ភ្នំពេញៈ ដោយសារតែមានចិត្តស្រឡាញ់បរិស្ថាន ចង់ឲ្យទីក្រុងស្អាតមានសោភណភាពល្អ និងចង់ផ្ញើសារទៅអ្នកដែលតែងតែមានទម្លាប់បោះចោលសំរាមពាសវាលពាសកាលនោះឲ្យងាកមកវិចខ្ចប់សំរាមហើយដាក់ចូលទៅក្នុងធុងសំរាមឲ្យបានត្រឹមត្រូវយុវជន ១ ក្រុម ដែលមានគ្នាពី ១៥ ទៅ ៣០ នាក់ បានចេញមកប្រមូលសំរាមទាំងយប់ទាំងថ្ងៃ ដែលអណ្តែតឡើងខាប់ នៅក្នុងប្រឡាយលូទឹកស្អុយបឹងត្របែក ។
ក្រុមយុវជនស្ម័គ្រចិត្តទាំងនេះដែលមកពីមជ្ឈដ្ឋានផ្សេងៗគ្នា ហើយបានទាក់ទងគ្នាមកចូលរួមធ្វើការងារសង្គមនេះ តាមរយៈបណ្តាញសង្គមហ្វេសហ៊ុកបានធ្វើសកម្មភាពប្រមូលសំរាមទាំងយប់ទាំងថ្ងៃចេញពីលូទឹកស្អុយបឹងត្របែកនេះ មានរយៈពេល ១២ ថ្ងៃមកហើយ។
ក្នុងរយៈពេល ១២ ថ្ងៃមកនេះ ពួកគេប្រមូលសំរាមចេញពីប្រឡាយទឹកស្អុយបឹងត្របែកបានជិត ៤០ តោនខណៈសកម្មភាពនេះបានធ្វើតាំងពីព្រឹករហូតដល់ជិតពាក់កណ្តាលយប់ ប៉ុន្តែ ព្រលឹមឡើង សំរាមនៅតែបន្តអណ្តែតត្រៀបត្រាឡើងខាប់ពេញ ផ្ទៃប្រឡាយដដែល។
លោក អិុន រតនា អាយុ ២២ ឆ្នាំ ដែលទើបតែបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ជាអ្នកសកម្មម្នាក់ ក្នុងចំណោមយុវជនស្ម័គ្រចិត្តចុះប្រមូលសំរាមក្នុងលូទឹកស្អុយទាំងនេះ បានឆ្លៀតឆ្លើយតបជាមួយភ្នំពេញប៉ុស្តិ៍ តាមឆាតហ្វេសប៊ុក ខណៈកំពុងជាប់ប្រមូលសំរាមកាលពីម្សិលមិញថា កត្តាដែលជំរុញឲ្យពួកខ្លួនធ្វើការប្រមូលសំរាមពីក្នុងប្រឡាយដែលមានក្លិនស្អុយនេះ ព្រោះតែខ្លួនស្រឡាញ់បរិស្ថានចង់ឲ្យទីក្រុងមានសោភ័យភាព និងចង់ឲ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ ពីផលប៉ះពាល់នៃសំរាម តាមរយៈមិនបោះសំរាមចូលទៅក្នុងលូ និងទុកសំរាមឲ្យបានត្រឹមត្រូវ។
រតនា ដែលមានឈ្មោះក្នុងគណនីហ្វេសប៊ុក Kodomo ដែលបានដាក់បង្ហោះរូបជាច្រើនពីសកម្មភាពប្រមូលសំរាម ហើយសព្វថ្ងៃមិនទាន់រកការងារបានធ្វើនៅឡើយបន្ទាប់ពីរៀនចប់ បាននិយាយថា៖ «ចង់ឲ្យអ្នករើសច្រើនជាងអ្នកបោះសំរាម ហើយសាររបស់ពួកខ្ញុំ គឺចង់ផ្ញើទៅអ្នកបោះចោលសំរាម ត្រូវវេចខ្ចប់ ដាក់ចូលក្នុងធុងសំរាម ហើយចង់ឲ្យមានការយល់ដឹង អំពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ចៀសវាងការបោះសំរាមចូលលូបន្តទៀត»។
