ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​បានប្រកាស​សាលក្រម​នៅ​ចំពោះមុខ​យុវជន​ជាប់ចោទ​ម្នាក់​ឲ្យ​ជាប់ពន្ធនាគារ ៥ ​ឆ្នាំ​​ ពាក់ព័ន្ធ​បទ​រួមភេទ​ជាមួយ​មិត្តស្រី​ដែល​ជា​សិស្សសាលា​ដូចគ្នា​កាលពី​អំឡុង​ឆ្នាំ​ ២០១៨ បន្ទាប់ពី​បាន​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ១៦ ខែធ្នូ បើទោះបី​ជនជាប់ចោទ​និយាយថា ពួកគេ​បាន​ស្រឡាញ់​គ្នា​ដោយ​ចិត្ត​ និង​ចិត្ត​ក្តី​។

នៅក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ​លោក​ចៅក្រម គី ឫទ្ធី បាន​អាន​សាលក្រម​នៅ​ចំពោះមុខ​យុវជន​ជាប់ចោទ និង​កំបាំងមុខ​ដើមបណ្តឹង​ថា សំណុំរឿង​ដែល​មាន​ជនជាប់ចោទ​ឈ្មោះ កែវ ម៉ានិត ហៅ​ ម៉ៅ អាយុ​ ១៩ ​ឆ្នាំ​​ គឺ​ក្រោយពី​បាន​ពិភាក្សា​ដេញដោល និង​ក្រោយពី​បាន​ស្តាប់​ការសន្និដ្ឋាន​របស់​មេធាវី ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ និង​ការសន្និដ្ឋាន​របស់​តំណាង​អយ្យការ​មក ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​សម្រេច​ឲ្យ​ជនជាប់ចោទ​ឈ្មោះ កែវ ម៉ានិត រូបនេះ​ជាប់​ពន្ធនាគារ ៥ ឆ្នាំ និង​សង​សំណង​ជំងឺចិត្ត​ទៅ​នារី​រងគ្រោះ​ ៥ ​លាន​រៀល​។

លោក​ចៅក្រម​ថា​៖ «​រឿងនេះ​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​ទុក​សិទ្ធិ​ដល់​ជនជាប់ចោទ​ឲ្យ​ប្តឹង​ទាស់​បន្តទៀត​ទៅ​សាលាឧទ្ធរណ៍ ប្រសិន​បើ​ជនជាប់ចោទ​មិន​សុខ​ចិត្ត​នឹង​សាលក្រម​នេះ​»​។

បន្ទាប់ពី​ប្រកាស​សាលក្រម​លោក សឹង ពន្លក មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់ចោទ​ថ្លែងថា ករណី​កូនក្តី​លោក​ត្រូវបាន​ចោទប្រកាន់​ ២ ​បទល្មើស​ដែល​ទី​ ១ ​គឺ​បទ​រួមភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ ១៥ ​ឆ្នាំ និង​ ១ ​បទល្មើស​ទៀត​គឺ​បទ​នាំយក​អនីតិជន​ចេញ​ដោយ​មិន​ស្របច្បាប់​តាម​បញ្ញត្តិ​មាត្រា ៩ និង​មាត្រា ៤២ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​។

លោក​បន្តថា​ ការផ្តន្ទាទោស​កូនក្តី​របស់​លោក​ដាក់​ពន្ធនាគារ​ ៥ ​ឆ្នាំ​នោះ​គឺជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​។ «​ទោះ​យ៉ាងណា ខ្ញុំ​នឹង​ជួប​​ជាមួយ​កូនក្តី​របស់​ខ្ញុំ និង​ក្រុមគ្រួសារ​ជនជាប់ចោទ​ទៀត​ថា តើ​ត្រូវ​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍ ឬ​យ៉ាងណា​»​។

គួរ​បញ្ជាក់ថា​កាលពី​ថ្ងៃ​បើក​សវនាការ​ជនជាប់ចោទ ម៉ានិត ដែល​ធ្លាប់ជា​មនុស្ស​ញៀន​គ្រឿងញៀន​និយាយ​ប្រាប់​ចៅក្រម​ថា គាត់​ស្រឡាញ់​នារី​រងគ្រោះ​ឈ្មោះ ឌ.ឆ.ល អាយុ ១៥ ឆ្នាំ​ជា​សិស្សសាលា មាន​ផ្ទះ​នៅក្បែរ​គ្នា​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ ៣​។ ​នៅ​អំឡុង​ឆ្នាំ​ ២០១៨ គាត់​លេង​ឆាត​តាម​ទូរស័ព្ទ បន្ទាប់មក​ពួកគេ​បាន​ស្រឡាញ់​គ្នា​ដោយ​ចិត្ត និង​ចិត្ត ហើយ​គាត់​តែងតែ​លួច​ឡើងផ្ទះ​របស់​នាង​នៅពេល​យប់ និង​បាន​រួមភេទ​ជាមួយ​គ្នា​ជា​ញឹកញាប់​។

ជនជាប់ចោទ​បន្ត​ថា​ទំនាក់ទំនង​ស្នេហា​រវាង​ពួកគេ​នេះ​បាន​ធ្វើឲ្យ​ឪពុកម្តាយ​ទាំង​សងខាង​ដឹង​ហើយ​គាត់​ក៏បាន​ឲ្យ​ឪពុកម្តាយ​ចូល​ស្តីដណ្តឹង​ក្មេងស្រី​រងគ្រោះ ប៉ុន្តែ​ឪពុក-ម្តាយ​ក្មេងស្រី​រងគ្រោះ​ប្រកែក​មិន​ព្រម​ព្រោះ​យល់ថា គាត់​ជា​មនុស្ស​ប្រើប្រាស់​ថ្នាំញៀន​។ ទីបំផុត​ពួកគេ​បាន​ពង្រត់គ្នា​ទៅ​រស់នៅ​ខេត្តតាកែវ ហើយ​មាន​កូន​ជាមួយ​គ្នា ប៉ុន្តែ​កូន​នោះ​រលូត​។

ជនជាប់ចោទ​ថា​ចាប់តាំងពី​ទៅ​រស់នៅ​ឯ​ខេត្តតាកែវ​មក​គឺ​ពួកគាត់​មិនដែល​ផ្តល់​ដំណឹង​ឲ្យ​ម្តាយ​ឪពុក​បាន​ដឹង​ពី​កន្លែង​រស់នៅ​ទេ ប៉ុន្តែ​ក្រោយមក​ដោយសារ​សា្ថនភាព​រស់នៅ​មាន​ការលំបាក​ទើប​គាត់​ទូរស័ព្ទ​សុំ​លុយ​ម្តាយ ហើយ​ម្តាយ​ក៏​នាំ​ពួកគាត់​មក​ផ្ទះ​វិញ​បាន​ ៣ ​ថ្ងៃ​ក៏ត្រូវ​ឪពុកម្តាយ​ខាង​ស្រី​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃ​ ១០ ​កក្កដា​ ឆ្នាំ ២០១៩៕