សៀមរាបៈ យុវជន​ ១ ​រូប​ បាន​សម្រេច​លុប​បទ​ច​ម្រៀ​ង​រ៉េ​ប ​ដែល​រិះ​គន់​ពី​បញ្ហា​សង្គម​ចេញពីហ្វេ​ស​ប៊ុក​ និង​យូធូប (You​tube) និង​បាន​ប្រកាស​ឈប់​បន្ត​ច្រៀង​បទចម្រៀងនេះ​ទៀត​ ក្រោយ​ពីមាន​មន្ត្រីចុះ​ទៅ​ព្រមាន​ដល់​ផ្ទះ​ក្នុង​ខេត្ត​សៀម​រាប​បន្ទាប់​ពី​បទ​ច​ម្រៀ​ង​ចំណង​ជើង​​ថា ​«សង្គម​នេះ» ត្រូវបាន​ផ្សព្វផ្សាយ ជា​អ្វី​ដែល​សង្គម​ស៊ីវិល​ថា​ បើ​មាន​កា​រ​គំរា​ម​មែនគឺ​​បង្ហាញ​ពី​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ។

បន្ទាប់​បទ​ចម្រៀង​នេះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​លើ​បណ្តាញ​សង្គម​កាល​ពី​ដើម​ខែ​ឧសភា ​អាជ្ញា​ធរ​ខេត្ត​នេះ​បាន​ចុះ​ទៅសួរ​នាំនិ​ង​តាម​រក​យុវជន​រូបនេះ​ដល់​កន្លែង​ធ្វើ​ការ​ និង​ដល់​ផ្ទះចា​ប់តាំង​ពី​ថ្ងៃទី​ ១៣​ ខែ ឧសភា​ មក​ ដោយ​តម្រូវ​ឲ្យ​យុវជន​រូប​នេះ លុប​បទ​ចម្រៀង​នេះ​ចេញ​ និង​សន្យា​ឈប់​ចៀង​បទ​បែប​នេះ​ទៀត។

ប​ទច​ម្រៀ​ង​ក្រោម​ចំណង​ជើង​ថា​ «សង្គម​នេះ» ​ចៀង​ដោយ​លោក ឈុន ឌី​ម៉ី ឬ​ហៅ​ថា ឌី​ម៉ី ខេ​ម​បូ (DymeyCambo ឬ​ខ្មែរ​មួយ​ជីវិត) វ័យ ​២៤ ​ឆ្នាំ ជា​អនុ​ប្រធាន​ផ្នែក​អនា​ម័យ​នៅ​មន្ទីរ​ពេទ្យ​កុមារ​ រស់​នៅ​ក្នុង​ក្រុង​សៀម​រាប​ ខេត្ត​សៀម​រាប ដែល​បាន​រៀប​រាប់​ពី​រឿង​រ៉ាវ​អយុត្តិ​ធម៌​ក្នុង​សង្គម​ជា​ច្រើន​រាប់​តាំងពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ទុក្ខ​លំ​បាក​របស់​ពល​រដ្ឋ​ក្រីក្រ បញ្ហា​ជម្លោះ​ដីធ្លី និង​ការ​បាញ់​កាប់​សម្លាប់​ គាប​សង្កត់​លើ​ប្រជា​រាស្ត្រ​ស្លូត​ត្រង់ អ្នក​ចេះដឹ​ង និង​អ្នក​ស្នេហា​ជាតិ​ជា​ហូរ​ហែ ក្នុង​ន័យ​ជំរុញ​ឲ្យ​យុវ​ជន «ក្រោក​ឡើង​ជូត​ទឹក​ភ្នែក​ឱ្យ​ជ្រះ រួច​បន្ត​ដំណើរ​ទៅ​ទៀត»។

លោក ឈុ​ន ឌី​ម៉ី បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា លោក​បានសម្រេច​លុប​បទ​ចម្រៀង​នេះ​ចេញវិញ ដើម្បី​កុំ​ឲ្យ​មានរឿង​វែងឆ្ងាយ និងដោយសារបារម្ភ​ពី​សុ​វត្ថិ​ភាព​ផ្ទាល់ខ្លួននិង​គ្រួសារ​ ក្រោយពី​មាន មន្ត្រី ៣ ទៅ ៥ នាក់​បាន​ចុះទៅ​សួរនាំ​ឪ​ពុក​ម្តាយ​របស់លោកដល់ផ្ទះ​នៅ​ភូមិ​ត្រពាំង​សេះ​សង្កាត់​គោកចក។

