កំពង់ធំៈ យុវជន​ម្នាក់​បាន​ស្លាប់​ និង ៤ នាក់​ផ្សេងទៀត រងរបួស​ធ្ងន់ និង​ស្រាល​នៅក្នុង​គ្រោះថ្នាក់​ស្ទូច​ផ្ទះ​ឈើ​ប្រក់​ក្បឿង លើកឡើង​ឱ្យ​ខ្ពស់ ប៉ុន្តែ​នៅ​ខណៈ​កំពុង​ស្ទូច​នោះ វា​បែរជា​ស្រុតដី​ធ្វើឱ្យ​រលំ​ផ្ទះ​សង្កត់​លើ​កម្មករ​ទាំងនោះ។ ហេតុការណ៍​នេះ​បានកើតឡើង​នៅ​ភូមិ ជីយោគ ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង នៅ​ព្រឹក​ថ្ងៃទី ១១ ឧសភា​នេះ។

លោក វរសេនីយ៍ឯក យ៉ង សំ អធិការនគរបាល​ស្រុក​ស្ទោង ប្រាប់​នៅ​ល្ងាច​ថ្ងៃទី ១១ ឧសភា​នេះ​ថា ជនរងគ្រោះ​ស្លាប់​ឈ្មោះ ហ៊ា សុហ៊ុន ភេទ​ប្រុស អាយុ ១៨ ឆ្នាំ រស់នៅ​ភូមិ ជី​មាស ឃុំ​ម្សាក្រង ស្រុក ស្ទោង។

ចំណែក​អ្នករងរបួស​មាន​ឈ្មោះ ពិន ខុម ភេទ ប្រុស អាយុ ៥២ ឆ្នាំ របួសធ្ងន់​រស់នៅ​ភូមិ​ស៊ីវុត្ថា ឃុំ​ប្រាសាទ ស្រុក សន្ទុក។ ញឹក យ៉ាន់ ភេទ ប្រុស អាយុ ៤៦ ឆ្នាំ រស់នៅ​ភូមិ​ម្សាក្រង ត្បូង ឃុំ​ម្សាក្រង ស្រុក ស្ទោង និង បុរស ២ នាក់​ទៀត​រងរបួស​ស្រាល។

លោក​ថ្លែងថា៖ «ក្រុម​ជនរងគ្រោះ​ស្ទូច​ផ្ទះ​នោះ ឡើង​តែ​វា​ស្រុតដី​ទៅ​ក៏​រលំបាក់​សង្កត់​ទៅ»។

ម្ចាស់ផ្ទះ​បាន​ជួល​កម្មករ​បុរស​ប្រមាណ​ជា​ពី ៥ ទៅ ៧ នាក់ ដើម្បី​ឱ្យមក​ស្ទូច​ផ្ទះ​ដែល​សង់​ពី​សម័យមុន លើកឡើង​ឱ្យ​ខ្ពស់​ដើម្បី​ដាក់​សសរ។

ប៉ុន្តែ​នៅ​វេលា​ម៉ោង​ជាង ៨ ព្រឹក​ថ្ងៃទី ១១ ឧសភា ខណៈ​ក្រុម​ជនរងគ្រោះ​កំពុង​ដាក់​ជន្ទុល ដើម្បី​ស្ទូច​ផ្ទះ​ឡើង​ក៏​ស្រាប់តែ​ស្រុតដី​ហើយ​ក៏ទាញ​ដែក​ និង​ឈើជន្ទុល កាច់​រលំ​ផ្ទះ​សង្កាត់​លើ​ក្រុមកម្មករ​ទាំងនោះ​តែម្តង។

ក្រោយ​កើតហេតុភ្លាមៗ ទាំង​កម្លាំង​សមត្ថកិច្ច​ទាំង​ប្រជាពលរដ្ឋ បាន​ខំ​ស្ទុះស្ទា​ដើម្បី​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្ទោង។

ចំណែក​សាកសព​ជនរងគ្រោះ​គឺ​សមត្ថកិច្ច​បាន​ប្រគល់​ជូន​គ្រួសារ​សព​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី។

ចំពោះ​ការប្តឹង​ពី​សំណាក់​គ្រួសារ​ជនរងគ្រោះ​ដល់​ម្ចាស់ផ្ទះ​ឬ​យ៉ាងណា​នោះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ៕