យុវជនម្នាក់ទៀតឈ្មោះ តេង វាសនា ជាសិល្បករមួយរូប និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកទេសចរណ៍ ដែលបានចូលរួមសកម្មភាពប្រមូលសំរាមក្នុងទឹកស្អុយបឹងត្របែកនេះដែរបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញដែរថា រហូតមកដល់ពេលនេះ សំរាមនៅតែបន្តមាននៅក្នុងប្រឡាយ បើទោះជាមួយរយៈចុងក្រោយនេះ ក្រុមពួកខ្លួនដោយមានការសហការជាមួយអាជ្ញាធរ ប្រមូលជារៀងរាល់ថ្ងៃក៏ដោយ។
លោកបាននិយាយថា៖ «ទាក់ទងជាមួយសំរាមនៅក្នុងលូហ្នឹង គឺយើងចាប់ផ្តើមប្រមូលហ្នឹង ដែលកន្លែងដែលយើងចាប់ផ្តើមប្រមូលហ្នឹង គឺវាមិនសូវមានទេ តែនៅខាងលើ និងនៅខាងក្រោម ពីកន្លែងដែលយើងប្រមូលគឺនៅច្រើន។ អ៊ីចឹងយើងអត់អាចថា ពួកគាត់បោះ ឬមិនបោះសំរាមចូលទៀតទេ ព្រោះពេលខ្លះ យើងប្រមូលខាងក្រោម វាហូរពីខាងលើថែមទៀតទៅ»។
វាសនា និយាយទៀតថា៖ «បើផ្តោតជារួម ថា ទាល់តែសំរាមហ្នឹងអស់ពីលូ ដែលយើងមិនដឹងថា នឹងមានរយៈពេលប៉ុន្មានទៀតទេ ហើយបើយើងធ្វើប៉ុណ្ណឹងហើយគាត់ (ពលរដ្ឋ) នៅតែបោះចូល យើងសម្អាតទៀត យើងនៅតែបន្តទៀត»។
លោក ដួង ច័ន្ទសារ៉ាត ប្រធានអង្គភាពលូទឹក បូមទឹក និងស្ថានីយចម្រោះសម្អាតនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានថ្លែងគាំទ្រចំពោះសកម្មភាពរបស់យុវជនទាំងនេះ និងចង់ឃើញយុវជនកាន់តែច្រើនថែមទៀត មកចូលរួមសកម្មភាពប្រមូលសំរាមនេះបន្តទៀត។
លោកបន្ថែមថា សកម្មភាពរបស់យុវជនទាំងនេះ មិនត្រឹមតែជួយសម្រួលដល់មន្ត្រីរដ្ឋាភិបាល ដែលមានភារៈក្នុងការទុកដាក់សំរាមនេះប៉ុណ្ណោះទេ ថែមទាំងជាសារមួយជួយដាស់ស្មារតីរបស់ប្រជាពលរដ្ឋទូទៅ ឲ្យបញ្ឈប់ការបោះចោលសំរាមពាសវាលពាសកាលផងដែរ។
លោកបានបញ្ជាក់ថា៖ «ជាសារមួយដែរ ពញ្ញាក់ដល់អារម្មណ៍ពលរដ្ឋយើង ជាពិសេសអ្នករស់នៅតាមប្រឡាយហ្នឹង រួមទាំងប្រឡាយដទៃទៀតទូទាំងរាជធានីភ្នំពេញ ឲ្យពួកគាត់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ហើយសង្ឃឹមថា គាត់បន្តសកម្មភាពបន្តទៀត។ តាមសង្កេតមើល ខ្ញុំបានណែនាំពួកគាត់តាំងពីឆ្នាំ ១៩៩០ ជាងឯណោះ ហើយខ្ញុំចូលរួមផ្សព្វផ្សាយនៅតាមសាលារៀន ហើយនៅតែបន្តរហូត ពលរដ្ឋនៅតែមិនទាន់បានយល់ច្បាស់នៅឡើយទេ ព្រោះសកម្មភាពចោលសំរាមនៅតែមាន»។
បើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្នុង ១ ឆ្នាំ សំរាមប្រមាណជាង ១ ម៉ឺនតោន ដែលពលរដ្ឋបានបោះចូលក្នុងប្រឡាយ ត្រូវបានប្រមូលចេញពីប្រឡាយទឹកស្អុយនេះ ខណៈសំរាមជាសំណល់រឹងនៅកម្ពុជា បានកើនឡើងដល់ជិត ១ លានតោនកន្លះកាលពីឆ្នាំ ២០១៧៕