លោក​ថា៖ «ខ្ញុំ​បាន​លុប​បទ​ច​ម្រៀ​ង​របស់ខ្ញុំ​ចេញ​ហើយ រួច​ខ្ញុំ​នឹង​បញ្ឈប់​រឿង​ហ្នឹង ​កុំ​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង។​ ខ្ញុំ​នឹង​ឈប់​ធ្វើ​បទ​ច​ម្រៀ​ប​បែប​ហ្នឹង​ទៀត បែរមក​ធ្វើ​ចម្រៀង​បែប​មនោ​ស​ញ្ចេ​តនា លើក​ទឹក​ចិត្ត​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​ចេះ​ស្រ​ឡាញ់​គ្នានិ​ង​ចេះ​រួម​សាម​គ្គី​គ្នា​វិញ សូម​ឲ្យ​ស្ងប់​ស្ងាត់​ព័ត៌​មាន​នេះ​វិញ​ទៅ បើ​បទ​ចម្រៀង​ខ្ញុំ​នេះ វា​មាន​បញ្ហាខ្ញុំ​សុំ​បញ្ចប់​បញ្ហា​នេះ​វិញ»។

លោក សួស ណារិន អ្នកស៊ើប​អង្កេត​សមា​គម​ការពារ​សិទ្ធិម​នុស្ស​អាដហុក​ខេត្ត​សៀ​មរាបបាន​ថ្លែង​​​ពី​ម្សិលមិញ​ថា លោក​នឹង​ស៊ើបអង្កេត​ករណី​នេះ។ ប្រសិនបើ​មានការគំរាមមែន ​នោះ​បង្ហាញ​ថា​ សេរី​ភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ត្រូវ​បាន​បិទ​ទាំង​ស្រុង។

លោក​ថា៖​ «បទ​ចម្រៀង​មួយ​នេះ មិន​មាន​ចេត​នា​អាក្រក់​ណាមួយ​ទេ វា​គ្រាន់​តែ​បង្ហាញ​ពី​ការ​ពិត​កើត​ក្នុងសង្គម​មួយ​នេះ​ ដើម្បី​កែ​លម្អ​ប៉ុណ្ណោះ។ ខ្ញុំមិន​ទាញ​ចូល​រឿង​នយោ​បាយ​អី​ទេ គ្រាន់​តែ​បញ្ជាក់​ថា ទង្វើ​នេះ​ វា​នឹង​ធ្វើ​ឲ្យ​យុវ​ជន​យើង​បាក់​ស្បាត​លែង​ហ៊ាន​និយាយ»។

យ៉ាង​ណា​ក្ដី ក្រៅ​តែពី​រៀបរាប់​ពី​ភាពអយុត្តិ​ធម៌​ រឿង​ដីធ្លី និង​ការធ្វើ​បាប​ពលរដ្ឋ​ស្លូត​ត្រង់ ​បទ​ចម្រៀង​នេះ ក៏បាន​រៀប​រាប់់​ពី​ភាព​អវិជ្ជមាន​កើត​ឡើង​គ្រប់​ទិស​ទីផងដែ​រដូច​ជា ការស្រែក​ទ្រ​ហោយំ​​ទឹកភ្នែក​ស្រក់​លើ​ធរណីនិ​ង​បង្ហាញ​ពី​ការ​លើក​ដៃ​អង្វរ​ករ​អ្នក​មាន​អំណាច​ឲ្យ​ឈប់​ធ្វើ​បាប​រាស្ត្រ​ខ្មែរ​ស្លូត​ត្រង់​តទៅ​ទៀត​ជាដើម។

លោក ទិ​ត្យ ណា​រ៉ុង ស្នង​ការ​នគរ​បាល​ខេត្ត​សៀមរាប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន ការ​ដែល​អាជ្ញាធរ​មាន​ចំណាត់​ការ​ ព្រោះ​បទ​ចម្រៀង​នេះធ្វើ​ឲ្យ​ប៉ះពាល់​រដ្ឋាភិ​បាល​ទើប​មាន​ការ​បញ្ឈប់​និង​តម្រូវ​ឲ្យ​លុប​បទ​ចម្រៀង​​នេះ​កុំ​ឲ្យ​ផ្សព្វផ្សាយ​បន្ត​ទៀត។

