សៀមរាបៈ នគរបាល​ខេត្តសៀមរាប​ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​កាលពី​រសៀល​ម្សិលមិញ បន្ទាប់ពី​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ៤ ខែឧសភា នៅ​ភូមិ-សង្កាត់​ស្វាយដង្គំ​ពាក់ព័ន្ធ​ករណី​ជួញដូរ​អាវុធខ្លី​ពី​ប្រទេស​ថៃ​។

លោក ហួត សុធី ស្នងការរង​ទទួល​បន្ទុក​ផែន​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ អ៊ុ ពេជ្ររស្មីឧត្តម ភេទ​ប្រុស អាយុ​ ២០ ​ឆ្នាំ​រស់នៅ​ភូមិ​ស្វាយដង្គំ ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​ជាប់​ពាក់ព័ន្ធ​អំពើ​ជួញដូរ​អាវុធ​។

លោក​បន្តថា មុន​មាន​ការចាប់ខ្លួន​យុវជន​ខាងលើ​គឺ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ដឹងថា ជនសង្ស័យ​បាន​លួច​ទិញ​អាវុធខ្លី​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​។ ក្រោយពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស៊ើបអង្កេត​ច្បាស់លាស់​ និង​កំណត់​គោលដៅ​បាន​ហើយ សមត្ថកិច្ច​បាន​សុំ​ការសម្របសម្រួល​ផ្នែក​ផ្លូវច្បាប់​ពី​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប ហើយ​បន្ទាប់ពី​មាន​ការអនុញ្ញាត​ពី​ព្រះរាជអាជ្ញា និង​ដោយ​មាន​ការបញ្ជា​ពី​លោកស្នងការ​ខេត្ត​សៀមរាប​ហើយ​នោះ លោក​បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​កាលពី​វេលា​ម៉ោង ៤ ​កន្លះ​រសៀល ថ្ងៃទី​ ៤ ខែ​ឧសភា នៅ​ចំណុច​ភូមិ​ស្វាយដង្គំ​។

សមត្ថកិច្ច​បាន​ចូល​ឆែកឆេរ​ក្នុងផ្ទះ​ជនសង្ស័យ​ដោយ​ឃាត់​ជនសង្ស័យ​រួម​នឹង​ដកហូត​វត្ថុតាង​រួមមាន ទី​ ១- ​កាំភ្លើង​ម៉ាក Glock19 ពណ៌​ខ្មៅ​ជា​ប្រភេទ​ប្រើ​ហ្គាស គ្រាប់ជ័រ គ្រាប់​ដែក​ (​គ្រាប់កង់​) ១ ​ដើម និង​បង់​ចំនួន​ ១​។ ទី​ ២- ​កាំភ្លើង​ម៉ាក Combat master ពណ៌​ខ្មៅ​ជា​ប្រភេទ​ប្រើ​ហ្គាស គ្រាប់ជ័រ គ្រាប់​ដែក​ ១ ​ដើម​រួមនឹង​បង់​ចំនួន​ ២​។ ទី​ ៣ កាំភ្លើង​ម៉ាក Combat master ពណ៌​ខ្មៅ​ជា​ប្រភេទ​ប្រើ​ហ្គាស គ្រាប់ជ័រ គ្រាប់​ដែក​ ១ ​ដើម​មាន​បង់​ ២ ​និង​សម្ភារ​មួយចំនួន​ទៀត​។

លោក​បញ្ជាក់ថា កាំភ្លើង​នោះ​អាច​បាញ់​បាន​ទាំង​គ្រាប់​ដែក និង​គ្រាប់ជ័រ ហើយ​បើ​បាញ់​គ្រាប់​ដែក​ត្រូវ​ភ្នែក​គឺ​នឹង​បែក​គ្រាប់ភ្នែក​ខ្ទេច​តែម្តង​៕