ឃាត់ខ្លួន​ទេ​។

បើតាម​មន្ត្រីនគរបាល ១ ​រូប​ដែល​រស់នៅ​ក្នុងភូមិ​ចំការ​សំរោង​ ១ ឃុំ​ចំការ​សំរោង​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ ដោយ​សុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះថា ក្រុម​ក្មេង​ទំនើង​កំពុង​តែ​បង្ក​ការភ័យខ្លាច​ដល់​អ្នកភូមិ​ព្រោះតែ​ពួកគេ​ប្រើប្រាស់​កាំភ្លើង​កែច្នៃ​នេះ​។ មន្ត្រីនគរបាល​រូបនេះ​ថ្លែងថា​៖ «​ពួកក្មេង​ប្រើ​កាំភ្លើង​កែច្នៃ​នេះ ខ្ញុំ​បាន​រាយការណ៍​ទៅ​ប៉ុស្តិ៍​ឃុំ​ចំការ​សំរោង​ដែរ​តែ​មិនទាន់​ឃើញ​កម្លាំង​ចុះមក​។ ក្រុម​គេ​ដើរ​កាន់​កាំភ្លើង​សម្ញែង​រាល់ថ្ងៃ​ហ្នឹង​។ បើ​ឃើញ​ពួកវា​ហើយ​ប្រជាពលរដ្ឋ​យើង​ភ័យ​ដែរ​ហ្នឹង​»៕