លោក​បញ្ជាក់​ថា៖​ «ករណី​នេះ ​ខាង​ខ្ញុំ​មិន​ដឹង​ទេ តែ​រឿង​នេះ គាត់​ច្រៀង​នៅ​សង្កាត់​គោក​ចកហើយ​បង្ហាញ​នៅ​អាយូធូប ហើយ​វា​ប៉ះពាល់​ដល់​រដ្ឋាភិបាល។ តែ​មិន​ដឹង​ប៉ះពាល់​អី​ខ្លះ​ទេ ព្រោះ​ខ្ញុំ​មិន​បាន​ស្តាប់។ អា​ករណីនេះ​ ប៉េ​អឹម​ខេត្ត គាត់​នាំខ្លួន​យក​ទៅ​សួរនាំ អ៊ីចឹង​ទាក់ទង​លម្អិត​អី​ទៀត​ទាក់ទង​ប៉េអឹម​ទៅ»។

លោក អ៊ុយ ច​យ នាយ​កា​រិ​យា​ល័យ​ព្រហ្ម​ទណ្ឌ​នៃ​កង​រាជ​អាវុ​ធហត្ថ​ខេត្ត​សៀមរា​ប ​អះអា​ងថា មិន​បាន​ដឹង​ករណី​នេះ​ទេ ខណៈ​ លោក រិ​ន ម៉ុ​ន មេ​ប៉ុស្តិ៍​សង្កាត់គោក​ចក​ មិន​លើក​ទូរ​ស័ព្ទ។ ប៉ុន្តែ លោក ឡុង សុជាតិ នាយ​រង​ប៉ុស្តិ៍​សង្កាត់​គោក​ចក​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា លោក​ក៏​ទទួល​បាន​ព័ត៌មាន​ថា​មាន​ប៉េ​អឹម​មួយ​ក្រុម​ចុះទៅ​សួរនាំ​ដល់​ផ្ទះ​យុវ​ជន​រូបនោះ​ដែរ​ តែ​មិន​ដឹងថា​ ភាគី​ណា​ឲ្យ​ច្បាស់​លាស់​ទេ។

លោក​ថា៖​ «តាម​ឮមិន​ច្បាស់​ការ​ដែរថា​អាវុធ​ហត្ថ តែ​អាវុធ​ហត្ថ​ច្រើន​ណាស់ មិន​ដឹង​ថ្នាក់​ដឹក​នាំ​ណា​មួយ​ខ្ញុំ​កំពុង​ស៊ើប​ដែរ ដូច្នេះ​មិន​អាច​និ​យាយ​អ្វី​បាន​ច្បាស់ ព្រោះ​ចំពោះ​ខ្ញុំ​មូលដ្ឋាន​ មិន​ទាន់​បាន​ចុះ​ទៅ​ផ្ទះ​យុវជន​នោះ​ទេ»។

លោក​មេ​ធាវី​ លី ច័ន្ទ​តុលា បាន​ថ្លែង​ថា ​តាមច្បាប់​កម្ពុជា​គឺវា​អាស្រ័យ​លើ​បទ​ចម្រៀង​ថា​មាន​អត្ថ​ន័យ​បែប​ណា?​ប្រសិន​បើ​ខ្លឹមសា​រ​បង្កកា​រ​រើសអើង​និងកា​រញុះញ​ង់ដល់​អ្នក​ស្តាប់ នោះ​ច្បាស់​ណាស់ ត្រូវ​តែ​មាន​វិធានការ។

ទោះ​ជា​យ៉ា​ង​ណា ក្រោយ​ប្រកាស​លុប​បទ​ចម្រៀង​មួយ​បទ​នេះ លោក ឈុន ឌី​ម៉ី ដែល​ជា​និស្សិត​ឆ្នាំ​ទី១ ផ្នែក​ព័ត៌មានវិទ្យា​រូបនេះ​បានប​ញ្ជាក់​ថា​ ការតាក់​តែង​បទ​ចម្រៀង​នេះ​ឡើង​ គឺ​គ្មាន​ការជំរុញ​ពី​ក្រុម​ណា​នោះទេ តែ​កើត​ចេញពី​ឆន្ទៈ​ផ្ទាល់​ខ្លួន បន្ទាប់​ពី​សង្កេត​ឃើញ​ទិដ្ឋភាព​ទាំងនេះ​ជាក់ស្ដែង​នឹង​ភ្នែក​ដែល​ធ្វើ​ឲ្យ​លោក​មានចិត្ត​ចង់​បង្កើត​វា​ឡើង​ដើម្បី​ដាស់​ស្មារ​តី​ប្រជាជន​ឬក៏​ក្រើន​រំឭក​ក្មេងៗ​ឱ្យ​បាន​ស្ដាប់​ពី​ភាព​ឈឺ​ចាប់​របស់​ពលរដ្ឋ​រង​គ្រោះ៕