ស្ទឹងត្រែងៈ ​ក្មេង​ទំនើង​ ៧០ ​នាក់​ ត្រូវបាន​ដោះលែង​វិញ​ហើយ​កាលពី​ម្សិលមិញ បន្ទាប់ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ និង​នគរបាល​ក្រុង​ស្ទឹងត្រែង ឃាត់ខ្លួន​​កាលពី​យប់​ថ្ងៃទី​ ២២ ធ្នូ រឿង​ប្រើ​ម៉ូតូ​ចំនួន​ ៤០ ​គ្រឿង​ដែល​មាន​ភ្លើង​ឡាស៊ែរ និង​កាត់ត​បំពង់​ស៊ីម៉ាំង​ឲ្យ​សំឡេង​រំខាន​អ្នកដទៃ​។

លោក សាយ កុសល អភិបាល និង​ជា​គណៈបញ្ជាការ​ឯកភាព​ក្រុង​ស្ទឹងត្រែង បាន​ប្រាប់​ពី​ម្សិលមិញ​ថា ក្រុមយុវជន​ទំនើង​ទាំងនោះ​ត្រូវបាន​ដោះលែង​វិញ បន្ទាប់ពី​ហៅ​អាណាព្យាបាល​របស់​ពួកគេ​មក​ណែនាំ និង​អប់រំ​ដល់​ក្រុមយុវជន​ទាំងនោះ​។ ​ប៉ុន្តែ​ក្នុង​ចំណោម​ ៧០ ​នាក់​នោះ​មាន​ ៧ ​នាក់​ផ្ទុក​សារធាតុ​ញៀន បន្ទាប់ពី​សមត្ថកិច្ច​បាន​ពិនិត្យ​ទឹកនោម​​តែ​មិន​ធ្ងន់ធ្ងរ​អី​ទេ​។ ​ដូច្នេះ​ពួកគេ​ត្រូវ​ចាប់​កោរសក់ មុនពេល​ហៅ​អាណាព្យាបាល​មក​ធានា​។

លោក​បន្តថា ក្រុមយុវជន​ទំនើង​របៀបនេះ​មិន​សូវ​មាន​នៅ​ក្រុង​ស្ទឹងត្រែង​ទេ ប៉ុន្តែ​ច្រើន​មកពី​តាម​ស្រុក​ជាយក្រុង​ស្ទឹងត្រែង​។

ភាគច្រើន​នៃ​ពួកគេ​គឺ​ចូលក្នុង​ក្រុង​ចាប់ពី​ម៉ោង​ ៩ ​យប់​ដល់​ម៉ោង​ ២ ​ទៅ​ម៉ោង​ ៣ ​ទៀបភ្លឺ ទើប​ចេញ​​ទៅវិញ​។

លោក​ថ្លែងថា​៖ «​ម៉ូតូ​ពួកគេ​មាន​ចម្រុះ មានប្រើ​ភ្លើង​ឡាស៊ែរ មាន​ត​បំពង់​ស៊ីម៉ាំង និង​ម៉ូតូ​ខ្លះ​អូស​កាង​តាម​ថ្នល់​គឺ​មាន​សព្វគ្រប់​។

បើ​យើង​មាន​កម្លាំង​តែ​ ៥ ​ទៅ​ ១០ ​នាក់​ គឺ​ធ្វើ​មិន​បែក​ទេ ព្រោះ​ពួកនេះ​មាន​ដាវ​សាមូរ៉ៃ​ផង​»​។

ប៉ុន្តែ​លោក សាយ កុសល ប្រាប់ថា មាន​ម៉ូតូ​ ៨ ​គ្រឿង​ត្រូវបាន​អនុញ្ញាត​ឲ្យ​យក​ត្រឡប់​ទៅវិញ ដោយសារ​មាន​ឯកសារ​គ្រប់គ្រាន់​។

លោក​បន្តថា​៖ «​បើ​ម៉ូតូ​គ្មាន​ពន្ធ​គ្មានអ្វី​សម្គាល់​ត្រឹមត្រូវ គឺ​នៅ​ថ្ងៃក្រោយ​ពេល​មាន​អំពើ​ចោរកម្ម ​ឬ​ឃាតកម្ម​ផ្សេងៗ​យើង​ពិបាក​ស្រាវជ្រាវ​ណាស់​»​។

ដោយឡែក​លោក ស៊ឹម គួន ​ប្រធាន​មន្ទីរ​ស្តីទី​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​ប្រាប់​ពី​ម្សិលមិញ​ដែរ​ថា​ក្រុមយុវជន​ទំនើង​នេះ ក្រោយពី​​ធ្វើការ​អប់រំ​ណែនាំ​ពួកគេ​មក​គឺ​សមត្ថកិច្ច​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ហើយ​៕