ភ្នំពេញៈ ទោះបី​ជា​មាន​ការរីករាលដាល​ឆ្លង​មេរោគ​កូវីដ ១៩​ ក្នុង​សហគមន៍ ដែល​បណ្ដាល​ឱ្យ​យុវជន​បរិស្ថាន​ក្រៀល​កម្ពុជា មិន​អាច​ចុះ​អនុវត្ត​សកម្មភាព​ផ្ទាល់​ក្នុង​ការប្រមូល​សំរាម​តាម​ទីតាំង​នានា​ក្នុង​ទីក្រុង​ភ្នំពេញ និង​ខេត្ត​គោលដៅ​សំខាន់​ចំនួន​ ៤ ​ទៀត​បាន​ក៏ពិតមែន តែ​គម្រោង​រក្សា​បរិស្ថាន​ស្អាត​នៅតែ​បន្ត​ធ្វើ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្មារតី​ឱ្យ​យុវជន​ស្រឡាញ់​បរិស្ថាន និង​រួមចំណែក​បណ្ដុះ​ស្មារតី​បរិស្ថាន​នេះ​ចូលក្នុង​សង្គម​ដដែល​។

រៀងរាល់ថ្ងៃ​អាទិត្យ​ក្នុង​ដើមខែ​នីមួយៗ យុវជន​បរិស្ថាន​ក្រៀល​កម្ពុជា​តែងតែ​រៀបចំ​អនុវត្ត​គម្រោង​ដែលមាន​ឈ្មោះថា​ «​រក្សា​បរិស្ថាន​ស្អាត​» ​ក្នុង​ ៥ ​រាជធានី​-​ខេត្ត ដោយមាន​ការចូលរួម​ពី​សំណាក់​យុវជន​ជាច្រើន​រយ​នាក់ តែ​ខណៈ​មាន​ការរាតត្បាត​ជំងឺ​កូវីដ ​១៩ ក្នុង​សហគមន៍​ខ្លាំង​ក្នុង​ខែមីនា​នេះ គម្រោង​ក៏ត្រូវ​បាន​ប្ដូរ​មក​ជា​យុទ្ធនាការ​តាម​ប្រព័ន្ធ​អនឡាញ​ជំនួស​វិញ​។

លោក ហួ ឆៃងន់ ស្ថាបនិក​ក្រៀល​កម្ពុជា និង​ជា​ប្រធាន​គម្រោង «​រក្សា​បរិស្ថាន​ស្អាត​» បាន​ថ្លែងឱ្យដឹងថា គម្រោង​នេះ​ជាធម្មតា​យុវជន​ត្រូវ​ប្រមូល​ផ្ដុំគ្នា​ដើរ​រើស​សំរាម និង​ធ្វើការ​ផ្សព្វផ្សាយ​ជា​សារ​ទៅកាន់​ប្រជាពលរដ្ឋ​ស្របពេល​ជាមួយ​គ្នា ប៉ុន្តែ​ពេលនេះ​ដើម្បី​អនុវត្ត​វិធានការ​រក្សា​គម្លាត​សង្គម និង​បង្ការ​ការឆ្លង​មេរោគ យុវជន​មិនអាច​ចុះ​អនុវត្ត​ដោយផ្ទាល់​បានទេ​។

លោក​ថ្លែងថា​៖ «​កម្មវិធី​ដែល​យើង​បាន​ធ្វើ​តាមរយៈ​ការអនុវត្ត​កម្មវិធី​ក្នុង​ទម្រង់​បរិស្ថាន​អនឡាញ​ក្នុង​បរិបទ​កូវីដ​ ១៩​ នេះ យុវជន​ស្ម័គ្រចិត្ត​បរិស្ថាន​ត្រូវ​ចូលរួម​ធ្វើការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​សង្គម​នានា​ដោយ​លេង​ជា​កម្មវិធី​ Challenge សប្បាយៗ​ដូចជា បង្ហោះ​សារ​បរិស្ថាន និង​ប្ដូរ​ប្រូហ្វាល​ FaceBook ​ផ្ទាល់ខ្លួន​ទាំងអស់​គ្នា និង​មាន​ការថត​វីដេអូ​អប់រំ ឬ​វីដេអូ​អំពី​ការសម្អាត​បរិស្ថាន​រៀងៗ​ខ្លួន​នៅ​ទីតាំង​ណាមួយ​ក្នុង​សហគមន៍​ជាដើម​»​។

