ព្រះវិហារៈ យុវជន​ម្នាក់​របួស​ក្បាល​ធ្ងន់​ត្រូវ​ប្រជាពលរដ្ឋ​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ជាំក្សាន្ត​ដោយសារ​បើក​អេស្កាវ៉ាទ័រ​កាយ​ដី​ធ្វើ​ប្រឡាយ​បង្ហូរទឹក​ហើយ​ប៉ះចំ​មីនតោន​ ១ ​គ្រាប់​ ផ្ទុះ​នៅក្នុង​ភូមិ​កំប្រាក់ ឃុំ​យាង ស្រុក​ជាំក្សាន្ត​កាលពី​ថ្ងៃទី​ ១៧ ខែ​ឧសភា​។

លោក​ ជុំ សាវីន នាយប៉ុស្តិ៍​​រដ្ឋបាល​ឃុំ​យាង ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិលមិញ​ថា យុវជន​រងគ្រោះ​ឈ្មោះ​ សុខ រដ្ឋា អាយុ​ ១៨ ​ឆ្នាំ​ ជា​កម្មករ​ស៊ីឈ្នួល​បើក​អេស្កាស្កាវ៉ាទ័រ​ឲ្យ​គេ​ប៉ុន្តែ​ជនរងគ្រោះ​មិន​រស់នៅ​អចិន្រៃ្តយ៍​ក្នុង​ភូមិ-ឃុំ​ខាងលើ​ទេ​គឺ​នៅ​ខេត្ត​បន្ទាយមានជ័យ​។ ជនរងគ្រោះ​កំពុង​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ជាំក្សាន្ត​នៅឡើយ​កាលពី​ម្សិលមិញ​។ លោក​បន្តថា​៖ «​គាត់​ត្រូវ​អំបែង​គ្រាប់​របួស​ត្រង់​ក្បាល​គួរសម​ដែរ តែ​មិន​ស្លាប់​ទេ​។ គាត់​កាយ​ដី​ប្រឡាយ​នោះ​ហើយ​ប៉ះចំ​មីន​ផ្ទុះ​ទៅ​»​។

លោក ជុំ សាវីន ឲ្យ​ដឹង​តាម​សម្តី​ជនរងគ្រោះ​ថា យុវជន​រូបនោះ​ជា​តៃកុង​បើក អេស្កាវ៉ាទ័រ​ហើយ​ត្រូវបាន​គេ​ជួល​គាត់​ឲ្យ​កាយ​ដី​ប្រឡាយ ដើម្បី​បង្ហូរទឹក​ធ្វើស្រែ​។ នៅវេលា​ម៉ោង ៦ ​ព្រឹក​ថ្ងៃទី​ ១៧ ខែ​ឧសភា​ គាត់​បាន​កាយ​ដី​ស្រាប់តែ​គាត់​បានឮ​សំឡេង​ផ្ទុះ​កក្រើក​គ្រឿងចក្រ​ដែល​គាត់​កំពុងបើក​កាយ​ដី​នោះ​។ តែ​ភ្លាមៗ​នោះ​គាត់​មិនដឹង​ថា​ត្រូវ​គ្រាប់​មីនតោន​ទេ​មួយសន្ទុះ​ក្រោយមក ទើប​ឃើញ​មាន​មនុស្ស​មក​ចោមរោម​នៅ​កន្លែង​កើតហេតុ​។

លោក​បន្តថា ចំណែក​គ្រឿងចក្រ​នោះ​ត្រូវ​រង​ការខូចខាត​ច្រើន​ដែរ​។ តំបន់​ដែល​ផ្ទុះ​នោះ ជា​តំបន់​អតីត​សមរភូមិ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​ប្រដាប់អាវុធ​អតីត​រដ្ឋ​កម្ពុជា​ជាមួយ​នឹង​កងទ័ព​ខ្មែរក្រហម​។ បើតាម​លោក ជុំ សាវីន ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ គិតពី​ឆ្នាំ ២០១៨ ដល់​ដើម​ឆ្នាំ ២០២០ ​នេះ​ករណី​ផ្ទុះ​មីនតោន​មានតែ​ ៣ ​ករណី​ប៉ុណ្ណោះ តែ​មិន​ស្លាប់​មនុស្ស​ទេ​។

លោក សំ សាមឿន ស្នងការរង​ខេត្តព្រះវិហារ​ទទួល​ផែន​អាវុធ​ជាតិ​ផ្ទុះ​ថ្លែង​ពី​ម្សិលមិញ​ដែរ​ថា នៅ​ទូទាំង​ខេត្តព្រះវិហារ​មិន​សូវ​មាន​ករណី​ផ្ទុះ​មីនតោន​កើតឡើង​ទេ ដោយសារ​តែ​អង្គភាព​កម្ចាត់មីន​ (​ស៊ីម៉ាក់​) ​បាន​ធ្វើការ​បោសសម្អាត​គ្រាប់មីន​ស្ទើរ​អស់​ហើយ​ដែរ​នៅ​តំបន់​ជាប់​ព្រំដែន​កម្ពុជា-ថៃ​។ «​បច្ចុប្បន្ន​មាន​អង្គភាព​ស៊ីម៉ាក់​មាន​មូលដ្ឋាន​នៅ​ជិត​ប្រាសាទព្រះវិហារ​។ ក្រៅពី​រាវរក​គ្រាប់​គឺ​ប្រជាពលរដ្ឋ​ពេល​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ហៅ​ខាង​ស៊ីម៉ាក់​ឲ្យ​ប្រមូល​ដែរ​»៕