ពោធិ៍សាត់ៈ ​នគរបាល​ស្រុក​បាន​បញ្ជូន​យុវជន​ម្នាក់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ពី​រសៀល​ម្សិលមិញ បន្ទាប់ពី​ចាប់ខ្លួន​ភ្លាមៗ​តាម​បណ្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ​កាលពី​ថ្ងៃទី​ ៦ ​កញ្ញា​ ពាក់ព័ន្ធ​​ពី​បទ​រំលោភ​សេពសន្ថវៈ​ក្មេងស្រី​អាយុ​ ៤ ​ឆ្នាំ ប្រព្រឹត្ត​នៅ​ភូមិ​រហាទិល ឃុំ​តាលោ ស្រុក​តាលោសែនជ័យ​។

លោក ហែម មុនី អធិការនគរបាល​ស្រុក​តាលោសែនជ័យ ថ្លែង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ វ៉ុន ស៊ីហៃ អាយុ​ ២០ ​ឆ្នាំ រីឯ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ស.ថ អាយុ​ ៤ ​ឆ្នាំ ពួកគេ​រស់នៅ​ក្នុង​ភូមិ-ឃុំ​កើតហេតុ​ខាងលើ​។

លោក​បន្តថា ជនសង្ស័យ​បាន​សារភាព​អំពី​ការប្រព្រឹត្ត​ទៅលើ​ក្មេងរងគ្រោះ​អស់ហើយ គឺ​ស៊ីចង្វាក់​គ្នា​ទៅ​នឹង​បណ្តឹង​របស់​ម្តាយ​ក្មេងរងគ្រោះ​។ «​ក្រៅពី​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​រំលោភ​សេពសន្ថវៈ​ជនសង្ស័យ​ក៏​ពាក់ព័ន្ធ​នឹង​ការប្រើ​គ្រឿងញៀន​ដែរ ព្រោះ​ក្នុង​ទឹកនោម​គាត់​មាន​ផ្ទុក​សារធាតុ​ញៀន​»​។

លោក មុនី ប្រាប់​តាម​សម្តី​ជនសង្ស័យ​ដែល​ធ្លាប់​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ ហើយ​បាន​ប្រើប្រាស់​គ្រឿងញៀន​ថា ជននេះ​ទើបតែ​មក​ស្រុក​បានតែ​កន្លះ​ខែ​ប៉ុណ្ណោះ​ក៏​កើតមាន​ហេតុការណ៍​នេះ​។ តែ​ជននេះ​ថា រូបគេ​នៅផ្ទះ​មិន​បាន​ប្រើ​គ្រឿងញៀន​ទេ​។ នៅវេលា​ម៉ោង​ជាង​ ៨ ​ព្រឹក​ថ្ងៃទី​ ៦ ​កញ្ញា ក្មេងស្រី​រងគ្រោះ​បាន​ទៅលេង​ផ្ទះ​ជនសង្ស័យ​ដែល​ផ្ទះ​របស់​ពួកគេ​នៅ​ចម្ងាយ​ពីគ្នា​តែ​ប្រមាណ ៤០ ​ម៉ែត្រ​ប៉ុណ្ណោះ​។

លោក​ថា ពេលនោះ​ជនសង្ស័យ​បាន​បបួល​ក្មេងរងគ្រោះ​ទៅ​ខាងក្រោយ​ផ្ទះ​របស់​ខ្លួន ដើម្បី​បេះ​ផ្លែ​ត្របែក​ហើយ​ជនសង្ស័យ​បាន​ចាប់​ក្មេងស្រី​រងគ្រោះ​រំលោភ​សេពសន្ថវៈ​តែម្តង​។ បន្ទាប់ពី​បាន​ទទួល​រង​នូវ​ការចាប់រំលោភ ក្មេងស្រី​រងគ្រោះ​បាន​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ស្រែកយំ​ផង​។

ដោយមាន​ការសង្ស័យ ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​សួរ​កូន ប៉ុន្តែ​ក្មេងរងគ្រោះ​មិនចេះ​និយាយ​រៀបរាប់​ដូច​មនុស្ស​ពេញវ័យ​បាន គិត​តែ​ពី​យំ ហើយ​ដៃ​ចង្អុល​ទៅ​ប្រដាប់ភេទ​របស់​នាង​។ ក្មេង​រងគ្រោះ​មាន​ស្នាម​ជាំ​នៅ​ត្រង់​ប្រដាប់ភេទ​។ ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម កម្លាំង​នគរបាល​ឃុំ​បាន​ចុះ​ដល់​ផ្ទះ​ជនសង្ស័យ ហើយ​ក៏​នាំខ្លួន​មក​សាកសួរ​តែម្តង​៕