លោក​បាន​បន្តថា ទោះបី​ជា​មិន​អាច​ចុះ​អនុវត្ត​សកម្មភាព​ផ្ទាល់​ក៏ពិតមែន យុវជន​ក្រៀល​កម្ពុជា​កសាង​ស្មារតី​ស្រឡាញ់​បរិស្ថាន​ក្នុង​នាម​ជា​ធនធាន​ដែល​រួបរួម​កម្លាំង​ដោះស្រាយ​បញ្ហា​ក្នុង​សង្គម​ជាមួយ​គ្នា ហើយ​នៅតែ​បន្ត​អនុវត្ត​សកម្មភាព​គម្រោង​ដូច​ការគ្រោងទុក​។

លោក​ថ្លែងថា​៖ «​យើង​នៅតែ​បន្ត​លើក​ទឹកចិត្ត​ចង់ឱ្យ​យុវជន​បន្ត​គិតគូរ​ពី​រឿង​បរិស្ថាន ហើយ​យើង​ក៏​គម្រោង​ថា​នឹង​ចុះ​អនុវត្ត​ផ្ទាល់​ដូច​មុន​វិញ​នៅ​ដើមខែ​ក្រោយនេះ ប៉ុន្តែ​ស្ថានភាព​មាន​ការប្រែប្រួល​យ៉ាងណា​នោះ យើង​នឹង​ចាំមើល​ទាំងអស់​គ្នា​»​។

លោក​ថា យុវជន​ដែល​បាន​ចុះឈ្មោះ​ក្នុង​ការចូលរួម​សម្អាត​បរិស្ថាន​តាម​អនឡាញ​នេះ​មាន​ចំនួន ៣៦៥ ​នាក់​។

គួរបញ្ជាក់​ផងដែរ​ថា គម្រោង​រក្សា​បរិស្ថាន​ស្អាត​បង្កើត​ឡើង​ដើម្បី​ក្រើនរំឭក​យុវជន និង​ប្រជាពលរដ្ឋ​ពី​បញ្ហា​បរិស្ថាន ការទុកដាក់​សំរាម​ឱ្យបាន​ល្អ​ និង​បញ្ជ្រាប​ការយល់ដឹង​ពី​បរិស្ថាន​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទៅ​ដល់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​បន្ថែម​។

ដោយមាន​ការគាំទ្រ​ពី​ក្រសួង​បរិស្ថាន ក្រសួង​ទេសចរណ៍ និង​សាលា​រាជធានី​ភ្នំពេញ​គម្រោង​រក្សា​បរិស្ថាន​ស្អាត​នេះ​បាន​អនុវត្ត​នៅក្នុង​ ៥ ​រាជធានី-ខេត្ត​រួមមាន រាជធានី​ភ្នំពេញ ខេត្តកំពត ខេត្ត​កែប ខេត្តសៀមរាប និង​ខេត្តបាត់ដំបង នៅ​រៀងរាល់​ថ្ងៃ​អាទិត្យ​នៃ​ដើមខែ​នីមួយៗ​ចាប់ពី​ខែ​កុម្ភៈ​នឹង​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ​ ២០២១​។

លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បានឱ្យ​ដឹងថា ក្រសួង​ឯកភាព​ជាមួយ​នឹង​ក្រុមយុវជន​ក្រៀល​កម្ពុជា មិន​ធ្វើ​សកម្មភាព​ចុះ​ផ្ទាល់​ដោយសារ​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​មិនឱ្យ​មាន​ការជួបជុំ​ក្នុង​ទ្រង់ទ្រាយ​ធំ​ទេ ដែល​ជា​ហេតុ​ក្រសួង​បាន​ផ្តល់យោបល់​ឱ្យ​ធ្វើការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អនឡាញ​វិញ​។ «​យើង​គ្រប់គ្រង​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​ការផ្សារភ្ជាប់​ទៅនឹង​ការបង្ការ​ខ្លួន ទប់ស្កាត់​មិន​ឱ្យ​មាន​ការឆ្លង​កូវីដ​ ១៩​ ទាំង​ខ្លួន​យើង​ និង​សហគមន៍​»៕